មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ

  • Home
  • Cambodia
  • Suong
  • មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ

មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ Tbaung Khmum Provincial Department of Information, Kingdom of Cambodia
www.pditbaungkhmum.org

មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាឱ្យពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២...
07/08/2026

មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាឱ្យពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២៦

(ខេត្តត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងដាក់ចេញនូវផែនការការពារសន្តិសុខ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហាន សរុបប្រមាណជិត ២០០នាក់។

ក្រៅពីការបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅសម្រាប់ខែសីហា អង្គប្រជុំបានផ្ដោតសំខាន់លើការផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពបំផុត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអាវុធហត្ថ ដែលត្រូវប្រចាំការតាមមណ្ឌលប្រឡងនីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនគណៈមេប្រយោគ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចាប់តាំងពីពេលចូលរហូតដល់បញ្ចប់ការប្រឡង។

ទន្ទឹមនឹងនេះ លោកមេបញ្ជាការបានដាក់ចេញនូវការងារសំខាន់ៗមួយចំនួនរួមមាន៖
១. ត្រូវចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅជុំវិញបរិវេណមណ្ឌលប្រឡងទាំង ១០ សូមកុំប្រើប្រាស់ឧបករណ៍បំពងសម្លេងគ្រប់ប្រភេទ ដែលអាចបង្កការរំខានដល់ការប្រមូលអារម្មណ៍របស់បេក្ខជនក្នុងពេលប្រឡង។

២. ត្រូវបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់រាល់សកម្មភាពរបស់ជនឆ្លៀតឱកាស ដែលអាចបង្កបទល្មើសផ្សេងៗ ដូចជាការឆក់ប្លន់ទ្រព្យសម្បត្តិ ឬការបន្លំលួចយកមធ្យោបាយធ្វើដំណើរ (ម៉ូតូ) របស់សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាដើម។

សូមបញ្ជាក់ថា តាមរយៈការរៀបចំផែនការយ៉ាងហ្មត់ចត់នេះ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធានាថា បេក្ខជនប្រឡងទាំងអស់ នឹងអាចបញ្ចប់ការប្រឡងរបស់ខ្លួន ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងភាពជឿជាក់បំផុត៕

សម្រួលអត្ថបទព័ត៌មាន ដោយ ៖ អារុណ្ណាទី
ប្រភពព័ត៌មានពី ៖ បញ្ជាការដ្ឋានអាវុធហត្ថខេត្តត្បូងឃ្មុំ

ពិធីដង្ហែរវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ឆ្ពោះទៅកាន់ទីតាំងបញ្ចុះសពនៅវត្ត...
07/08/2026

ពិធីដង្ហែរវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ឆ្ពោះទៅកាន់ទីតាំងបញ្ចុះសពនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស

ខេត្តកំពង់ចាម៖ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ក្រុមគ្រួសារ សាច់ញាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មិត្តភក្តិ និងពុទ្ធបរិស័ទជាច្រើន បានអញ្ជើញចូលរួមក្នុងពិធីដង្ហែរវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ដែលត្រូវជាម្តាយបង្កើតរបស់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ យ៉ាងអាឡោះអាល័យក្រៃលែង។

ពិធីដង្ហែរវិញ្ញាណក្ខន្ធសព បានប្រព្រឹត្តទៅដោយក្តីសោកសង្រេង និងគោរពយ៉ាងជ្រាលជ្រៅ ដោយដង្ហែរចេញពីគេហដ្ឋានសព ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ឆ្ពោះទៅកាន់ទីតាំងចេតិយសម្រាប់បញ្ចុះសព ស្ថិតនៅបរិវេណវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសដ៏សោកសៅនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកចូលរួមទាំងអស់ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំជាមួយលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ និងក្រុមគ្រួសារ ព្រមទាំងបានបួងសួងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមហាឧបាសិកា មិន ស៊ីហ៊ាប សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

សូមបញ្ជាក់ថា មហាឧបាសិកា មិន ស៊ីហ៊ាប បានទទួលមរណភាពកាលពីថ្ងៃអង្គារ ០៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយជរាពាធ៕

រូបភាព ដោយ ៖ ហុីម លុកម៉ាន
អត្ថបទ និងវិដេអូ ផ្សព្វផ្សាយ ដោយ ៖ ហេង វិច្ឆិកា

អនុព័ន្ធយោធាឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម និងផ្តល់ជំនួយឧបត្ថម្ភដល់សមាគមរ៉ាហ្វាតអាន់នូរ នៅខេត្តត្បូងឃ្មុំ(ខេត្តត្បូងឃ្មុំ)...
07/08/2026

អនុព័ន្ធយោធាឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម និងផ្តល់ជំនួយឧបត្ថម្ភដល់សមាគមរ៉ាហ្វាតអាន់នូរ នៅខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ) ៖ លោកវរសេនីយ៍ឯក Agung Budi Asmara (អាហ្គុង បាឌី អាស្មារ៉ា) អនុព័ន្ធយោធា នៃស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជាប្រធានសមាគមរ៉ាហ្វាតអាន់នូរសម្រាប់វិស័យឥស្លាមនៅកម្ពុជា ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភថវិកា ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ និងវិស័យអប់រំរបស់សមាគម។

ជំនួបនេះ បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការងារមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់វិស័យអប់រំក្នុងសហគមន៍ឥស្លាមនៅកម្ពុជា។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Agung Budi Asmara បានប្រគល់ថវិកាឧបត្ថម្ភចំពោះមុខចំនួន ១,០០០ដុល្លារអាមេរិក ជូនសមាគមរ៉ាហ្វាតអាន់នូរ និងបានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រដល់ សាលាអាន់នូរ ស្ថិតនៅភូមិតាប៉ាវ បំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមរយៈការឧបត្ថម្ភជាប្រចាំរៀងរាល់ខែ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋាន។

ឯកឧត្តម សុះ រ៉ហ្វាត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអនុព័ន្ធយោធា និងគណៈប្រតិភូអមដំណើរ ព្រមទាំងថ្លែងអំណរគុណចំពោះទឹកចិត្តមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ភាគីឥណ្ឌូនេស៊ី ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងសុខុមាលភាពរបស់សហគមន៍ឥស្លាមនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ថវិកាឧបត្ថម្ភ និងការប្តេជ្ញាបន្តគាំទ្រសាលាអាន់នូរជាប្រចាំរៀងរាល់ខែ គឺជាកាយវិការដ៏ថ្លៃថ្លា និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ ជំនួយទាំងនេះនឹងត្រូវប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពអប់រំ បង្កើនឱកាសសិក្សារបស់សិស្សានុសិស្ស និងរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងមូលដ្ឋានឱ្យកាន់តែមានគុណភាព។

ជាមួយគ្នានេះ ឯកឧត្តម សុះ រ៉ហ្វាត ក៏បានជូនពរលោកវរសេនីយ៍ឯក Agung Budi Asmara និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងបានសម្តែងក្តីសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយសហគមន៍មូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ នឹងបន្តរីកចម្រើន និងស្ថិតស្ថេរយូរអង្វែង៕

សម្រួលអត្ថបទព័ត៌មាន ដោយ ៖ អារុណ្ណាទី

អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសជលផល និងរំដោះកូនត្រីប្រមាណ ៥ម៉ឺនក្បាល លែងចូលធម្មជាតិវិញ(ខេត្តត្បូងឃ្មុំ)៖ កម្ល...
07/08/2026

អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសជលផល និងរំដោះកូនត្រីប្រមាណ ៥ម៉ឺនក្បាល លែងចូលធម្មជាតិវិញ

(ខេត្តត្បូងឃ្មុំ)៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលយ៉ាងក្តៅគគុក នៅតាមបឹងធម្មជាតិនានា ក្នុងស្រុកត្បូងឃ្មុំ ដោយរឹបអូស និងបំផ្លាញចោលឧបករណ៍ខុសច្បាប់ជាច្រើន ព្រមទាំងរំដោះកូនត្រីចម្រុះរាប់ម៉ឺនក្បាលលែងចូលក្នុងដែនទឹកធម្មជាតិវិញ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ កម្លាំងរួមប្រតិបត្តិការដឹកនាំដោយលោកនាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ, រដ្ឋបាលឃុំជីរោទិ៍១, រដ្ឋបាលឃុំជីរោទិ៍២ និងកម្លាំងយោធភូមិភាគ២ ផងដែរ។

សមត្ថកិច្ចបានចុះល្បាត និងស្វែងរកបទល្មើសនៅចំណុចបឹងក្រពើស, ស្លាបទា, បឹងត្រស់ (ស្ថិតក្នុងឃុំជីរោទិ៍១) និងបឹងក្រចាប់ (ស្ថិតក្នុងឃុំជីរោទិ៍២) ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបង្ក្រាបបានចំនួន ០១ករណី។ ក្នុងនោះ កម្លាំងជំនាញបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់នៅនឹងកន្លែង រួមមាន៖ ឧបករណ៍លូស្បៃមុង ចំនួន ១៨មាត់, របាំងស្បៃមុង ប្រវែង ៩០០ម៉ែត្រ និងបង្គោលចម្រឹង ចំនួន ២៧០ដើម។ ជាមួយគ្នានេះ កូនត្រីចម្រុះ មានទម្ងន់ ៣៦គីឡូក្រាម (ស្មើប្រមាណ ៥០,០០០ក្បាល) ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញភ្លាមៗផងដែរ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី និងបន្តដានស្រាវជ្រាវ ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុងន័យថែរក្សានិរន្តរភាពធនធានជលផល ឱ្យបានគង់វង្សសម្រាប់ប្រជាពលរដ្ឋ៕

សម្រួលអត្ថបទ ដោយ ៖ អារុណ្ណាទី

ឯកឧត្តម នេត្រ ភក្រ្តា៖ ជាង ៧ខែ ក្រោយបទឈប់បាញ់៖ ហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរប...
07/08/2026

ឯកឧត្តម នេត្រ ភក្រ្តា៖ ជាង ៧ខែ ក្រោយបទឈប់បាញ់៖ ហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេ?

"ជាង ៧ខែ បានកន្លងផុតទៅ ចាប់តាំងពីកម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (Extraordinary GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសរួមនេះ មិនត្រឹមតែប្រកាសបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាឱ្យជនស៊ីវិលនៅតំបន់រងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ"។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបន្ថែមថា ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់នៅតែបន្តរស់នៅក្នុងជំរំជនភៀសសឹក និងជម្រកបណ្តោះអាសន្ន ដោយមិនអាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនបាន។ នេះបង្ហាញថា ការប្តេជ្ញាក្រោមសេចក្តីប្រកាសរួម មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។
មូលហេតុគឺពិភពលោកបានឃើញច្បាស់បំផុត។

បន្ទាប់ពីការធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា កងទ័ពថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវផ្នែកខ្លះនៃទឹកដីកម្ពុជា ដោយផ្អែកលើផែនទីឯកតោភាគីមាត្រា ១:៥០០០០ ដែលមិនអាចជំនួសព្រំដែនអន្តរជាតិ ដែលបានកំណត់តាមអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីមាត្រា ១:២០០០០០ បានឡើយ។

ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ផងដែរថា៖ "នៅលើដីជាក់ស្តែង កងទ័ពថៃបានរាយលួសបន្លា ដាក់ទូកុងតឺន័របិទផ្លូវ និងរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅកាន់ភូមិ និងផ្ទះសម្បែងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេបានកម្ទេចផ្ទះប្រជាពលរដ្ឋ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កើតស្ថានភាពថ្មី (fait accompli) នៅលើទឹកដីកម្ពុជា។ សកម្មភាពទាំងនេះ ផ្ទុយដោយផ្ទាល់នឹងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលតម្រូវឱ្យភាគីទាំងពីរធានាការវិលត្រឡប់របស់ជនស៊ីវិល «ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ"។

