ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia Manages and Develops Civil Service Sector of the Kingdom of Cambodia 🇰🇭
(653)

អបអរសាទរ និងជូនពរប្អូនៗ ក្មួយៗ ដែលបានឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!ការខិតខំប្រឹងប្រែងកន្លងមក គឺជាគ្រឹះដ៏...
01/09/2026

អបអរសាទរ និងជូនពរប្អូនៗ ក្មួយៗ ដែលបានឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!

ការខិតខំប្រឹងប្រែងកន្លងមក គឺជាគ្រឹះដ៏រឹងមាំ សម្រាប់ស្ពានចម្លងប្អូនៗ ក្មួយៗ ទៅកាន់ដំណាក់កាលថ្មីនៃជីវិត។ លទ្ធផលនៃការប្រឡង គឺជាដំណើរមួយទៀតនៃទំព័រជីវិត តែអ្វីដែលសំខាន់បំផុតបន្ទាប់ពីនេះ គឺការស្វែងរកនូវចំណេះដឹង និងជំនាញពិតប្រាកដ។

សូមកុំរុញរាក្នុងការចាប់យកជំនាញដែលខ្លួនប្រាថ្នា ព្រោះការរៀនសូត្រលើអ្វីដែលយើងពេញចិត្ត នឹងបង្កើតបានជាសមត្ថភាពដ៏អស្ចារ្យ គ្មានដែនកំណត់។ ប្រទេសជាតិយើងត្រូវការយុវជន ដែលមានទាំងចំណេះដឹង បច្ចេកទេស និងគុណធម៌ ដើម្បីរួមគ្នាស្ដារ និងអភិវឌ្ឍមាតុភូមិ ឱ្យកាន់តែរីកចម្រើន។ សូមបន្តដើរទៅមុខដោយភាពជឿជាក់ ភាពស្វាហាប់ និងសេចក្ដីថ្លៃថ្នូរ។ ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ក៏ផលទាំងនោះសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែងទាំងអស់។​

សម្រាប់ប្អូនៗ ក្មួយៗ​ ដែលមានបំណងក្លាយជាមន្ត្រីដើម្បីបម្រើប្រទេសជាតិ និងប្រជាជនយើង
សូមតាមដានជាបន្តបន្ទាប់​ នូវការប្រកាសផ្សព្វផ្សាយ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌​ បរិយាបន្ន និងប្រសិទ្ធភាព។

01/09/2026

«កែទម្រង់រដ្ឋបាលសាធារណៈ៖ ផ្លាស់ប្តូរដើម្បីពលរដ្ឋ និងអនាគតកម្ពុជា»

ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាបេះដូងនៃការកសាងរដ្ឋបាលមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សន្ទុះនៃការកែទម្រង់តាមរយៈការដាក់ចេញ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះចំនួន៣ ដើម្បីធានាបាននូវគុណប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ។

ទោះជាត្រូវឆ្លងកាត់រាល់ភាពស្មុគស្មាញ និងបញ្ហាប្រឈមទាំងឡាយក្តី ក៏ស្មារតីនៃការកែទម្រង់នៅតែបន្តពង្រឹងជានិច្ច ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយសមត្ថភាព ឆន្ទៈមុតស្រួច និងការទទួលខុសត្រូវខ្ពស់ ក្នុងបរិបទរបស់កម្ពុជា។ វិធានការគន្លឹះទាំង៣ នេះ គឺជាត្រីវិស័យ ជាយុទ្ធសាស្ត្រ ឆ្ពោះទៅការសម្រេចឱ្យបាន នូវប្រព័ន្ធរដ្ឋបាលសាធារណៈទំនើប សំដៅបម្រើ និងថែរក្សាស្នាមញញឹមរបស់ប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

សូមអញ្ជើញទស្សនាវីដេអូ ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

តាមរយៈតំណភ្ជាប់ https://youtu.be/Vfv852EjtT0

គ.វ.ជ. ចាប់ផ្តើមពង្រីកវិសាលភាពលើយន្តការវាយតម្លៃ និងការទទួលស្គាល់មន្រ្តីកសិកម្មឃុំ-សង្កាត់គំរូ ដើម្បីឆ្លើយតបទៅនឹងតម្រូវកា...
01/09/2026

