02/09/2026
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ណែនាំឱ្យចាត់វិធានការចំពោះការប្រើប្រាស់ពលកម្មកុមារ ដែលបម្រើសេវាកម្មទាំងឡាយណាដោយមិនមានការអនុញ្ញាត
ថ្លែងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះសហគ្រាស ឬម្ចាស់អាជីវកម្មទាំងឡាយណាដែលបានប្រើប្រាស់កម្លាំងពលកម្មកុមារដោយគ្មានការអនុញ្ញាត ឬនាំយកកុមារទៅបម្រើសេវាកម្មនៅតាមទីតាំងប្រឈម ដូចជា ក្លិប ខារ៉ាអូខេ (KTV) និងអាជីវដ្ឋានផ្សេងៗ សំដៅការពារសិទ្ធិ និងសុខុមាលភាពរបស់កុមារឱ្យបានទាន់ពេលវេលា។
លោកស្រី ម៉ននី រង្សី បានណែនាំដល់ក្រុមការងារ ដោយក្នុងនោះរួមមាន ការដាក់ផែនការឱ្យក្រុមការងារជំនួយការលេខាធិការដ្ឋាន រៀបចំផលិតខិតប័ណ្ណព័ត៌មានអប់រំផ្សព្វផ្សាយ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយស្រង់ និងប្រមូលផ្តុំនូវខ្លឹមសារសង្ខេបចេញពីក្រុមការងារបច្ចេកទេសទាំង៦ នៃ គ.ខ.ប.ជ. ដើម្បីចែកចាយបង្កើនការយល់ដឹងដល់សាធារណជន។ បន្ថែមពីនេះ ត្រូវពង្រឹងការគ្រប់គ្រងទិន្នន័យពលរដ្ឋចំណាកស្រុកឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងកំណត់កាលបរិច្ឆេទច្បាស់លាស់ ព្រមទាំងពិនិត្យមើលសមាសភាពចូលរួមក្នុងកិច្ចប្រជុំ និងការបញ្ជូនរបាយការណ៍មកក្រុមការងារឱ្យបានទាន់ពេលវេលា។
លោកស្រីក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរក្នុងខែកន្លងមក។ ពិតណាស់កិច្ចខិតខំប្រឹងប្រែងនេះ បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរខេត្តសៀមរាប ក្នុងការកសាងសង្គមមួយដែលគ្មានការជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្មកុមារ និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