សេចក្តីប្រកាសរួមក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ការព្រមព្រៀងទាំងអស់មិនត្រូវប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ ហើយបានប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) បន្តការវាស់វែង និងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ នេះមានន័យថា បញ្ហាព្រំដែនត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ និងយន្តការរួម មិនមែនតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពថ្មីនៅលើដីនោះទេ។

ដូច្នេះ ថៃត្រូវអនុវត្តដោយស្មោះត្រង់នូវសេចក្តីប្រកាសរួមដែលខ្លួនបានចុះហត្ថលេខា ដកការកាន់កាប់ដោយខុសច្បាប់ចេញពីទឹកដីកម្ពុជា បញ្ឈប់ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល និងសហការជាមួយគណៈកម្មការចម្រុះព្រំដែន ដើម្បីស្តារស្ថានភាពស្របច្បាប់ និងធានាឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
សន្តិភាពពិតប្រាកដ មិនត្រូវវាស់ដោយការបញ្ឈប់ការបាញ់ប៉ុណ្ណោះទេ។

សន្តិភាពត្រូវវាស់ដោយថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងមានសេចក្តីថ្លៃថ្នូរ។ ដរាបណាវាមិនទាន់កើតឡើង សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏នៅតែមិនទាន់ត្រូវបានអនុវត្តពេញលេញដែរ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស និងឯកអគ្គរដ្ឋទូតចិន បានលើកឡើងថាពលរដ្ឋខ្មែរទាំងនេះត្រូវតែអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន ស្របតាមច្បាប់អន្តរជាតិ៕

(រូបថត៖ ខឹម សុវណ្ណារ៉ា)
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube


សារទិវាអាស៊ាន អបអរសាទរខួបអាស៊ានលើកទី៥៩ របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ...
07/08/2026

សារទិវាអាស៊ាន
អបអរសាទរខួបអាស៊ានលើកទី៥៩ របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ASEAN DAY MESSAGE
Celebrating the 59th Anniversary of ASEAN By His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation

លោកជំទាវ ចម និម្មល អនុញ្ញាតជូន នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបពិភាក្សាការងារAKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦...
07/08/2026

លោកជំទាវ ចម និម្មល អនុញ្ញាតជូន នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦—

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។

រូបថត៖ ក្រសួងពាណិជ្ជកម្ម
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube


ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការព...
07/08/2026

ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ឆ្នាំចុងក្រោយ សម្រាប់រយៈ​ពេល ៦ខែ

(ផ្សាយឡើងវិញ)
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube


សម្តេចធិបតី អនុញ្ញាតជូន រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារAKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ...
07/08/2026

សម្តេចធិបតី អនុញ្ញាតជូន រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦—

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម YB. DATO' SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

រូបថត៖ គល់ រ៉េននី
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube


AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅភូមិស្រអែមខាងជើង ដែលជាភូមិឋានរស់នៅរបស់ប្រជាជនស៊ីវិល និងដែលរងការវាយប្រហារពីស...
07/08/2026

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅភូមិស្រអែមខាងជើង ដែលជាភូមិឋានរស់នៅរបស់ប្រជាជនស៊ីវិល និងដែលរងការវាយប្រហារពីសំណាក់យោធាថៃ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់

(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។

សូមគូសបញ្ជាក់ផងដែរថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ គឺជាផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលស្លូតត្រង់កំពុងរស់នៅ ដែលត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់ បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។

ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube


Address

73
Suong

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85592555153

Alerts

Be the first to know and let us send you an email when មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ:

Shortcuts

Share