28/08/2026
កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ បានរៀបចំកិច្ចប្រជុំគណ:កម្មការតម្រង់ទិសគម្រោងស្ដីពី "Building Resilience Capacity on Community-based Forest Fire Management in Siem Reap Province-ITTO Project: PD 953/26 (F)" ក្រោមអធិបតីភាព លោក ឈាង ដានី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សួន សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមរបស់លោក Atsushi Yonezawa ប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប លោកបណ្ឌិត Tetra Yanuariadi ប្រធានគម្រោងផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្ម នៃអង្គការឈើត្រូពិចអន្តរជាតិ ITTO ព្រមទាំងសមាសភាពមកពីអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សរុបចំនួន ២៣រូប ក្នុងគោលបំណងដើម្បី៖ ១) ពិនិត្យលទ្ធផលនៃការអនុវត្ដគម្រោង និង២) ប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធសម្រាប់អនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។
គម្រោងបានជ្រើសរើសសហគមន៍ព្រៃឈើចំនួន៣ សម្រាប់អនុវត្ត រួមមាន៖ សហគមន៍ព្រៃឈើទទឹងថ្ងៃ ស្ថិតក្នុងស្រុកស្វាយលើ សហគមន៍ព្រៃឈើខ្លាចគល់ ស្ថិតក្នុងស្រុកវ៉ារិន និងសហគមន៍ព្រៃឈើអូរទឹកចេញ ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប និងសម្រេចបាននូវលទ្ធផលសំខាន់ៗ ដូចជា៖ ១) ស្រះទឹកចំនួន៣ ដែលស្រះនីមួយៗមានសមត្ថភាពរក្សាទុកទឹកចំនួន ១០ ០០០ម៉ែត្រគូប ២) កូនឈើសរុបចំនួន ៤២ ៤២៥ដើម (កូនព្រៃនិងឈើលូតលាស់លឿនចំនួន ៣៩ ៤២៥ដើម និងឈើហូបផ្លែចំនួន ៣ ០០០ដើម) និង ៣) បានដាំស្តារក្នុងព្រៃសហគមន៍លើផ្ទៃដីសរុបទំហំ ៤០ហិកតា។