04/09/2026
នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យក់ ង៉ុយ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បាននាំយកកន្ត្រកផ្លែឈើ និងថវិកាមួយចំនួន អញ្ជើញសួរសុខទុក្ខឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ឋានៈស្មើឧបនាយករដ្ឋមន្ត្រី និងជាអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម យក់ ង៉ុយ បានសាកសួរដោយយកចិត្តទុកដាក់អំពីស្ថានភាពសុខភាព និងដំណើរការព្យាបាលរបស់ឯកឧត្តមបណ្ឌិត សាយ បូរី ព្រមទាំងបានសម្តែងនូវក្តីនឹករឭក និងផ្តល់កម្លាំងចិត្តដ៏កក់ក្តៅជូនឯកឧត្តមបណ្ឌិត និងលោកជំទាវ ស៊ុំ នីផា អតីតសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ។
ជាមួយគ្នានេះ ឯកឧត្តម យក់ ង៉ុយ និងគណៈប្រតិភូអមដំណើរ បានគោរពជូនពរឯកឧត្តមបណ្ឌិត សាយ បូរី សូមឆាប់បានជាសះស្បើយ មានកម្លាំងកាយមាំមួន កម្លាំងចិត្តរឹងមាំ និងមានសុខភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខ។