29/05/2026
អ.ប.ព. ចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសមន្រ្តីរាជការក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលមានបេក្ខជនប្រឡងសរុបចំនួន ១,១០៧រូប
-------
គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ជាគោលការណ៍គន្លឹះសម្រាប់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការដឹកនាំនិងរៀបចំ ដោយក្រសួងមុខងារសាធារណៈ ដែលមាន ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អ.ប.ព. បានបង្កើតគណៈកម្មការដឹកនាំការសង្កេតការណ៍ និងក្រុមការងារចំនួន ៦៤ រូប ដឹកនាំដោយ ឯកឧត្ដមឧបការី កែវ ធីវុធ ចូលរួមសង្កេតការណ៍ការប្រឡងប្រជែងជ្រើសរើសមន្រ្តីឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលមានបេក្ខជនទទួលបានសិទ្ទិប្រឡងចំនួន ១,១០៧ រូប ដោយបែងចែកជា ២៧ បន្ទប់ និងប្រឡងលើវិញ្ញាសាជំនាញគោល ចំនួន១ និងវិញ្ញាសាគាំទ្រចំនួន ៤ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។
សូមជម្រាបជូនថា បន្ទាប់ពីការប្រឡងនេះ អ.ប.ព. នឹងបន្តចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសមន្រ្តីរាជការក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។