31/05/2026
អបអរសាទរយុទ្ធនាការ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ»
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណកោះពេជ្រ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក Blaise Kilian សហស្ថាបនិកសារមន្ទីរ SOSORO លោក Dos Dinn នាយកប្រតិបត្តិគ្រឹះស្ថានអម្រឹត តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អូស៊ីអាយស៊ី គ្រុប (OCIC Group) ក្រុមហ៊ុន Hi Tech តំណាងសមាគមសិស្សនិស្សិតអាហារូបករណ៍ អ.ម.ត និងយុវជន សិស្សានុសិស្សជាច្រើនរូប។
កម្មវិធីនេះ គឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយដំបូងបង្អស់នៅកម្ពុជា ផ្ដួចផ្ដើមឡើងដោយគ្រឹះស្ថានអម្រឹត រួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ ក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖
•ចូលរួមចំណែកបន្តលើកកម្ពស់វិស័យអប់រំ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល
•ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្ដុះទម្លាប់អានក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌អាននៅកម្ពុជា
•ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរនៅសារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ ដែលផ្ដល់នូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងសង្គមក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។
កម្មវិធីនេះ មិនត្រឹមតែជួយជំរុញសុខភាពតាមរយៈការរត់-ដើរប៉ុណ្ណោះទេ ថែមទាំងជាចលនាជាតិដ៏មានសារៈសំខាន់ ក្នុងការដាស់ស្មារតីយុវជនឱ្យងាកមកបណ្ដុះទម្លាប់ និងបង្កើនវប្បធម៌នៃការអាន ដែលជាសសរស្ដម្ភដ៏រឹងមាំក្នុងការកសាងមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ យុទ្ធនាការ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» នឹងជួយឱ្យសិស្ស ១ម៉ឺននាក់ ឬច្រើនជាងនេះ បានយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជា រូបិយវត្ថុ និងសារៈសំខាន់នៃតួនាទីនៃការគ្រប់គ្រងហិរញ្ញវត្ថុ (Financial Literacy) ទន្ទឹមនឹងចំណេះដឹងប្រវត្តិសាស្ត្រ បំណិនគ្រប់គ្រងខ្លួនឯង និងហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងគ្រួសារ ព្រមទាំងការផ្សារភ្ជាប់កីឡាជាមួយចំណេះដឹងហិរញ្ញវត្ថុ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែករៀបចំ និងជំរុញកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយរលូនជោគជ័យ និងសូមអំពាវនាវវិស័យឯកជន និងមហាជនពីគ្រប់មជ្ឈដ្ឋាន បន្តចូលរួមគាំទ្រយុទ្ធនាការបែបនេះឱ្យកាន់តែច្រើនបន្តទៀត ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការរួបរួមគ្នា ការហាត់កីឡានាំមកនូវសុខភាព សាមគ្គីភាព ជំរុញយុវជនឱ្យចេះជួយគ្នា ពង្រឹងវិន័យខ្លួនឯង បង្កើតទម្លាប់ល្អៗនិងភាពធន់ ឈានទៅពង្រឹងគុណភាពជីវិត និងចំណេះដឹងផងដែរ។
សូមបញ្ជាក់ថា ថវិកាដែលប្រមូលបានពីការចុះឈ្មោះទាំងអស់ក្នុងកម្មវិធី «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ» រួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅឧបត្ថម្ភគាំទ្រទិវាជាតិអំណាន និងពិព័រណ៍សៀវភៅថ្នាក់ជាតិសម្រាប់រយៈពេល ៣ឆ្នាំ, រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្ដាខេត្តចំនួន ១ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយៈពេល ៣ឆ្នាំ និងឧបត្ថម្ភការផ្សព្វផ្សាយពីសារៈសំខាន់នៃការអាននៅតាមបណ្ដាខេត្តមួយចំនួន៕
គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia