អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ បានធ្វើការត្រួតពិនិត្យ...
02/09/2026

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ បានធ្វើការត្រួតពិនិត្យអ្នកដំណើរភេទប្រុស សញ្ជាតិម៉ាឡេស៊ី ១នាក់ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកោះតៃវ៉ាន់។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីគយនិងរដ្ឋាករបានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភារៈរបស់អ្នកដំណើរខាងលើ។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយ មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀនមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានគយនិងរដ្...
31/08/2026

នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានរៀបចំកិច្ចប្រជុំរវាង អគរ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ផា អេងវ៉េង អគ្គនាយករង និងជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អគរ និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC ដោយមានការចូលរួមពីអនុប្រធាន និងសមាជិក FASMEC ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាង អគរ និង FASMEC ដែល​បានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង​ភាគី​ទាំងពីរ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) អំពីបទប្បញ្ញត្តិ និងនីតិវិធីគយ សម្រួលពាណិជ្ជកម្ម គាំទ្រការអភិវឌ្ឍសមត្ថភាពប្រកួតប្រជែង និងពង្រឹងភាពជាដៃគូរវាងរដ្ឋបាលគយ និងវិស័យឯកជន។

ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណចំពោះ អគរ ដែលបានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងសំណូមពររបស់ SMEs។ ជាការឆ្លើយតប លោក ផា អេងវ៉េង បានសម្តែងការស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងសមាជិក FASMEC ព្រមទាំងបានជម្រាបជូនអង្គប្រជុំអំពីយន្តការដែល អគរ បាននិងកំពុងអនុវត្តក្នុងការទទួល ពិភាក្សា និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់វិស័យឯកជន។

អង្គប្រជុំបានពិភាក្សាលើសំណើ បញ្ហាប្រឈម និងសំណូមពរចំនួន ៥ របស់វិស័យសហគ្រាសធុនតូច​និងមធ្យម ដែលពាក់ព័ន្ធនឹង៖ (១) នីតិវិធីបំពេញបែបបទគយ​សម្រាប់ការនាំចេញនិងនាំចូល, (២) ការនាំចូលគ្រឿងម៉ាស៊ីន និងសម្ភារបរិក្ខារបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម, (៣) ការកំណត់មុខទំនិញនាំចូលឱ្យស្របតាមប័ណ្ណប៉ាតង់, (៤) យន្តការ ស្នើសុំការលើកទឹកចិត្តពន្ធនិងអាករ និង (៥) ការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីគយសម្រាប់ SMEs។ ជាលទ្ធផល អង្គប្រជុំបានពិភាក្សានិងដោះស្រាយបញ្ហាចំនួន ៣ ប្រកបដោយបរិយាកាសស្ថាបនា និងយោគយល់គ្នា ដោយឡែកបញ្ហាចំនួន ២ ទៀត តម្រូវឱ្យបន្តសម្របសម្រួល​ដោះស្រាយនៅកម្រិតអន្តរស្ថាប័ន។

ជាមួយគ្នានេះ អគរ និង FASMEC បានបញ្ជាក់ការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ស្របតាមអនុស្សរណៈ នៃការយោគយល់គ្នា តាមរយៈយន្តការពិគ្រោះយោបល់ទ្វេភាគី និងកិច្ចប្រជុំតាមការចាំបាច់ ដើម្បីពិនិត្យ និងដោះស្រាយ បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។ ភាគីទាំងពីរក៏នឹងបន្តសហការលើការផ្សព្វផ្សាយបទប្បញ្ញត្តិ និងនីតិវិធីគយ ការសម្រួលពាណិជ្ជកម្ម និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការបំពេញបែបបទបញ្ចេញទំនិញពីគយ៕

នាព្រឹកថ្ងៃ​សៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ភិន សុភារក្ស ប្រធាន​នា...
29/08/2026

នាព្រឹកថ្ងៃ​សៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ភិន សុភារក្ស ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រងការនាំចេញ​ ​តំណាងដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះ​សំណាល​​សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌​របស់​​សមាគមសង្គហមិត្តមន្ត្រី​រាជការ នៃ​​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បីផ្ដល់ជូនអង្គការមូលនិធិកុមារ និង​និស្សិតក្រីក្រកម្ពុជា ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​
អំណោយសប្បុរសធម៌​ដែលសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកទៅជូនអង្គការមូលនិធិកុមារ និង​និស្សិតក្រីក្រកម្ពុជា រួមមាន៖ អង្ករ ចំនួន ១តោន, មី REEVA ចំនួន ២០ កេស, ត្រីខ Lily ចំនួន​ ៥ កេស, ទឹកដោះគោខាប់ ចំនួន ៥ កេស, ទឹកដោះគោ ANGKOR MILK ចំនួន ១០ កេស, កាហ្វេ 3 IN 1 ចំនួន ១ កេស, ​ទឹកក្រូច V-COLA ចំនួន ៥ កេស, ទឹកស៊ីអ៊ីវដបតូច ចំនួន ១ កេស, ទឹកត្រី ចំនួន ៥ យួរ, សាប៊ូម្សៅ ចំនួន ៣ កេស, សាប៊ូដុំ ចំនួន ៣ កេស, ស្ករស ចំនួន ៥០ គីឡូ, អំបិល ចំនួន ៥០ គីឡូ, ច្រាស់ដុសធ្មេញ ចំនួន ១០០ ដើម, ថ្នាំដុសធ្មេញ ចំនួន ១០០ ទីប, កាតាប KIT សិក្សា ចំនួន ៣៥ ឈុត ព្រមទាំងថវិកាចែកជូនអង្គការចំនួន ២,០០០,០០០រៀល , បុគ្គលិកចំនួន ១៨នាក់ដែលម្នាក់ៗ​ទទួលបាន ៥០,០០០រៀល , និងសិស្ស កុមារ និងអ្នកស្នាក់អាស្រ័យចំនួន ៩៨នាក់ដែលម្នាក់ៗទទួលបាន ២០,០០០រៀល។
ក្នុង​នាម​ក្រុមការងារសប្បុរសធម៌ លោក​ប្រធាន​នាយកដ្ឋាន​បានសម្តែង​សេចក្តីសោមនស្សរីករាយ ព្រម​ទាំង​បាន​ពាំនាំ​នូវសេចក្ដី​នឹក​រលឹក​ និង​​ការ​ផ្ដាំ​ផ្ញើសាកសួរសុខទុក្ខ​ពី​សំណាក់​​​ឯកឧត្តម​បណ្ឌិត គុណ ញឹម និង​លោក​ជំទាវ ​ជូន​ដល់​ក្មួយៗជាកុមារ សិស្ស-និស្សិត ចាស់ទុំដែលស្នាក់នៅ និង​បុគ្គលិកអង្គការទាំង​អស់​។​ ក្នុង​ឱកាស​នោះ​ដែរ​ លោក​ប្រធាននាយកដ្ឋាន​ក៏​បានថ្លែងនូវ​​ការ​​​កោត​សរសើរ និង​ថ្លែង​អំណរគុណ​​​​ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ ដែលបានលះ​បង់​​កម្លាំងកាយចិត្ត ប្រកបដោយទឹកចិត្តសប្បុរស ក្នុង​ការ​ចូលរួម​មើល​ថែ​ និង​ផ្ដល់​ការអប់រំដល់​​ក្មួយៗ​ជាកុមារ សិស្ស-និស្សិត ព្រមទាំង​ផ្ដល់​ទីស្នាក់នៅដល់​ចាស់​ជរា​គ្មានទីពឹងមួយចំនួនផងដែរ​។​
​ជំនួសមុខឲ្យ​បុគ្គលិក ក្មួយៗកុមារ​ សិស្ស-និស្សិត និងចាស់ទុំដែល​ស្នាក់នៅក្នុងបន្ទុកអង្គការ​​ទាំង​អស់​​ លោក​ បាត ណូន ប្រធាន​អង្គការមូលនិធិកុមារនិងនិស្សិតកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម​បណ្ឌិត គុណ ញឹម និងសប្បុរសជន​នៃ​អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ ចំពោះការយកចិត្តទុកដាក់ និងទឹកចិត្តស្រលាញ់ ពិសេសតែងតែ​​បាន​នាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកា​ជូន​ដល់​អង្គការ​មួយ​នេះ​​។
​ គួរបញ្ជាក់ផងដែរថា នេះជា​លើក​ទី​៦ហើយ ដែល​មូលនិធិសប្បុរសធម៌ក្រោមក្របខណ្ឌសមាគមសង្គហមិត្ត​​មន្ត្រី​រាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏ខ្ពង់​ខ្ពស់​របស់ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា​ បាន​នាំ​យក​អំណោយ​ជាសម្ភារៈ និង​ថវិកាជូន​ដល់​អង្គការមូល​និធិកុមារនិងនិស្សិតកម្ពុជា​​​៕

