ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(739)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ក្នុងនីតិកាលទី៣ នៃរដ្ឋសភា ស្របតាមអនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសូងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ប៉ុន្តែនៅឆ្នាំ២០១៤ ត្រូវបានរៀបចំធ្វើវិសោធនកម្ម តាមរយៈអនុក្រឹត្យលេខ២៨៣អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ដីពីការរៀបចំ និងការព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

01/09/2026

ឯកឧត្តម ហេង សួរ៖ ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មិនមែនឱ្យភាគីណាមួយរងផលអវិជ្ជមាននោះទេ ប៉ុន្តែគឺដើម្បីធ្វើឱ្យវិស័យនេះ និងភាគីពាក់ព័ន្ធបន្តរីកចំរើនជាមួយគ្នា

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បើកកិច្ចប្រជុំលើកទី ១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម...
01/09/2026

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បើកកិច្ចប្រជុំលើកទី ១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ដោយឯកភាពប្រើប្រាស់ស្ថិតិនៃលក្ខណវិនិច្ឆ័យទាំង៧ និងកាលបរិច្ឆេទកិច្ចប្រជុំបន្តបន្ទាប់

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

បន្ទាប់ពីសមាសភាពយន្តការត្រីភាគីនេះ បានពិភាក្សានិងលើកមតិយោបល់យ៉ាងផុលផុស អង្គប្រជុំបានអនុម័តសម្រេចបានលទ្ធផលសំខាន់ៗដូចជា៖ (១) បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់
ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧, (២) ភាគីនីមួយៗ ឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញនេះ ទៅពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់ និង (៣) ឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃចន្ទ ទី១៤, នៅរសៀល ថ្ងៃសុក្រ ទី១៨, នៅព្រឹក ថ្ងៃចន្ទ ទី២៨, និងលើកចុងក្រោយ នៅព្រឹក ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២
01/09/2026

សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២

01/09/2026

វីដេអូសង្ខេបសកម្មភាពការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

01/09/2026

កម្ពុជា និង ILO សាទរសមិទ្ធផលពាក់កណ្តាលអាណត្តិកម្មវិធី DWCP និងជំរុញពង្រឹងកិច្ចសហការត្រីភាគី ដើម្បីលើកកម្ពស់ការងារសមរម្យឱ្យកាន់តែប្រសើរសម្រាប់កម្មករនិយោជិត

ក្រសួងការងារ ពង្រឹងសមត្ថភាពមន្ត្រីជំនាញអនាម័យការងារ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ(ភ្នំពេញ)៖ ឯកឧត្តម...
01/09/2026

ក្រសួងការងារ ពង្រឹងសមត្ថភាពមន្ត្រីជំនាញអនាម័យការងារ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី "មូលដ្ឋានគ្រឹះអនាម័យការងារ" នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ដែលរៀបចំឡើងដោយក្រសួងការងារ សហការជាមួយអង្គការអាហ្វីដា (APHEDA) និងបណ្តាញអនាម័យការងារអាស៊ាន (ANOH) ដល់មន្ត្រីនៃនាយកដ្ឋានពេទ្យការងារ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពលើការត្រួតពិនិត្យ តាមដាន វាយតម្លៃ និងឆ្លើយតបនឹងហានិភ័យផ្នែកសុខភាពដែលបណ្តាលមកពីប្រភពគ្រោះថ្នាក់នៅកន្លែងធ្វើការ ព្រមទាំងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឯកឧត្តម ហួត ស៊ីនាដ បានថ្លែងអំណរគុណចំពោះអង្គការ​ APHEDA​ និង​ ANOH​ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកន្លងមក ចាប់តាំងពីឆ្នាំ២០១៥ ព្រមទាំងបានបន្តផ្តល់ការគាំទ្រដល់ក្រសួងក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ។

