01/06/2026
លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីកិច្ចពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ដែលរៀបចំដោយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា និងក្លឹបអ្នកកាសែតកម្ពុជា ក្រោមប្រធានបទ “ការលើកកម្ពស់ការប្រើប្រាស់ឥណទានដោយការទទួលខុសត្រូវ និងប្រកបដោយសុវត្ថិភាព” នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
នៅក្នុងកិច្ចពិភាក្សា លោកស្រីបានលើកឡើងពីយន្តការដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញដើម្បីជំរុញការផ្តល់ និងការប្រើប្រាស់ឥណទានផ្លូវការប្រកបដោយការទទួលខុសត្រូវ ដែលមានដូចជា ការដាក់ចេញបទប្បញ្ញត្តិពាក់ព័ន្ធ ការត្រួតពិនិត្យជាប្រចាំ ការការពារអតិថិជន ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការរៀបចំក្របខ័ណ្ឌក្រមប្រតិបត្តិទីផ្សារជាដើម។
បន្ថែមលើនេះ លោកស្រីបានរំលេចពីភាពចាំបាច់សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដូចជាការវាយតម្លៃគោលបំណងឥណទាននិងលទ្ធភាពសងរបស់អតិថិជន និងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈជាដើម។ ទន្ទឹមនេះ លោកស្រីក៏បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីភាគីពាក់ព័ន្ធផ្សេងទៀត ជាពិសេសអ្នកសារព័ត៌មាន ក្នុងសកម្មភាពផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគុណសម្បត្តិនៃសេវាហិរញ្ញវត្ថុផ្លូវការ និងគុណវិបត្តិរបស់សេវាក្រៅផ្លូវការផងដែរ។