21/02/2026
រូបភាពអនុស្សាវរីយ៍កាលជានាយរងការិយាល័យនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះអធិការកិច្ច/អង្កេតស្រាវជ្រាវនៅខេត្តតាកែវប៉ុន្មានឆ្នាំមុន!
👉ជាទូទៅរដ្ឋបាលដែនដីជាតិមួយគ្រប់គ្រងដោយស្ថាប័នអំណាចរដ្ឋកំពូលៗបី គឺស្ថាប័នអំណាចនីតិប្បញ្ញត្តិ ស្ថាប័នអំណាចនីតិប្រតិបត្តិ និងស្ថាប័នអំណាចតុលាការ។
👉បើនិយាយអំពីអាជ្ញាធររដ្ឋបាលថ្នាក់ជាតិ ដែលជាតួអង្គប្រតិបត្តិវិញ មាន អង្គព្រះមហាក្សត្រ(ទោះលោកមិនកាន់អំណាចផ្ទាល់ក៏ដោយ) និងរាជរដ្ឋាភិបាល។ ក្នុងរាជរដ្ឋាភិបាល មានលំដាប់អង្គរដ្ឋបាល ជាអាទិ៍ គណៈរដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួង-រដ្ឋលេខាធិការដ្ឋាន។
👉ទាញចេញពីន័យខាងលើ ដើម្បីងាយស្រួលគ្រប់គ្រងរដ្ឋបាលដែនដីរដ្ឋមួយ គេកំណត់សម្គាល់អំពីការគ្រប់គ្រងរដ្ឋបាលដែនដីថ្នាក់ជាតិ និងការគ្រប់គ្រងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។
👉ជាលំដាប់លំដោយ និងងាយស្រួលគ្រប់គ្រងដឹកនាំ ការគ្រប់គ្រងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ក៏ត្រូវបែងចែកជាបីថ្នាក់ទៀត រួមមាន ការគ្រប់គ្រងរដ្ឋបាលដែនដីថ្នាក់រាជធានី-ខេត្ត(រដ្ឋបាលរាជធានី-ខេត្ត) ការគ្រប់គ្រប់គ្រងរដ្ឋបាលដែនដីថ្នាក់ក្រុង ស្រុក ខ័ណ្ឌ(រដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ) និងរដ្ឋបាលដែនដីថ្នាក់ឃុំ-សង្កាត់(រដ្ឋបាលឃុ-សង្កាត់)។
👉ថ្នាក់នៃរដ្ឋបាលដែនដីក្រោមជាតិទាំងបីនេះ មានតួអង្គសំខាន់ពីរគ្រប់គ្រងដឹកនាំ គឺក្រុមប្រឹក្សា និងគណៈអភិបាល(អភិបាល និងអភិបាលរង)។ គ្រាន់តែថ្នាក់ឃុំ-សង្កាត់ គឺមានក្រុមប្រឹក្សា និងមេឃុំ-ចៅសង្កាត់ ដែលមិនហៅថា គណៈអភិបាល នោះទេ។
👉ជារួម និងជាសិល្បៈគ្រប់គ្រងដឹកនាំរដ្ឋបាលដែនដីរដ្ឋមួយ គឺអាចប្រើនយោបាយតាមបែបមជ្ឈការ វិមជ្ឈការ និងវិសហមជ្ឈការ។ នៅកម្ពុជា បានកំពុងគ្រប់គ្រងដឹកនាំរដ្ឋបាលដែនដី បែបទំនើបជឿនលឿន គឺតាមនយោបាយវិមជ្ឈការ និងវិសមជ្ឈការ ដោយធ្វើកំណែទម្រង់ជាប្រចាំ តាមគន្លងពីការគ្រប់គ្រងសាធារណៈថ្មី(NPM) ទៅជាអភិបាលកិច្ចសាធារណៈថ្មី(NPG)។
👏ក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរចំពោះសមណនិស្សិត និងនិស្សិតថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណៈ នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានយកចិត្តទុកដាក់ និងព្យាយាមសិក្សាមុខវិជ្ជា«ការគ្រប់គ្រងរដ្ឋបាលដែនដី»តាមការសម្របសម្រួលថ្នាក់រៀនពីខ្ញុំព្រះករុណាខ្ញុំ រហូតចប់ជាស្ថាពរ។ 🌹🌹🌹👍
២១កុម្ភៈ២០២៦