04/08/2026
ខ្ញុំបាទ និងក្រុមគ្រួសារ សូមការអនុញ្ញាតគោរពសម្តែងនូវមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរដ៏ខ្ពង់ខ្ពស់បំផុត គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
នៅក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចតេជោ ដែលត្រូវបានប្រជាជនកម្ពុជាចាត់ទុកជា "បិតាស្ថាបនិកសន្តិភាព និងជាបិតាឯកភាពជាតិកម្ពុជា" បានយកអស់កម្លាំងពលំ ប្រាជ្ញាស្មារតី ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងសូម្បីជីវិតសម្តេចផ្ទាល់ ក្នុងការរំដោះប្រទេសពីរបបវាលពិឃាត និងដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីពន្លត់បានទាំងស្រុងនូវសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, ឯកភាពជាតិទឹកដី និងសន្តិភាពពេញបរិបូរណ៍នៅទូទាំងផ្ទៃប្រទេស ជាពិសេស ក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា សម្តេចតេជោ បានបំពេញនូវបេសកកម្មដ៏ឧត្តុង្គឧត្តម និងមានតម្លៃបំផុត ក្នុងការដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល និងក្នុងនាមជាព្រះរាជតំណាង “ប្រមុខរដ្ឋស្ដីទី” ឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ គួរឲ្យស្ងប់ស្ងែងជាទីបំផុត។
ស្ថិតក្នុងឱកាសវេលាដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមេត្តាសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្របំផុត និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ៕