18/08/2026
ផ្ទះ ចំនួន ៤ខ្នង(លេខរៀងទី២៨៣-២៨៦) និងបង្គន់អនាម័យ ចំនួន ២(លេខរៀងទី២៣៥-២៣៦) ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារងាយរងគ្រោះ និងគ្រួសាររងហានិភ័យ នៅស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង ...!!!
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចុះប្រគល់ផ្ទះ ៤ខ្នងផ្ទះ ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាខេត្ត ផ្តល់ជូនដល់គ្រួសារក្រីក្រ ១គ្រួសារ នៅឃុំកោះចេក(ផ្ទះទី២៨៣) ស្រុកពាមជរ និងចាស់ជរាឥតទីពឹង ១គ្រួសារ នៅឃុំព្រែកខ្សាយ(ខ) (ផ្ទះទី២៨៤ និងលេខកូដបង្គន់ ២៣៥) គ្រួសាររងហានិភ័យ ១គ្រួសារ នៅភូមិជោគជ័យ(ផ្ទះទី២៨៥) និងគ្រួសាររងហានិភ័យ ១គ្រួសារ នៅភូមិបាបោង(ផ្ទះទី២៨៦ និងលេខកូដបង្គន់ ២៣៦) ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម-គ្រុនឈីក សុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សរុបអ្នកចូលរួមចំនួន ១៦២នាក់ ស្រី ៨៣នាក់។
ក្រៅពីការប្រគល់ផ្ទះ សម្ភារៈផ្តល់ជូនបន្ថែមរួមមាន៖
-សាខាខេត្ត៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។
-សាខាខេត្ត បានឧបត្ថម្ភកង់ ជូនដល់កូនៗ របស់គ្រួសារទទួលផលផ្ទះ នៅភូមិជោគជ័យ ១គ្រឿង និងភូមិបាបោង ១គ្រឿង ឃុំបាបោង ស្រកពាមរក៍ សម្រាប់ធ្វើដំណើរទៅមកសាលារៀន។
-សម្ភារៈអនុសាខាស្រុកពាមជរ ផ្តល់ជូនបន្ថែមរួមមាន ៖ ចង្ក្រាន ១ កន្ទេល ១ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត និងថវិកាចំនួន ១០០,០០០រៀល។
-សម្ភារៈអនុសាខាស្រុកពាមរក៍ ចូលរួមបន្ថែម ១គ្រួសារ ទទួលបាន៖ អង្ក ២៥គ.ក មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ១០០,០០០រៀល។
សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាដល់លោកយាយ លោកតា ចូលរួមក្នុងកម្មវិធីផងដែរ។
គណៈកម្មាធិការសាខាខេត្ត និងក្រុមការងារអនុសាខាស្រុក បានដាំដើមឈើ ទុកជាអនុស្សាវរីយ៍ នៅបរិវេណផ្ទះគ្រួសារទទួលផល សរុបចំនួន ១០ដើម(ដើមស្វាយ ៥ដើម ដើមមៀន ២ដើម និងដើមខ្នុរ ៣ដើម)។
បញ្ជាក់៖ គិតត្រឹមថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៦ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៨៦ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២៣៦បង្គន់។
ប្រភពមកពី÷ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង