13/05/2026
នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យឯកជន ក្រោមអធិបតីភាពឯកឧត្តម តាន់ កុសល នាយកស្តីទីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីតំណាងវិស័យឯកជនដែលមានសក្តានុពលក្នុងវិស័យសំណង់រួមមាន ក្រុមហ៊ុន Orkide Development, ក្រុមហ៊ុន 7FTD Co., LTD និងក្រុមហ៊ុន DBD Engineering PLC ក្នុងគោលបំណងស្នើឱ្យវិស័យឯកជនសហការចូលរួមពិនិត្យលើកម្មវិធីសិក្សាមុខជំនាញសំណង់ស៊ីវិលនៅក្នុងវិទ្យាស្ថានដើម្បី៖
១-ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍន៍កម្មវិធីសិក្សា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពតាមរយៈការអភិវឌ្ឍម៉ូឌុលសិក្សា ឧបករណ៍/សម្ភារៈបណ្តុះបណ្តាល សុវត្ថិភាពការងារតាមបទដ្ឋានបច្ចេកទេស និងម៉ូឌុលសិក្សាជំនាញទន់
២-ឱ្យឆ្លើយតបតម្រូវការទីផ្សារការងារ ដើម្បីធានាថានិស្សិតដែលបញ្ចប់ការសិក្សាពី NTTI មានសមត្ថភាពពេញលេញ ស្របតាមស្តង់ដារបច្ចេកទេសដែលក្រុមហ៊ុនត្រូវការ
៣-ដើរឱ្យទាន់ការវិវត្តន៍បច្ចេកវិទ្យា ក្នុងយុគសម័យទំនើបនៃឧស្សាហកម្ម ៤.០ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ក្នុងពេលបច្ចុប្បន្ន
ឯកឧត្តមនាយកស្តីទីបានសង្កត់ធ្ងន់ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន គឺជាគន្លឹះដ៏សំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាព និងមានសក្តានុពលខ្ពស់សម្រាប់ការចូលរួមចំណែកក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការរួមចំណែករបស់វិស័យឯកជននឹងជួយឱ្យវិស័យឯកជនចំណេញពេលវេលា និងថវិកាក្នុងការបណ្តុះបណ្តាលបុគ្គលិកថ្មីឡើងវិញ ព្រោះនិស្សិតដែលចេញទៅគឺមានសមត្ថភាពស្របតាមតម្រូវការរបស់ក្រុមហ៊ុន និងមានភាពប្រកួតប្រជែងខ្ពស់។