03/09/2026
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើឯកសារទស្សនាទានបណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួងយុត្តិធម៌
====================
នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើឯកសារទស្សនាទានបណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌។
ឯកសារទស្សនាទានបណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួងយុត្តិធម៌ ត្រូវបានរៀបចំឡើងដោយក្រុមមការងារបច្ចេកទេសដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្មរបស់ក្រសួងយុត្តិធម៌ ដើម្បីបង្កើតនិងដាក់ដំណើរការបណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួង ដែលជាកន្លែងប្រមូលផ្តុំ រក្សាទុក និងស្វែងរកឯកសារច្បាប់ ក្នុងគោលដៅលើកកម្ពស់ចំណេះដឹង ប្រសិទ្ធិភាព និងគុណភាពនៃការងារអប់រំផ្សព្វផ្សាយច្បាប់ ជូនដល់សាធារណជន មន្រ្តីអនុវត្តច្បាប់ និងអ្នកសិក្សាស្រាវជ្រាវផ្នែកច្បាប់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ រួមមាន ឯកឧត្តម អ៊ួង សុភារិន្ទ, ឯកឧត្តម ខាន់ វណ្ណៈ, ឯកឧត្តម ឯម ច័ន្ទមករា, ឯកឧត្តម ផេង សុខលាភ, និងអគ្គនាយក/អគ្គនាយករង, ប្រធាន/អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីនៃក្រសួងយុត្តិធម៌ សរុបប្រមាណ ២០រូប ។