01/09/2026
ការប្រារព្ធទិវាយុវជនអន្តរជាតិ និងខួបលើកទី២០ នៃការបង្កើតក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ (UNYAP)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចឹក លីម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងជាអគ្គនាយកយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងពិធីអបអរសាទរ ទិវាយុវជនអន្តរជាតិ និងខួបលើកទី២០ នៃការបង្កើតក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ (UNYAP) ដែលព្រឹត្តិការណ៍នេះមានការគាំទ្រពីសំណាក់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ រួមមានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវិល បណ្ដាញយុវជន សិស្សានុសិស្ស និងយុវជនពីខេត្តរតនគិរី និងសហគមន៍ផ្សេងៗ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមប្រធានបទសកល «បរិបទខុសគ្នា ក្តីប្រាថ្នាតែមួយ» និងមូលបទ «២០ឆ្នាំនៃសំឡេងយុវជន៖ ពីសកម្មភាពក្នុងស្រុក ទៅជាផលវិជ្ជមានកម្រិតសកល» ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការបញ្ចេញមតិ ចែករំលែកបទពិសោធន៍ ចូលរួមក្នុងកិច្ចសន្ទនា និងរួមចំណែកក្នុងការកសាងសង្គម និងអនាគតប្រទេសជាតិ ដែលមានគោលបំណងផ្ដោតសំខាន់ទៅលើ៖
- ការអបអរសាទរទិវាយុវជនអន្តរជាតិ
- ការចាក់បញ្ចាំងសាច់រឿងការងារស្ម័គ្ររបស់យុវជន
- ការលើកកម្ពស់ការទទួលស្គាល់សមិទ្ធផលនៃការងារស្ម័គ្រចិត្តរបស់យុវជននៅក្នុងក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
- វេទិកាពិភាក្សាពីវាគ្មិនជំនាញ។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមបានផ្ដល់អនុសាសន៍ល្អៗ និងជំរុញដល់យុវជនកម្ពុជាបន្តអភិវឌ្ឍចំណេះដឹង ជំនាញឌីជីថល ជំនាញទំនាក់ទំនង ការគិតវិភាគ ភាពជាអ្នកដឹកនាំ និងស្មារតីស្រឡាញ់ជាតិ ដើម្បីរួមចំណែកកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ហើយការផ្លាស់ប្តូរដ៏ធំក្នុងសង្គមជាតិ អាចចាប់ផ្តើមពីគំនិតតូចមួយ សកម្មភាពស្ម័គ្រចិត្តមួយ ឬការចូលរួមរបស់យុវជនម្នាក់នៅក្នុងសហគមន៍។
បន្ថែមពីនោះ ឯកឧត្ដមក៏បានអំពាវនាវឱ្យបន្តកិច្ចសហការល្អរវាងយុវជន ស្ថាប័នរដ្ឋ អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូពាក់ព័ន្ធ ចូលរួមបង្កើតបរិយាកាសមួយដែលយុវជនគ្រប់រូបមានឱកាសបញ្ចេញសំឡេង ទទួលបានឱកាស និងចូលរួមយ៉ាងពេញលេញក្នុងការកសាងអនាគតប្រទេសជាតិ។
៣០ សីហា ២០២៦ | រាជធានីភ្នំពេញ
-ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន
https://linktr.ee/dgy.moeys.gov.kh