02/09/2026
ខេត្តកំពង់ឆ្នាំង ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងក្រុមការងារ បានចុះពិនិត្យទីតាំង គម្រោងសាងសង់អគារមន្ទីរពិសោធន៍ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលមានទទឹង ៥ម៉ែត្រ និងបណ្ដោយ ២៤ម៉ែត្រ តបតាមការអញ្ជើញរបស់ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមនាយក និងក្រុមការងារ បានពិនិត្យស្ថានភាពជាក់ស្តែងនៃគម្រោងសាងសង់ ព្រមទាំងពិនិត្យលទ្ធភាព និងតម្រូវការចាំបាច់នានា ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅប្រកបដោយគុណភាព សុវត្ថិភាព និងស្របតាមតម្រូវការបច្ចេកទេសរបស់មន្ទីរពេទ្យ។
ជាមួយគ្នានេះ ឯកឧត្តមនាយក និងក្រុមការងារ ក៏បានចុះសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ព្រមទាំងបានសាកសួរអំពីស្ថានភាពសុខភាព ការថែទាំ និងការផ្តល់សេវាព្យាបាលរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយក បានផ្តល់ Catecther 22 ចំនួន 1,000, Catecther 24 ចំនួន 1,000 និង Serum D5% ចំនួន 1,000 កំផ្លោក សម្រាប់បម្រើការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពរបស់មន្ទីរពេទ្យក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាមប្រកបដោយប្រសិទ្ធភាព។
សកម្មភាពខាងលើ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្នុងការចូលរួមពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពផ្នែកមន្ទីរពិសោធន៍ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលជំងឺ ជាពិសេសការឆ្លើយតបចំពោះជំងឺគ្រុនឈាម ដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។
#មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុម
#មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង
#ក្រសួងសុខាភិបាល