គ.វ.ជ. ចាប់ផ្តើមពង្រីកវិសាលភាពលើយន្តការវាយតម្លៃ និងការទទួលស្គាល់មន្រ្តីកសិកម្មឃុំ-សង្កាត់គំរូ

ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករនៅមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានចាប់ផ្តើមរៀបចំយន្តការ និងលក្ខណៈវិនិច្ឆ័យដើម្បីវាយតម្លៃ និងទទួលស្គាល់ «មន្រ្តីកសិកម្មឃុំ-សង្កាត់គំរូ» សម្រាប់អនុវត្តជាផ្លូវការនៅឆ្នាំ២០២៧ ខាងមុខនេះ។

ការពង្រីកវិសាលភាពការវាយតម្លៃមកកាន់វិស័យកសិកម្មនេះ ធ្វើឡើងស្របតាមទស្សនវិស័យណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាការអនុវត្តនូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រួសត្រាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយជីវភាពកសិករនៅទូទាំងប្រទេស។ ទន្ទឹមនេះ ការងារនេះ អាចធ្វើទៅបាន​បន្ទាប់ពីការអនុវត្តប្រកបដោយជោគជ័យ និងទទួលបានការសាទរយ៉ាងខ្លាំងលើការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុង វិស័យអប់រំ និងសុខាភិបាល ក្រោមការដឹកនាំ និងណែនាំដោយផ្ទាល់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ឆ្ពោះទៅកាន់ការដំណើរការការងារនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសំខាន់ៗរៀបចំយន្តការនេះ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើឯកសារគោលចំនួន ៣ រួមមាន៖ (១) សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់មន្រ្តីកសិកម្មឃុំ-សង្កាត់គំរូ (២) តារាងវាយតម្លៃ ដែលផ្អែកលើលក្ខណៈវិនិច្ឆ័យគោលចំនួន ៨ និង(៣) គោលការណ៍ណែនាំ លម្អិតសម្រាប់ការអនុវត្តជាក់ស្តែងនៅថ្នាក់មូលដ្ឋាន។

តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការចុះជួយផ្ទាល់របស់មន្ត្រីកសិកម្មប្រចាំឃុំ-សង្កាត់ ដែលមានសមត្ថភាពខ្ពស់ សកម្មការងារ និងមានភាពម្ចាស់ការ ក្នុងការជួយដោះស្រាយបញ្ហាដំណាំ ផ្តល់បច្ចេកទេសកសិកម្មថ្មីៗ និងការណែនាំផ្សេងៗដល់ខ្នងផ្ទះប្រជាពលរដ្ឋបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព។

តើអ្នកដឹងទេ? នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ!របត់ការងារថ្មីនៃការកែទម្រង់រដ្ឋបាលសាធារណៈ ជិតឈានមកដល់ហើយ! គឺនៅថ្ងៃទី៤ ខែកញ្ញា ឆ្នា...
01/09/2026

តើអ្នកដឹងទេ?
នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ!

របត់ការងារថ្មីនៃការកែទម្រង់រដ្ឋបាលសាធារណៈ ជិតឈានមកដល់ហើយ! គឺនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ «បណ្តាញអគ្គលេខាធិការ» នៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ នឹងត្រូវប្រកាសជាផ្លូវការ។

💡 តើអ្វីទៅជា «បណ្តាញអគ្គលេខាធិការ»?

បណ្តាញអគ្គលេខាធិការ គឺជាយន្តការភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងសម្របសម្រួលការងាររវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ របស់ក្រសួង ស្ថាប័ន ដើម្បីកាត់បន្ថយបញ្ហាប្រឈម ដែលមានភាពប្រទាក់ក្រឡា និងស្មុគស្មាញជួយសំដៅជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។

🎯 នេះជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

សូមតាមដាននូវការផ្សព្វផ្សាយខ្លឹមសារពិស្តារជាបន្តបន្ទាប់។

ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ៣០រូប ត្រឡប់មកពីសិង្ហបុរីវិញ ជាមួយយុទ្ធសាស្ត្រអភិបាលកិច្ចថ្មី ដើម្បីជំរុញទំនើបកម្មសេវាសាធារ...
31/08/2026

ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ៣០រូប ត្រឡប់មកពីសិង្ហបុរីវិញ ជាមួយយុទ្ធសាស្ត្រអភិបាលកិច្ចថ្មី ដើម្បីជំរុញទំនើបកម្មសេវាសាធារណៈ

