14/08/2026
ភ្នំពេញ ៖ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអនុញ្ញតិដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីគុនចម្រុះក្រសួងមហាផ្ទៃ ចូលជួបសំណេះសំណាល និងទទួលទានអាហាសាមគ្គី ក្រោយពីបញ្ចប់បេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍ GAMMA Asian Championship 2026 Putrajaya Kuala Lumpur ប្រកបដោយជោគជ័យពីប្រទេសម៉ាឡេស៊ី។
ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់ចតុមុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ប្រាក់ វណ្ណដា ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងលោកវរសេនីយ៍ឯក ស្រ៊ឺ ស្រេង អនុប្រធានប្រចាំការ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ តំណាងលោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្ត្រ ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានសមាគម ព្រមទាំងលោកវរសេនីយ៍ត្រី ប៉េង សេងហុង ប្រតិភូកីឡាគុនចម្រុះ MMA ក្រសួងមហាផ្ទៃ។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក ព្រមទាំងកីឡាករ-កីឡាការិនី រហូតអាចដណ្តើមបានមេដាយពីការប្រកួតក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិមួយនេះ។
ឯកឧត្ដម យិត ភីរៈ បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់ប្រតិភូ គ្រូបង្វឹក ព្រមទាំងកីឡាករ-កីឡាការិនីគុនចម្រុះក្រសួងមហាផ្ទៃ ត្រូវបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមចូលរួមការប្រកួតនានា ទាំងព្រឹត្តិការណ៍ ក្នុងនិងក្រៅស្រុក នាពេលខាងមុខនេះ។ ឯកឧត្តម បានក្រើនរម្លឹកឱ្យពួកគេ បន្តយកចិត្តទុកដាក់គោរពវិន័យ និងថែទាំសុខភាព ត្បិតកត្តាទាំងនេះពិតជាពុំអាចខ្វះបានឡើយ ក្នុងនាមជាអ្នកកីឡា។
ជាទីបញ្ចប់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ជូនដល់ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជ័យលាភីផទាំងអស់ផងដែរ។
សូមជម្រាបជូនថា សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ បានបញ្ជូន គ្រូបង្វឹក និងកីឡាករ-កីឡាការិនីគុនចម្រុះ(MMA) ចំនួន៤រូប ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ GAMMA Asian Championship 2026 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។
ក្រោយបញ្ចប់ការប្រកួតរយៈពេល៦ថ្ងៃ អត្តពលិកគុនចម្រុះក្រសួងមហាផ្ទៃ ប្រជែងបានមេដាយ សរុបចំនួន២គ្រឿង រួមមាន៖
១-កីឡាករ ស៊ា វិច្ឆិកា មេដាយប្រាក់១គ្រឿង ប្រកួតលើប្រភេទទម្ងន់ ៦១,២ គីឡូក្រាម
២-កីឡាការិនី ខៀវ ចិន្តារ័ត្ន មេដាយសំរឹទ្ធ១គ្រឿង ប្រកួតលើប្រភេទទម្ងន់ ៤៧,៦ គីឡូក្រាម៕