នាព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅអង្គការបេសកកម្មសុខុមាលភាពសង...
29/08/2026

នាព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (CSW) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោក អន ស៊ីនួន ប្រធាននាយកដ្ឋានរដ្ឋាករនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំក្រុមការងារសប្បុរសធម៌នៃសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជួប សំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយសប្បុរសធម៌ជូនអង្គការ បុគ្គលិក និងកុមារកំព្រាសរុប ៨២ រូប។

អំណោយសប្បុរសធម៌ដែលបានប្រគល់ជូន រួមមាន អង្ករ ១,០០០ គីឡូក្រាម, ស្ករស ១០០ គីឡូក្រាម, អំបិល ១០០ គីឡូក្រាម, មី ៣០ កេសតូច, ប្រេងឆា ៤ដបធំ, ត្រីខ ៥កេសធំ, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, សាប៊ូដុំលាងដៃ ១កេសធំ, សាប៊ូម្សៅ ២កេស, សាប៊ូកក់សក់ ១កេស, ឈុតសម្ភារសិក្សា ៦៨ឈុត, សៀវភៅរឿងនិទាន ១០០ក្បាល និងថវិកាមួយចំនួន។

ក្នុងមតិសំណេះសំណាល លោក អន ស៊ីនួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម និង លោកជំទាវ ប៉ាន់ ត្រាប្រណី ជូនចំពោះថ្នាក់ដឹកនាំ បុគ្គលិក និងកុមារទាំងអស់។ លោកបានជម្រាប ជូនពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃ ផលប៉ះពាល់​ពីការឡើងថ្លៃប្រេងនិងឧស្ម័នឥន្ធនៈ និងបញ្ហាប្រឈមនានាក្តី។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់​ថ្នាក់ដឹកនាំ​និងបុគ្គលិកអង្គការ ក្នុងការអប់រំនិងបីបាច់ថែរក្សាកុមារ ព្រមទាំងលើកទឹកចិត្តឱ្យកុមារខិតខំសិក្សារៀនសូត្រ នៅឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ។

តាងនាមគណៈគ្រប់គ្រង បុគ្គលិក និងកុមារទាំងអស់ លោក ណី សាកល អគ្គនាយក និងលោក ទៀង សាម៉ន នាយកប្រតិបត្តិ នៃអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា បានសម្តែងនូវសេចក្តីរីករាយចំពោះអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត គុណ ញឹម និង លោកជំទាវ ប៉ាន់ ត្រាប្រណី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចូលរួមឧបត្ថម្ភ និងគាំទ្របេសកកម្មរបស់អង្គការជាប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ ការគាំទ្រដ៏ខ្ជាប់ខ្ជួន និងប្រកបដោយសមានចិត្តនេះ មិនត្រឹមតែបានរួមចំណែកសម្រាលការលំបាក និងបំពេញតម្រូវការចាំបាច់របស់អង្គការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវភាពកក់ក្តៅ ក្តីសង្ឃឹម និងកម្លាំងចិត្តដ៏មានតម្លៃដល់បុគ្គលិក និងកុមារទាំងអស់ ឱ្យបន្តដំណើរឆ្ពោះទៅរកអនាគតដ៏ប្រសើរផងដែរ៕

នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាជាតិគយ អគ្គនាយកដ...
26/08/2026

នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំ “កិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិនៃការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ” ក្នុងគោលបំណងពិភាក្សា និងស្តាប់មតិយោបល់និងសំណូមពរពីផ្នែកឯកជន ដើម្បីរួមចំណែកកែលម្អសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិនេះ ឱ្យកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ សមស្របនឹងបរិបទពាណិជ្ជកម្មបច្ចុប្បន្ន និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ចាន់ សុភាព អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ពុជា-វិនិយោគកូរ៉េ, សមាគមធុរកិច្ចជប៉ុននៅកម្ពុជា, សមាគមស្បែកជើងកម្ពុជា, និងសមាគមផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា ជាច្រើនរូប។
​លោកអគ្គនាយករងបានគូសបញ្ជាក់ថា និយាមនីតិវិធីប្រតិបត្តិនៃការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រមូលពន្ធនិងអាករ ការសម្រួលពាណិជ្ជកម្ម និងការទប់ស្កាត់បទល្មើសគយ។ ការកែលម្អនិយាមនិតិវិធីប្រតិបត្តិ (SOP) នៃការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ (PCA) ឱ្យកាន់តែច្បាស់លាស់និងមានតម្លាភាព គឺជាផ្នែកមួយនៃការអនុវត្តវិធានការមុតស្រួចក្នុងការបង្ការ និងបង្រ្កាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់រដ្ឋបាលគយឆ្នាំ ២០២៦។ ឯកសារនេះនឹងក្លាយជាឯកសារយោងសម្រាប់មន្ត្រីសវនកម្មគយ អង្គភាពរងសវនកម្ម និងធុរជនពាក់ព័ន្ធក្នុងការអនុវត្តការងារ PCA ឱ្យមាន​តម្លាភាព​ សង្គតិភាព និងប្រសិទ្ធភាព។ SOP ​នេះ ក៏មានរំលេច​អំពីវិសាលភាព នីតិវិធីប្រតិបត្តិ និងវិធីសាស្ត្រប្រើប្រាស់ក្នុងការធ្វើសវនកម្មគយ ដោយផ្អែកលើគោលការណ៍​គ្រប់គ្រងហានិភ័យ និងស្របតាមនិយាមអន្តរជាតិ ព្រមទាំង​បញ្ជាក់​​​ពី​​តួនាទី ភារកិច្ច សិទិ្ធ និង​កាតព្វកិច្ច របស់​មន្រ្តីសវនកម្ម​គយ​ និងអង្គភាពរងសវនកម្ម។ ក្នុងន័យ នេះ អគរ ចាត់ទុកការចូលរួមរបស់ផ្នែកឯកជន គឺពិតជាបានរួមចំណែកផ្តល់ធាតុចូលយ៉ាងសំខាន់ក្នុងដំណើរការរៀបចំសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិ នៃការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយនេះ ដោយសារផ្នែកឯកជនគឺជាអ្នកចូលរួមអនុវត្តនីតិវិធីនេះដោយផ្ទាល់ផងដែរ។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសលើខ្លឹមសារសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិនៃការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងពិនិត្យពិចារណាលើធាតុចូល យោបល់ និងអនុសាសន៍ ដែលបានផ្តល់ដោយផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា ដើម្បីកែលម្អសេចក្តីព្រាងនិយាមនីតិវិធីប្រតិបត្តិនៃការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ សំដៅធានាបាននូវការអនុវត្តកិច្ចការ PCA ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ សូមផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ​ ៤៦០០/២៦​ អគរ​ ចុះ​ថ្ងៃ​ទី១៩​ ខែ​សីហា​ ឆ្នាំ២០២៦​...
19/08/2026

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ សូមផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ​ ៤៦០០/២៦​ អគរ​ ចុះ​ថ្ងៃ​ទី១៩​ ខែ​សីហា​ ឆ្នាំ២០២៦​ ស្តីពីសិក្ខាសាលា​ "ការពិគ្រោះ​យោបល់​ អំពី​ការកែសម្រួលបទ​បញ្ញត្តិ​ និង​អត្ថប្រយោជន៍នៃយន្តការលេីកទឹកចិត្តដល់​ធុរជន​មាន​អនុលោមភាពខ្ពស់​ (BTIM) និងកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការ​អនុញ្ញាត​ AEO"។

សូមអរគុណ

នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅ​​វិទ្យាល័យអប់រំពិសេសច្បារ...
15/08/2026

នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅ​​វិទ្យាល័យអប់រំពិសេសច្បារអំពៅ ស្ថិតនៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេ​​ញ លោក យ៉ឹក យូ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តម​បណ្ឌិត ​គុណ ញឹម ​រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារសប្បុរសធម៌ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ជួប​សំណេះ​សំណាល​​​ សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌​របស់​​សមាគមសង្គហមិត្ត​​មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជូនដល់វិទ្យាល័យអប់រំពិសេសច្បារអំពៅ។​
អំណោយ​សប្បុរសធម៌​ដែលបានផ្តល់ជូន ​​​​​នាឱកាសនោះ​ រួមមាន៖ អង្ក​រ​ចំនួន ៥០០គីឡូ, មីម៉ាក Modern ចំនួន ១២កេស, ឈុតសៀវភៅសរសេរ និងគូល័រចំនួន ១៦៨ឈុត, សាប៊ូម្សៅចំនួន ១កេស ស្មើនឹង ៦៨កញ្ចប់, សាប៊ូដុំលាងដៃ ចំនួន ១កេស ស្មើនឹង ៧២ដុំ, ប្រេងឆា ៥លីត្រ ចំនួន ៣ដប,ត្រីខកំប៉ុងចំនួន ៣កេស ស្មើនឹង ៣០០កំប៉ុង, ទឹកស៊ីអ៊ីវ​ ចំ​​នួន ៥យួរ, ទឹកត្រី ចំ​នួន ៥យួរ, នំកូនក្មេងចំនួន ៥កេស, ម្សៅមីឡូចំនួន ២កេ​ស​, ស្ករស ៥០គីឡូក្រាម, ទឹកដោះគោខាប់ ចំនួន ៣កេស, ទឹកដោះគោ Angkor Milk ចំនួន ៧កេស, ទូរទស្សន៍ម៉ាក SAMSUNG ទំហំ ៥៥អ៊ីញ ចំនួន ២គ្រឿង និងបានឧបត្ថម្ភថវិកាជូនវិទ្យាល័យ ព្រមទាំងចែកជូនថវិកាមួយចំនួនជូនលោ​ក​​នា​យ​ក​សាលា លោក​គ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលកំពុងបំពេញការងារនៅវិទ្យាល័យអប់រំពិសេសច្បារអំពៅផងដែរ។ ក្រុមការងារសប្បុរសធម៌ទាំងអស់ បានសម្តែង​សេចក្តីសោម​នស្ស​រីករាយក្នុងការនាំយកអំណោយសប្បុរសធម៌ មកបំពេញតម្រូវការចាំបាច់របស់​​វិទ្យាល័យ ហើយនេះ គឺជាការនាំ​យកអំណោយលើកទី៤ ជូនដល់វិទ្យាល័យអប់រំពិសេសច្បារអំពៅនេះ។
ក្នុងឱកាសនៃការផ្តល់ជូនអំណោយខាងលើ លោក យ៉ឹក យូ បានថ្លែងអំណរគុណដល់លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញការងារ លះបង់ទាំងកម្លាំង​កាយនិងកម្លាំ​ងចិត្ត ព្រមទាំងធនធាន និងពេលវេលា ជាមួយទឹកចិត្តសប្បុរសធម៌ ដើម្បីធ្វើយ៉ាងណាធានានិរន្តរភាពនៃការផ្តល់ការអប់រំ​ដល់សិស្សានុសិស្ស​​ដែលមាន​​ពិការ​ភាពទាំងអស់ នៅវិទ្យាល័យអប់រំពិសេ​ស​​​​ច្បារអំពៅនេះ។លោកអនុប្រធាននាយកដ្ឋាន ក៏​បានលើកឡើង​ពីការយកចិត្តទុកដាក់របស់​​រាជរដ្ឋាភិបាលក្នុងការ​ជួយគាំទ្រដល់វិទ្យាល័យអប់រំពិសេសច្បារអំពៅ ដែលវិទ្យាល័យនេះ បានខិតខំប្រឹងប្រែងផ្តល់ការអប់រំ​ប្រកបដោ​យ​គុណភាព ដល់សិស្សានុសិស្សដែលមានពិការភាព និងទីកន្លែងស្នាក់នៅសម្រាប់សិស្សដែលមានទីលំនៅឆ្ងាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ទាំងអស់គ្នាទទួលបានចំណេះដឹងសម្រាប់អនាគតល្អ​​ប្រសើរនាថ្ងៃខាងមុខ។
​លោកនាយកវិទ្យាល័យអប់រំពិសេសច្បារអំពៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម​ប​ណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា និង​លោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលមានចិត្តសប្បុរស បាននាំយកអំណោយជាសម្ភារៈ និងថវិកាជួយដល់វិទ្យាល័យនាពេលនេះ។

នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក​ប​ណ្ឌិ​ត ឈន វឿន នាយកសាលា...
15/08/2026

នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក​ប​ណ្ឌិ​ត ឈន វឿន នាយកសាលាជាតិគយ តំណាងដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក ​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម
សង្គ​ហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមជាមួយសហការី បានចុះជួប​សំណេះ​សំណាល​​
សួរសុខទុក្ខ និងនាំយកនូវអំណោយសប្បុរសធម៌​របស់​​សមាគមសង្គហមិត្តមន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាផ្ដល់ជូន សមាគមតន្ត្រីសំនៀងជនពិការ ដែលស្ថិតនៅអគារលេខ ២៩៨D ផ្លូវលំ ក្រុម២ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។​
អំណោយសប្បុរសធម៌ដែលបានផ្តល់ជូនសមាគមតន្ត្រីសំនៀងជនពិការនាឱកាសនោះ រួមមាន៖ អង្ករ ១តោន,
មីខ្លាឃ្មុំ ៣០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ៣កេស, ស្ករស ២កេស, ប្រេងឆា ២កេស, អំបិល ៥កេស, សាប៊ូ​លា​ងដៃ ២កេស, សាប៊ូបោកគក់ ៣កេស, សាប៊ូដុំដុសខ្លួន ២កេស, ទឹកក្រូច ១០កេស, ទឹកដោះគោស្រស់
១​​០កេស, ទឹកដោះគោខាប់ ៥កេស, និងថវិកាមួយចំនួន សម្រាប់ឧបត្ថម្ភជូនជនមានពិការភាពដែលកំពុងស្នាក់​នៅសមាគមនេះ ចំនួន ៨០រូប និងបុគ្គលិកកំពុងបម្រើការងារសមាគម ចំនួន ២០រូប។
ក្នុង​នាម​ក្រុមការងារសប្បុរសធម៌ លោកបណ្ឌិត ឈន វឿន បានសម្តែងនូវ​សេចក្តីសោមនស្សរីករាយ ព្រម​ទាំង​បាន​ពាំនាំ​នូវសេចក្ដី​នឹក​រលឹក​និង​​ការ​ផ្ដាំ​ផ្ញើសួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត គុណ ញឹម និង​លោកជំទាវ​ ជូនចំពោះ​បងប្អូន​​ដែលមានពិការភាព​ទាំង​អស់ ​ដែល​កំពុង​​ស្នាក់​នៅ​ក្នុង​សមាគមតន្រ្តីសំនៀងជនពិការ។​ ក្នុង​ឱកាស​នោះ​ដែរ​ លោកនាយកសាលាជាតិ​គយ​ក៏​បាន​​​​ធ្វើការវាយតម្លៃខ្ពស់ និងកោត​សរសើរ​​​ដល់ថ្នាក់ដឹកនាំរបស់សមាគមគ្រប់ជាន់ថ្នាក់ ដែលបានបំពេញតួនាទី​យ៉ាងល្អក្នុងការថែទាំ ទំនុកបម្រុង ផ្តល់ភាពកក់ក្តៅ និងមានសាមគ្គីភាពគ្នាល្អប្រសើរ ប្រកបដោយទឹក​ចិត្តសប្បុរស ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់បងប្អូន​​ដែលមាន​ពិការភាព ជាពិសេស​គឺ​​បានផ្ដល់​នូវ​ការ​​​បណ្ដុះ​បណ្ដាលជំនាញ​វិជ្ជាជីវៈ ដែល​អាចជួយឱ្យបងប្អូន​ជនពិការ​មួយចំនួន​ធំ ​​មានសមត្ថភាពនិងទំនុកចិត្ត​លើខ្លួនឯង និងអាច​ចេញ​ទៅប្រកប​របរចិញ្ចឹម​ជីវិត​បានទៀតផង​​។
​ជាការឆ្លើយ​តប​ចំពោះ​កាយវិការ​ដ៏សប្បុរស​នេះ​​ ​​​ឯកឧត្តម​ ចាប តូ​ អនុរដ្ឋលេខាធិការ​​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជននិង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​សមាគមតន្រ្តីសំនៀងជនពិការ បានសម្តែងនូវសេចក្តីរីករាយ​ និង​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងលោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករទាំងអស់ដែលមានទឹកចិត្តសប្បុរសថ្លៃថ្លា និងតែងតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខដល់​បងប្អូន​​ដែល​មាន​​ពិការភាព ព្រមទាំងបាន​នាំយកនូវ​អំណោយ​​ជា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ជូន​ដល់​សមាគមតន្រ្តី​សំនៀងជនពិការជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌ក្រោមក្របខ័ណ្ឌសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិង​រដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់ជួយសម្រាលដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា៕

នាព្រឹកថ្ងៃ​អាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥៦ នៅអង្គការកម្ពុជាដើម្ប...
09/08/2026

នាព្រឹកថ្ងៃ​អាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥៦ នៅអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (Cambodian Women's Crisis Center) ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, លោកបណ្ឌិត សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ ​តំណាងដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក ​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ បានជួបសំណេះ​សំណាល​​សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌​របស់​​សមាគមសង្គហមិត្តមន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចែកជូន អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ។​
អំណោយ​សប្បុរសធម៌​ដែលបានផ្តល់ជូន ​​​​​អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ ទាំង៣ មណ្ឌល (រាជធានីភ្នំពេញ, ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ) នាឱកាសនេះ​ រួមមាន អង្ករចំនួន ៦០០ គីឡូក្រាម, ស្ករស ៥0 គីឡូ, មីជាតិ និងមីខ្លាឃ្មុំចំនួន ៤៨ កេសតូច, ប្រេងឆា ៤ដបធំ, ត្រីខ ៥កេសធំ, ទឹកត្រី១២ យួរ, ទឹកស៊ីអ៊ីវ ១២យួរ, ទឹកដោះគោខាប់ ២កេស, ទឹកក្រូច V-cola ៥កេស, សាប៊ូបោកគក់ ១កេស, សំឡីអនាម័យ ២កេស, ឧបត្ថម្ភថវិកាជូនអង្គការ ព្រមទាំងចែកជូនថវិកាមួយចំនួនដល់បុគ្គលិក ស្ត្រី និងកុមាររងគ្រោះកំពុងស្នាក់នៅផងដែរ។
នាឱកាសនោះ ក្រុមការងារសប្បុរសធម៌ បានសម្តែង​សេចក្តីសោមនស្សរីករាយដែលបានមកជួបសំណេះ- សំណាល និងនាំយកនូវអំណោយសប្បុរសធម៌ចូលរួមចំណែកជួយឧបត្ថម្ភសម្រាលការខ្វះខាត និងតម្រូវការជាមូលដ្ឋានរបស់​អង្គការនេះ។​​ ក្រុមការងារសប្បុរសធម៌ ក៏​បានលើកឡើង​ពីការយកចិត្តទុកដាក់របស់​​រាជរដ្ឋាភិបាលក្នុងការ​ជួយជ្រោមជ្រែងដល់ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ ដែលអង្គការនេះបានចូលរួមជួយអប់រំប្រកបដោយគុណភាពខ្ពស់ បណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ជំនាញវិជ្ជាជីវៈ និងគាំទ្របីបាច់ថែរក្សាដល់ស្រ្តីនិងកុមាររងគ្រោះ ដែលមានជីវភាពខ្វះខាត ដើម្បីជួយពួកគាត់ទាំងនោះមានអនាគតល្អប្រសើរ។ ទន្ទឹមនេះ​ លោកប្រធាន​បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ គ្រប់ជាន់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងពេលវេលា ប្រកបដោយចិត្តសប្បុរសធម៌ ដែលបានជួយដល់ស្រ្តីនិងកុមាររងគ្រោះជាច្រើននាក់។
តំណាងអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​ ​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា និង លោកជំទាវ ព្រមទាំងសហការីទាំងអស់មានចិត្តសប្បុរស ដែលបានចំណាយធនធានថវិកានិងសម្ភារជួយអង្គការនាពេលនេះ។