សិង្ហបុរី៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាចំនួន ៣០រូប ដែលមានសមាសភាពជារដ្ឋលេខាធិការ និងអគ្គលេខាធិការនៃបណ្តាក្រសួង-ស្ថាប័ន បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាលជាន់ខ្ពស់ស្ដីពី «ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រ និងអភិបាលកិច្ចសាធារណៈ» នៅសាធារណរដ្ឋសិង្ហបុរី។

បេសកកម្មសិក្សាស្វែងយល់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ ត្រូវបានដឹកនាំដោយឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ ដោយបានផ្តល់ឱកាសឱ្យសិក្ខាកាមដកស្រង់បទពិសោធផ្ទាល់ និងស៊ីជម្រៅពីស្ថាប័នរដ្ឋរបស់សិង្ហបុរី។

វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីពង្រឹងសមត្ថភាពដឹកនាំស្ថាប័ន ការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ និងការគ្រប់គ្រងសមិទ្ធកម្មការងារ។ ទន្ទឹមនេះ កម្មវិធីបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យ ដែលជាគន្លឹះក្នុងការបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពរហ័សរហួន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងទស្សនកិច្ចសិក្សានៅតាមស្ថាប័នគំរូនានា ថ្នាក់ដឹកនាំកម្ពុជាទទួលបាននូវឧត្តមានុវត្តន៍ និងទស្សនវិស័យថ្មីៗ ដែលនឹងក្លាយជាទុនយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់យកទៅបន្ស៊ីក្នុងការកែទម្រង់ និងអភិវឌ្ឍស្ថាប័នរៀងៗខ្លួន។

គួរជម្រាបថា ការបញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ទៅបំប៉នសមត្ថភាពនេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ របស់បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។ ជំហាននេះបានឆ្លើយតបយ៉ាងពេញលេញទៅនឹងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាននិងកំពុងជំរុញការកសាងរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យកាន់តែប្រសើរឡើងជាលំដាប់៕

បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងផែនការ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ន...
31/08/2026

បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងផែនការ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្តាប់របាយការណ៍ ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាសម្រេចលើការងារបច្ចេកទេសសំខាន់ៗ ក្នុងដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការទទួលពាក្យ និងការត្រៀមលក្ខណៈប្រឡងរួចមក ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកានៃអង្គប្រជុំ បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល អង្គប្រជុំបានឯកភាពសម្រេចកំណត់យកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ជាកាលបរិច្ឆេទប្រឡង និងកំណត់យកសាលាភូមិន្ទរដ្ឋបាលជាមណ្ឌលប្រឡងរួម សម្រាប់ជ្រើសរើសមន្ត្រីជំនាញច្បាប់ចំនួន ១៥កន្លែង ជូនក្រសួងយុត្តិធម៌ និងមន្ត្រីផ្អែកលេីកិច្ចព្រមព្រៀង​ការងារ​ចំនួន ១៦កន្លែង ជូនវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។

ការរៀបចំគ្រប់ដំណាក់កាលនៃការប្រឡងប្រជែងនេះ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបន្តរុញច្រានការកែទម្រង់រដ្ឋបាលសាធារណៈ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន ពោលគឺ «អ្នកចេះជាប់» និង «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

សូមបេក្ខជនទាំងអស់ តាមដានដោយយកចិត្តទុកដាក់នូវការផ្សព្វផ្សាយជាបន្តបន្ទាប់ និងយកចិត្តទុកដាក់នូវការទាក់ទងដោយផ្ទាល់របស់គណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែម ក្នុងករណីចាំបាច់ដែលមាន៕

តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការនៅខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ាន...
31/08/2026

តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស "ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍" (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ការបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពប្រសើរឡើងនៃបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិផ្ទៃក្នុងដ៏រឹងមាំ ព្រមទាំងគោលនយោបាយបើកចំហសេដ្ឋកិច្ចទៅកាន់ទីផ្សារពិភពលោក។ កត្តាអំណោយផលទាំងនេះ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ ឱ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន សំដៅបង្កើនភាពប្រទាក់ក្រឡានៃខ្សែច្រវាក់ផលិតកម្ម និងសេវាកម្ម ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការចំណាកស្រុក និងផ្តល់ជម្រើសការងារកាន់តែប្រសើរជូនប្រជាពលរដ្ឋកម្ពុជា។

គម្រោងតំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort មានទំហំទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៣២ហិកតា។ នេះមិនត្រឹមតែជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្ដានុពលខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រួលដល់ការចរាចរទំនិញពីមូលដ្ឋានផលិតកម្មក្នុងស្រុក ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ គម្រោងនេះនឹងបង្កើតបានជាចំណុចប្រសព្វដ៏សំខាន់ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មទៅកាន់បណ្តាញដឹកជញ្ជូនពហុមធ្យោបាយ។ បន្ថែមពីនេះ វានឹងបង្កើតនូវប្រព័ន្ធអេកូឡូស៊ីរួមមួយ ដែលបន្ស៊ីគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងធុរជនបានកាន់តែទូលំទូលាយ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នឹងក្លាយជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជនក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

សមិទ្ធផលធំៗនៃការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានរំលេចយ៉ាងត្រដែត និងវាយតម្លៃខ្ពស់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេចក្តីប្រក...
31/08/2026

សមិទ្ធផលធំៗនៃការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានរំលេចយ៉ាងត្រដែត និងវាយតម្លៃខ្ពស់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

សេចក្តីប្រកាសព័ត៌មានស្តីពី «លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានរំលេចយ៉ាងច្បាស់នូវចំណុចទី៤ អំពីរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ តាមរយៈការងារគន្លឹះនេះ រាជរដ្ឋាភិបាល សម្រេចបានការប្រឡងប្រជែងមន្ត្រីរាជការចំនួន ៥៨លើក សម្រាប់ ១២ក្រសួង-ស្ថាប័ន ដោយមានបេក្ខជនដាក់ពាក្យជាង ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីជាប់ស្ថាពរ ៨,០៥៩នាក់ (ស្រី ៤,៥២៩នាក់ ក្នុងនោះមានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ៣,០២៣នាក់ និងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ៣៤១នាក់)។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បាន និងកំពុងរៀបចំការពិពណ៌នាមុខតំណែងវិជ្ជាជីវៈនៅតាមក្រសួង-ស្ថាប័នចំនួន២៩ និង ២៧ទៀតកំពុងធ្វើសេចក្តីព្រាងអនុក្រឹត្យ ព្រមទាំងបានកែសម្រួលរចនាសម្ព័ន្ធថ្មីនៅតាម ១៦ក្រសួង-ស្ថាប័ន ដោយសម្រេចកាត់បន្ថយអគ្គនាយកដ្ឋានចំនួន៣ និងនាយកដ្ឋានចំនួន៣០ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ លើសពីនេះ ក្រសួងមុខងារសាធារណៈ ក៏បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមក្រសួង-ស្ថាប័នចំនួន២២ រួមទាំងអង្គភាពសុខាភិបាល និងសាលារៀនសាធារណៈក្នុងរាជធានី-ខេត្តចំនួន២ ដើម្បីគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែច្បាស់លាស់ តម្លាភាព និងមានសមត្ថភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលស្ដីពីនីតិវិធីរៀបចំប្រព័ន្ធបៀវត្សជូនដល់មន្ត្រីទទួលបន្ទុកមកពីអង្គភាពថវិកានីមួយៗកាលពីថ្ងៃទ...
30/08/2026

ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលស្ដីពីនីតិវិធីរៀបចំប្រព័ន្ធបៀវត្សជូនដល់មន្ត្រីទទួលបន្ទុកមកពីអង្គភាពថវិកានីមួយៗ

កាលពីថ្ងៃទី២៧ និងទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាយកដ្ឋានធនធានមនុស្ស សហការជាមួយនាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តនីតិវិធីនៃការរៀបចំប្រព័ន្ធបៀវត្សរបស់អង្គភាពថវិកាចំណុះក្រសួងមុខងារសាធារណៈ»។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីគ្រប់អង្គភាពថវិកាចំណុះក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាបាននូវតម្លាភាព ប្រសិទ្ធភាពការងារ និងលុបបំបាត់ភាពអសកម្មនានា ក្នុងការគ្រប់គ្រងថវិការដ្ឋ និងធនធានមនុស្ស តាមរយៈការរៀបចំបៀវត្សតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលមានភាពងាយស្រួល និងឆាប់រហ័ស។