ជាមួយគ្នានេះ ឯកឧត្តម​បាន​ជំរុញឱ្យមន្ត្រីដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ ខិតខំក្រេបយកចំណេះដឹង និងបទពិសោធពីអ្នកជំនាញអនាម័យការងារអូស្ត្រាលីទាំង២រូប ដែលអញ្ជើញមកពីសមាគមបណ្តុះបណ្តាលអនាម័យការងារសកល (OHTA) ដើម្បីយកចំណេះដឹងទាំងនេះមកអនុវត្តក្នុងការងារ ព្រមទាំងចូលរួមរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ប្រតិបត្តិស្តង់ដាឱ្យឆ្លើយតបនឹងតម្រូវការ និងការវិវត្តនៃពិភពការងារ។

គួរ​បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ និងប្រឡងវគ្គបណ្តុះបណ្តាល​ដោយជោគជ័យ សិក្ខាកាមទាំងអស់នឹងក្លាយជាអ្នកជំនាញផ្នែកអនាម័យការងារ ដែលទទួលស្គាល់ដោយសមាគម​ OHTA​ ហើយត្រូវបន្តចូលរួមចែករំលែកចំណេះដឹងផ្នែកអនាម័យការងារដល់មន្ត្រីដទៃទៀត និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមចំណែកអភិវឌ្ឍប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជាឱ្យកាន់តែប្រសើរ៕

សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អុិមស៊ីប៊ែក ឯ.ក MCBAG CO.,LTD ដែលបាននាំយក អង្ករ ចំនួន ៧៥០គីឡូក្រាម មី ចំនួន ៣៦កេស ទឹកសុទ្...
01/09/2026

សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អុិមស៊ីប៊ែក ឯ.ក MCBAG CO.,LTD ដែលបាននាំយក អង្ករ ចំនួន ៧៥០គីឡូក្រាម មី ចំនួន ៣៦កេស ទឹកសុទ្ធ ចំនួន ៣០កេស និងថវិកា ចំនួន ៨០០ ០០០រៀល មកប្រគល់ជូនដល់ទីស្តីការក្រសួងនាពេលនេះ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពកោតសរសើរចំពោះភាពសប្បុរសរបស់ ក្រុមហ៊ុន អុិមស៊ីប៊ែក ឯ.ក MCBAG CO.,LTD ដែលបានចូលរួមតាមរយៈក្រសួង ដើម្បីនាំយកទៅផ្តល់ជូនដល់វីរកងទ័ព​ និងគ្រួសារវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧​ ដែលឈរជើងនៅទិសប្រាសាទព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ​៕

ក្រសួងការងារ បន្តពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយវិវាទ​(ភ្នំពេញ)៖​ ឯកឧត្តម សោ...
01/09/2026

ក្រសួងការងារ បន្តពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយវិវាទ

​(ភ្នំពេញ)៖​ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការកសាងសមត្ថភាពសម្រាប់មន្ត្រីផ្សះផ្សាវិវាទការងារ" នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមក្របខ័ណ្ឌគម្រោងភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea) សម្រាប់មន្ត្រីផ្សះផ្សាវិវាទការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ។

វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញរបស់មន្ត្រីផ្សះផ្សា ពាក់ព័ន្ធនឹងបច្ចេកទេសសម្របសម្រួល និងផ្សះផ្សាវិវាទការងារ ការរៀបចំកំណត់ហេតុផ្សះផ្សា ក្រមសីលធម៌របស់មន្ត្រីផ្សះផ្សា និងសារៈសំខាន់នៃការដោះស្រាយបណ្តឹងតវ៉ានៅកម្រិតសហគ្រាសប្រកបដោយប្រសិទ្ធភាព។ ការបណ្តុះបណ្តាលនេះ បង្រៀនដោយអ្នកជំនាញរបស់ ILO អ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ និងអ្នកជំនាញជាតិ ដែលមានបទពិសោធក្នុងវិស័យការងារ និងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សោម ចំណាន បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ស្របតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ ការងារនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សះផ្សា លើកកម្ពស់សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ កិច្ចសន្ទនាសង្គម និងការដោះស្រាយវិវាទការងារនៅកន្លែងធ្វើការដោយសន្តិវិធី។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសអធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ គឺជាកត្តាចាំបាច់ក្នុងការលើកកម្ពស់បរិយាកាសការងារ ផលិតភាព និងទំនុកចិត្តលើយន្តការដោះស្រាយវិវាទការងារ។ ការពង្រឹងសមត្ថភាពនេះ ក៏ជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ការងារសមរម្យ និងសុខដុមនីយកម្មនៅកម្ពុជា។

