31/05/2026
១. គណបក្សប្រជាជនកម្ពុជា មិនជំពាក់គុណយើងទេ យើងទាំងអស់គ្នាទេ ដែលជំពាក់គុណគណបក្សប្រជាជនកម្ពុជា ។
២. សូមអោយយុវជនគណបក្សគ្រប់ៗរូប មានស្មារតីបក្សនៅក្នុងខ្លួនជាប់ជាប្រចាំ មិនមែនមានស្មារតីបក្ស តែនៅពេលដែលពាក់អាវគណបក្សនោះទេ ។
នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) និងជាប្រធាន គណៈប្រចាំការ បានលើកឡើងបែបនេះ ក្នុងពេលដែល ឯកឧត្តមបណ្ឌិត អញ្ជើញជាអធិបតីភាពតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុង « វេទិកាពិភាក្សាជាមួយយុវជនគណបក្សខេត្តកណ្តាល » ក្នុងដំណើរបេសកកម្មគោលដៅទី ១៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តកណ្តាល ឯកឧត្ដមអនុប្រធានគណៈប្រចាំការនៃ យ.គ.ក. ឯកឧត្តមប្រធានផ្នែកនិងតំណាងផ្នែកចំណុះនៃយ.គ.ក. ឯកឧត្តមអនុប្រធានគណៈកម្មាធិការកណបក្សខេត្ត ឯកឧត្តម លោកជំទាវសមាជិក សមាជិកាយុវជនគណបក្សថ្នាក់កណ្តាល មន្រ្តីជំនាញ លេខាធិការដ្ឋាន និងសមាជិក សមាជិកាគណបក្សជាយុវជនប្រមាណជាង ១៣០០ រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្តរួចមក ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យ ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជម្រាបជូនដល់អង្គវេទិកាផងដែរ ។
អង្គវេទិកាពិភាក្សា បានប្រព្រឹត្តិទៅយ៉ាងផុលផុសរយៈពេល ៤ម៉ោង និង៤៥នាទី ដោយអ្នកចូលរួមបានលើកឡើងនូវសំណួរ និងសំណូមពរជាច្រើន (ទាំងផ្ទាល់មាត់ និងលាយលក្ខអក្សរ) ពាក់ព័ន្ធនឹងបញ្ហា៖ ជម្លោះព្រំដែន,វិបត្តិប្រេងពិភពលោក,បញ្ហាកសិកម្ម,បញ្ហាសង្គម,អត្តសញ្ញាណកម្ម,ការចូលរួមរបស់យុវជននៅក្នុងគណបក្ស ក្នុងសង្គម និងការអភិវឌ្ឍប្រទេស និងការកសាងបក្សជាដើម ។
ឆ្លើយបតទៅនឹងចំណុចទាំងអស់ខាងលើនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើការបកស្រាយយ៉ាងច្បាស់ម្តងមួយចំណុចៗ និងក៏មានការចូលរួមជាយោបល់បំពេញបន្ថែមពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្ត, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការ និងមន្រ្តីជំនាញអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ផងដែរ ។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់អនុសាសន៍មួយចំនួនយុវជនគណបក្ស ដើម្បីអនុវត្តបន្ត ពាក់ព័ន្ធនឹងកិច្ចសហការជាមួយគណៈកម្មាធិការគណបក្សថ្នាក់ខ្លួន រៀបចំផែនការសកម្មភាពរបស់ខ្លួន ឆ្ពោះទៅកាន់ការបោះឆ្នោត, ការពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សគ្រប់បណ្តាថ្នាក់ និងការបំពាក់បំប៉ុននយោបាយ សតិអារម្មណ៍ និងចាត់តាំង,ការផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារបូរណភាពទឹកដី, ការរួមកម្លាំងសាមគ្គីជាតិជាធ្លុងមួយ ការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ឲ្យស្ថិតស្ថេររឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត, ការបំផុសជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក, ការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ និងការអនុវត្តនូវសេចក្តីសម្រេចរបស់គណបក្សលេខស្តីពី «ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ។