02/06/2026
នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារនាយកដ្ឋានបឋមសិក្សា និងក្រុមការងារអនុវត្តគម្រោងការលើកកម្ពស់អភិបាលកិច្ច និងការផ្ដល់សេវាអប់រំបឋមសិក្សា ឆ្នាំ២០២៥ នៃក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកិច្ចប្រជុំស្ដីពី៖ ការពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មនៃការអនុវត្តគម្រោងឆ្នាំ២០២៥។
កិច្ចប្រជុំនេះដឹកនាំក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ តំណាងដល់ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការ គ.ប.ស. ដើម្បីធ្វើការវាយតម្លៃគម្រោងការលើកកម្ពស់អភិបាលកិច្ច និងការផ្ដល់សេវាអប់រំបឋមសិក្សា ឆ្នាំ២០២៥ ដែលមាន ៥សូចនាករ។ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានមោទនភាព ដោយសូចនាករទាំង៥ របស់គម្រោង ទទួលលទ្ធផលជាទីគាប់ចិត្ត ពោលគឺសម្រេចបានលទ្ធផល ១០០%។
នាយកដ្ឋានបឋមសិក្សាសូមអបអរសាទរចំពោះគ្រប់ភាគីពាក់ព័ន្ធដែលបានអនុវត្តគម្រោងឆ្នាំ២០២៥ នេះដោយសម្រេចបានលទ្ធផល ១០០%។ នាយកដ្ឋាបបឋនសិក្សាក៏សូមគោរពអរគុណ ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមនិងគាំទ្រឱ្យមានការអនុវត្តគោលនយោបាយប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម និងគណៈកម្មាធិការ គ.ប.ស. ដែលតែងតែផ្ដល់ការគាំទ្រ ការណែនាំយ៉ាងយកចិត្តទុកដាក់ និងជួយសម្របសម្រួលកិច្ចសហការអន្តរក្រសួងយ៉ាងជិតស្និទ្ធ តាំងពីជំហានដំបូងរហូតដល់សម្រេចបានជោគជ័យគម្រោងឆ្នាំ២០២៥ នេះ ព្រមទាំងបាននិងកំពុងគាំទ្រគម្រោងឆ្នាំ២០២៦ ផងដែរ។