ជាមួយគ្នានេះ លោក ហូជុល ស៊ីន (Hochul Shin) ប្រធានទីប្រឹក្សាផ្នែកបច្ចេកទេសនៃគម្រោងភាពជាដៃគូ ILO-Korea បានលើកឡើងថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសមន្ត្រីផ្សះផ្សា មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សះផ្សា សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិកម្មករនិយោជិត និងនិរន្តរភាពផលិតភាពអាជីវកម្ម។ លោកបន្តថា ការងារនេះក៏អាចជួយកម្ពុជាកសាងប្រព័ន្ធទំនាក់ទំនងការងារដែលមានភាពធន់ និងប្រកបដោយសមធម៌ ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់៕

កម្ពុជា និង ILO រួមគ្នាពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ...
01/09/2026

កម្ពុជា និង ILO រួមគ្នាពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ
បានអញ្ជើញជាសហអធិបតីបើក "សិក្ខាសាលាជាតិស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា" នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សហជីព អង្គការនិយោជក អង្គការកម្មករនិយោជិត ប្រតិបត្តិករថ្នាលបច្ចេកវិទ្យា អ្នកជំនាញ និងភាគីពាក់ព័ន្ធ។

សិក្ខាសាលានេះមានគោលបំណងពង្រឹងការយល់ដឹងអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យានៅកម្ពុជា ពិនិត្យលក្ខខណ្ឌការងារ និងការគ្របដណ្ដប់របបសន្តិសុខសង្គមរបស់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងឈ្វេងយល់អំពីបទដ្ឋានអន្តរជាតិការងារថ្មីៗ ក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយដែលមានស្រាប់នៅកម្ពុជា ព្រមទាំងបទពិសោធរបស់បណ្ដាប្រទេសក្នុងតំបន់ ដើម្បីជាធាតុចូលសម្រាប់ការកំណត់អាទិភាព និងការពិភាក្សាគោលនយោបាយនាពេលខាងមុខ។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា ប្រធានបទនេះមានសារៈសំខាន់ និងឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល និងពិភពការងារ ខណៈការរីកចម្រើននៃថ្នាលបច្ចេកវិទ្យាបានបង្កើតឱកាសថ្មីៗ ប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈមដែលទាមទារឱ្យមានការសិក្សា វាយតម្លៃ និងឆ្លើយតបប្រកបដោយតុល្យភាព។ កិច្ចពិភាក្សានេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធចែករំលែកបទពិសោធ និងកំណត់បញ្ហាប្រឈមនៃទម្រង់ការងារថ្មីៗ។

លោកជំទាវបានសង្កត់ធ្ងន់ថា ការចាប់យកនវានុវត្តន៍ និងការលើកកម្ពស់ការងារសមរម្យមិនមែនជាគោលដៅដែលផ្ទុយគ្នានោះទេ ប៉ុន្តែត្រូវរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការធានាការគាំពារសមស្របដល់អ្នកធ្វើការ។ ការកំណត់ជម្រើសគោលនយោបាយត្រូវផ្អែកលើបរិបទសេដ្ឋកិច្ច សង្គម រចនាសម្ព័ន្ធទីផ្សារការងារ លក្ខណៈអាជីវកម្ម និងសមត្ថភាពអនុវត្តរបស់កម្ពុជា ព្រមទាំងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

ជាមួយគ្នានេះ លោកស្រី ស៊ាវយៀន ឈាន​ នាយិកាការិយាល័យ​ ILO​ ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការយកចិត្តទុកដាក់របស់កម្ពុជាចំពោះការលើកកម្ពស់ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេសរបស់ ILO។ សិក្ខាសាលានេះត្រូវបានរំពឹងថា នឹងផ្តល់ធាតុចូលសម្រាប់ការកំណត់អាទិភាព និងសិក្សាជម្រើសគោលនយោបាយ ដើម្បីធានាការឆ្លើយតបរបស់កម្ពុជាចំពោះទម្រង់ការងារបច្ចុប្បន្ន និងការងារថ្មីៗនាពេលអនាគត ប្រកបដោយតុល្យភាព បរិយាបន្ន និងចីរភាព៕

គណៈប្រតិភូអ៊ីស្រាអែលកោតសរសើរកម្ពុជាពីការរៀបចំធ្វើតេស្តជ្រើសរើសពលករទៅធ្វើការនៅអ៊ីស្រាអែលប្រកបដោយស្តង់ដា និងគុណភាព (ភ្នំពេ...
31/08/2026

គណៈប្រតិភូអ៊ីស្រាអែលកោតសរសើរកម្ពុជាពីការរៀបចំធ្វើតេស្តជ្រើសរើសពលករទៅធ្វើការនៅអ៊ីស្រាអែលប្រកបដោយស្តង់ដា និងគុណភាព

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអ៊ីស្រាអែល ដឹកនាំដោយលោកស្រី ហ្សឺលី រៃស៊ីន សេសុន (Shirley Raisin-Sasson) ប្រធាននាយកដ្ឋានកិច្ចព្រមព្រៀងទ្វេភាគី នៃអាជ្ញាធរប្រជាជនអន្តោប្រវេសន៍ (PIBA) នៃរដ្ឋអ៊ីស្រាអែល នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការជ្រើសរើសពលករខ្មែរសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នៃរដ្ឋអ៊ីស្រាអែលឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអ៊ីស្រាអែល និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ បន្ទាប់ពីកម្ពុជា និងអ៊ីស្រាអែល ដែលបានចុះកិច្ចព្រមព្រៀងទ្វេភាគី កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ដែលបានបង្កើតនូវយន្តការផ្លូវការសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងតម្លាភាព។ ឯកឧត្តមសង្ឃឹមថា ក្រសួងនឹងអាចចាប់ផ្តើមបញ្ជូនពលករទៅរដ្ឋអ៊ីស្រាអែលក្នុងពេលឆាប់ៗខាងមុខនេះស្របតាមតម្រូវការរបស់និយោជកអ៊ីស្រាអែល។

ជាការឆ្លើយតប លោកស្រី ហ្សឺលី រៃស៊ីន សេសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារចំពោះកិច្ចខិតខំប្រឹងប្រែងរហូតសម្រេចបានការអនុវត្តកិច្ចព្រមព្រៀង ដែលនឹងចូលរួមគាំទ្រដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។ លោកស្រីបានកោតសរសើរយ៉ាងខ្លាំងចំពោះដំណើរការរៀបចំការធ្វើតេស្តស្របតាមស្តង់ដាខ្ពស់ និងមានកិច្ចសហការល្អ។ លោកស្រីចង់យកកិច្ចសហការនេះជាគំរូ និងមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀតនៅក្នុងវិស័យផ្សេងៗ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងអាចពង្រីកកិច្ចព្រមព្រៀងទ្វេភាគីទៅកាន់វិស័យផ្សេងៗទៀត បន្ទាប់ពីទទួលលទ្ធផលល្អពីក្នុងវិស័យកសិកម្ម។

នៅក្នុងដំណើរបេសកកម្មនេះ ប្រតិភូអ៊ីស្រាអែលបានចុះទៅពិនិត្យដំណើរការធ្វើតេស្តជ្រើសរើសបេក្ខជនទៅធ្វើការក្នុងវិស័យកសិកម្ម នៅគ្រប់ដំណាក់កាល រួមមាន ដំណាក់កាលតេស្តចំណេះដឹងផ្នែកកសិកម្ម និងភាសាដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) តេស្តភាពរហ័សរហួន និងតេស្តកាយសម្បទា ព្រមទាំងបានចូលរួមសម្ភាសបេក្ខជនដោយផ្ទាល់ជាមួយមន្ត្រីក្រសួងផងដែរ។ ទន្ទឹមនឹងនេះ ប្រតិភូអ៊ីស្រាអែលបានសាទរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដំណើរការប្រឡងប្រកបដោយប្រសិទ្ធភាព និងរលូន៕

Address

អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
Phnom Penh
12156

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:00 - 17:30

Alerts

Be the first to know and let us send you an email when ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ:

Shortcuts

Share