ក្នុងឱកាសនោះផងដែរ ដើម្បីជាជំនួយ និងការបង្កើនចំណេះដឹងដល់ការប្រើប្រាស់គណនីឱ្យមានសុវត្ថិភាពខ្ពស់ នាយកដ្ឋានធនធានមនុស្សបានបង្ហាញនូវវីដេអូអប់រំចំនួន២ ស្តីពី សន្តិសុខបច្ចេកវិទ្យារួមមាន៖ Security of Google Service និង Security of Telegram Service ជូនដល់សិក្ខាកាមទាំងអស់។ ទន្ទឹមនឹងនោះលោក ឡេង សុភក្ត្រ ប្រធាននាយកដ្ឋានធនធានមនុស្ស ព្រមទាំងលោក លោកស្រីមន្ត្រីជំនាញមកពីនាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានហិរញ្ញវត្ថុ បានធ្វើបទបង្ហាញលើប្រធានបទគន្លឹះសំខាន់ៗ រួមមាន៖ (១) ការគ្រោងចំណាយបន្ទុកបុគ្គលិក, (២) នីតិវិធីនៃការរៀបចំបៀវត្សប្រចាំខែ, (៣) អាណត្តិបើកប្រាក់ និងតារាងទូទាត់បៀវត្សប្រចាំខែ និង (៤) នីតិវិធីនៃការទូទាត់បៀវត្ស ការនិយ័តថវិកាក្នុងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងការធ្វើសំណែសចំណាយ។ ក្រៅពីការស្តាប់ការធ្វើបទបង្ហាញ សិក្ខាកាមទាំងអស់ក៏បានចូលរួមពិភាក្សាជាក្រុមយ៉ាងផុសផុលលើការអនុវត្តជាក់ស្តែងអំពីការគ្រោងចំណាយបន្ទុកបុគ្គលិក និងការអនុវត្តនីតិវិធីនៃការរៀបចំបម្រែបម្រួលស្ថានភាពរដ្ឋបាលរបស់មន្ត្រីរាជការ។

វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ប្រកបដោយជោគជ័យ និងផ្លែផ្កា ដោយរំពឹងយ៉ាងមុតមាំថា សិក្ខាកាមគ្រប់រូបនឹងចែករំលែកចំណេះដឹងល្អៗ ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល ជាមួយមន្ត្រីរាជការក្នុងអង្គភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល៕

ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តនារសៀលថ្ងៃទី២៧ ខ...
29/08/2026

ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងការដាក់ចេញនូវទិសដៅការងារអាទិភាពសម្រាប់ខែបន្ទាប់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សូផាន់ រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ (Zoom)។

ផ្អែកលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈគួរជាទីមោទនៈ ដោយក្នុងនោះចំនួនមន្ត្រីរាជការបានថយចុះ ៨៦នាក់នៅថ្នាក់ជាតិ និង ២៤៨នាក់នៅថ្នាក់ក្រោមជាតិ បើធៀបនឹងខែកក្កដា រួមទាំងបានអនុវត្តយ៉ាងម៉ត់ចត់នូវការងារបង្វែរប្រាក់បៀវត្សដែលបានបើកហួស ព្រមទាំងពង្រឹងវិន័យការងារយ៉ាងតឹងរ៉ឹង ដោយសម្រេចបានអត្រាវត្តមានមន្ត្រីរាជការមកបំពេញការងារខ្ពស់រហូតដល់ ៩៧% គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ ឯកឧត្តម រស់ សូផាន់ រដ្ឋមន្ត្រីស្តីទី បានដឹកនាំការពិភាក្សាលើបញ្ហាប្រឈមនានា ព្រមទាំងបានផ្តល់ការណែនាំដល់គ្រប់អង្គភាពចំណុះ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារអាទិភាព និងពន្លឿនការអនុវត្តភារកិច្ចដែលនៅសេសសល់ឱ្យសម្រេចបានតាមផែនការដែលបានកំណត់។ កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបន្តជំរុញការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពខ្ពស់៕

Address

ផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
Phnom Penh
12405

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Telephone

+85515214444

Alerts

Be the first to know and let us send you an email when ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia:

Shortcuts

Share