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្...
06/08/2026

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្ត​វិធានការមុត​ស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយក​ដ្ឋានគយនិងរដ្ឋាករ​កម្ពុជា សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគយនិង​រដ្ឋាករមួយចំនួន។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ពីលទ្ធផលការអនុវត្តវិធានការជារួម ដែលសម្រេចបានក្នុងរយៈពេល ៣ខែ បន្ទាប់ពីការដាក់ចេញនូវកញ្ចប់វិធានការនេះកាលពីដើមខែឧសភា ឆ្នាំ២០២៦ ដែលក្នុងចំណោមវិធានការសរុបចំនួន ៣១ មាន ៩ វិធានការត្រូវបានអនុវត្តពេញលេញ, ១៣ វិធានការត្រូវបានអនុវត្តហើយត្រូវបន្តអនុវត្តជាប្រចាំ, និង ៩ វិធានការកំពុងស្ថិតក្នុងដំណើរការអនុវត្ត ឬត្រូវបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២៦ នេះ។ ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន លទ្ធផលសំខាន់នៃការអនុវត្តវិធានការទាំងនេះ គឺការកើនឡើងនៃសមាសភាគចំណូលប្រមូលពីក្រុមទំនិញចម្រុះ ដែលដើរតួនាទីប្រមាណ ៤២,៩% កាលពីខែមេសា មកដល់ប្រមាណ ៤៩,៥% ក្នុងខែកក្កដា ស្របពេលដែលសមាសភាព​ចំណូលពីការនាំចូលផលិតផលតេលសិលាមានការធ្លាក់ចុះខ្លាំង ដោយសារការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធ និងអាករលើការនាំចូលផលិតផលឥន្ធនៈ។

បន្ថែមលើនេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានរាយការណ៍លម្អិតជូនអង្គប្រជុំអំពីវឌ្ឍនភាពការអនុវត្តនូវវិធានការតាមផ្នែកទទួលខុសត្រូវរៀងៗខ្លួន ពាក់ព័ន្ធនឹងការងារបង្ក្រាបអំពើរត់គេចពន្ធ ការសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ច​ក្នុង​អង្គភាព ព្រមទាំងវឌ្ឍនភាពលម្អិតអំពីការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរ។

ជាទីបញ្ចប់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបាន ទាំងការអនុវត្តវិធានការមុតស្រួច ក៏ដូចជាសមិទ្ធផលផ្នែកបច្ចេកវិទ្យាព័ត៌មានដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលសម្រេចបាន នាពេលកន្លងមក។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញ ជាពិសេស លើការពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ និងការខិតខំពង្រឹងយន្តការគ្រប់គ្រងដើមទីបន្ថែមទៀតដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។ ដោយឡែក សម្រាប់ការងារបចេ្ចកវិទ្យាព័ត៌មាន, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់ការណែនាំជាក់លាក់បន្ថែមមួយចំនួន រួមមាន ទី១. បន្តខិតខំកែសម្រួលប្រព័ន្ធស្វ័យប្រវត្តិកម្មគយដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្លាយជាប្រព័ន្ធអេកូឡូស៊ីពេញលេញ (Complete Ecosystem) និងមានសមត្ថភាពតភ្ជាប់ទិន្នន័យ (API Integration) ជាមួយប្រព័ន្ធផ្សេងៗទៀតតាមតម្រូវការចាំបាច់ ទី២. រៀបចំ និងបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Integration) ចូលទៅក្នុងកិច្ចប្រតិបត្តិការគយឱ្យបានទូលំទូលាយដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម, និង ទី៣. រៀបចំក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធឌីជីថលគយ (Digital Customs Architecture Framework) ឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានានិរន្តរភាពនៃការប្រើប្រាស់ និងការពង្រីកមុខងារប្រព័ន្ធ សម្រាប់រយៈពេលវែង។

Address

#6-8, Preah Norodom Boulevard , Phsar Thmei III, Daun Penh
Phnom Penh
12210

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise:

Shortcuts

Share