08/09/2026
រាជធានីភ្នំពេញ៖ នាយកដ្ឋាននីត្យានុកូលមាត្រាសាស្រ្តនៃមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្ត(ជញ្ជីងតោន) ដែលបានប្រព្រឹត្តទៅនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៊ី ពិទូរ្យ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់ និងតំណាងជញ្ជីងដែលកំពុងធ្វើពាណិជ្ជកម្ម សេវាកម្ម និងអាជីវកម្មរបស់ខ្លួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយមានប្រើជញ្ជីងថ្លឹងរថយន្តជាមធ្យោបាយបញ្ជាក់ពីបរិមាណជាក់លាក់នៃទំនិញ ផលិតផល។
សូមបញ្ជាក់ជូនផងដែរថា តាមរយៈការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្តឱ្យបានត្រឹមត្រូវ ក្រសួង ក៏ដូចជា មន្ទីររាជធានីភ្នំពេញ អាចធានាបាននូវការលក់ទិញទំនិញ ផលិតផល បានគ្រប់បរិមាណ ទប់ស្កាត់បាននូវបាតុភាពផ្សេងៗដែលកើតឡើងពីការប្រើប្រាស់ជញ្ជីងមិនស្របតាមច្បាប់ស្តីពីមាត្រាសាស្រ្តកម្ពុជា ធ្វើឲ្យការគ្រប់គ្រងវិស័យមាត្រាសាស្រ្តនៅកម្ពុជាមានលក្ខណៈសមស្របទៅនឹងនិយាមក្នុងតំបន់ ក៏ដូចជាអន្តរជាតិ និងសម្រេចបាននូវការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។