25/04/2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា ពីវិទ្យាស្ថានជាតិអប់រំ
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
១. ខ្ញុំមានមោទនភាពចំពោះជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ ខណៈដែលការជួបជុំដ៏ធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមានបញ្ហាអ្វីកើតឡើងដោយជំងឺកូវីដ-១៩នោះទេ
២. ទោះបីជាលែងមាននូវកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស ប៉ុន្ដែការបន្តអនុវត្តនូវវិធានការការពារ កូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺជាការទប់ស្កាត់បាននូវការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩នៅកម្ពុជា
៣. ខ្ញុំសូមលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបង្រៀន បន្តខិតខំសិក្សាលើកកម្រិតវិជ្ជាជីវៈរបស់ខ្លួន ដើម្បីឈានទៅដំឡើងក្របខណ្ឌនៃការបង្រៀនរបស់ខ្លួន និងឈានទៅអប់រំដល់កម្រិតបរិញ្ញាបត្របូកមួយ ដែលស្របទៅនឹងគោលនយោបាយការរៀនពេញមួយជីវិតដែលរាជរដ្ឋាភិបាលបានដាក់ចេញ
៤. មន្ត្រីរបស់យើងត្រូវចេះវិវឌ្ឍន៍ខ្លួនទៅតាមសម័យកាល «សម័យDigital បើមនុស្សមិនDigital ក៏មិនកើតដែរ»
៥. វិស័យអប់រំរបស់កម្ពុជាពេលនេះ បានដើរចេញមកឆ្ងាយហើយ បើប្រៀបធៀបឆ្នាំ១៩៧៩ពេលនោះកម្ពុជា មានការលំបាកណាស់ ក្នុងការជ្រើសរើសគ្រូបង្រៀនដើម្បីមកបង្រៀនសិស្ស ដោយសារតែសង្គ្រាមបានបំផ្លាញអស់សូម្បីតែគ្រូបង្រៀន
៦. កំហុសដ៏ធំរបស់ប្រទេសដែលតែងតែអួតថា ជាបិតាប្រជាធិបតេយ្យ បានបង្កើតកំហុសធំៗចំនួន២សម្រាប់កម្ពុជា ទី១-គាំទ្ររដ្ឋប្រហារទម្លាក់សម្តេច ព្រះបរមរតនកោដ្ឋ នៅឆ្នាំ១៩៧០ និងទី២-គាំទ្រខ្មែរក្រហម ដែលសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់ នៅឆ្នាំ១៩៧៥-១៩៧៩ តែសូមកុំបង្កើតឱ្យមានកំហុសទី៣ សម្រាប់កម្ពុជាឱ្យសោះ
៧. ក្រុមបរទេសដែលអះអាងខ្លួនថា ជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែបានសាងកំហុសធ្វើឲ្យកម្ពុជា រងគ្រោះព្រោះសង្គ្រាម ធ្វើឱ្យប្រទេសរងគ្រោះគ្រប់បែបយ៉ាង ប៉ុន្ដែសូម្បីតែពាក្យសូមទោសមួយម៉ាត់ ក៏បរទេសទាំងនោះមិនបានធ្វើចំពោះកម្ពុជាផង គឺប្រើត្រឹមពាក្យសោកស្ដាយប៉ុណ្ណោះ
៨. ខេត្ត និងស្រុកដែលឆ្លាត បើចង់បានគ្រូបង្រៀនល្អនៅកន្លែងរបស់ខ្លួន គឺត្រូវកសាងកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀន
៩. ខ្ញុំមានការសោកស្ដាយក្រុមដែលអះអាងថា ខ្លួនប្រកាន់របបប្រជាធិបតេយ្យ ប៉ុន្ដែគ្រាន់តែក្រុមអតីតសកម្មជន និងយុវជនសង្គមស៊ីវិល ដែលធ្លាប់ប្រឆាំងរាជរដ្ឋាភិបាល បែរមកចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាល នាំគ្នាទៅរិះគន់ និងប្រមាថក្រុមសកម្មជន និងយុវជនទៅវិញ ដែលសកម្មភាពនេះមិនបង្ហាញពីការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃទៅវិញទេ
១០. ខ្ញុំបានប្រើប្រាស់វិធីសាស្រ្ដចំនួន៣ សម្រាប់ការវិភាគលើស្ថានការណ៍ផ្សេងៗ ក្នុងនោះ ទី១ វិចារវិជ្ជា, ទី២ ទស្សនៈប្រវត្តិសាស្រ្ដ និងទី៣ ឡូស៊ិក តក្កវិទ្យា
១១. ការមិនយកប្រាក់ពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនធ្វើឱ្យកម្ពុជាមាននោះទេ តែការមិនយកនឹងធ្វើឱ្យមនុស្សចូលមកកម្ពុជាកាន់តែច្រើន ហើយប្រទេសដទៃពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម អាចនឹងមិនយកពីកម្ពុជាផងដែរ