22/09/2020
#អតីតកាល
_____________________________
មនុស្សម្នាក់ៗសុទ្ធតែបានដើរឆ្លងកាត់ពេលវេលាមួយដែលហៅថា អតីតកាល ហើយកាលដែលយើងហៅវាថាអតីតកាលវាវាជារឿងដែលកន្លងហួសផុតបាត់ទៅហើយ។ជីវិតក្នុងអតីតកាលពេលខ្លះវាស្រស់បំព្រងជាងជីវិតបច្ចុប្បន្នក៏ពិតមែន តែវាមិនមានលក្ខណៈដូចគ្នានឹងរឿងរ៉ាវនាពេលបច្ចុប្បន្ននោះទេ។ រឿងហ្មងសៅ ខូចចិត្ត ឈឺចាប់ ពិបាក ទឹកភ្នែក...វាសុទ្ធតែជារឿងដែលមនុស្សភាគច្រើនចាំវាបានល្អជាងសរសេរទៅទៀត ព្រោះវាប្រៀបបាននឹងរូបភាពជាច្រើនផ្ទាំងដែលបានផ្ដិតជាប់នឹងខួរក្បាលទៅហើយ។ វាជារឿងត្រឹមត្រូវដែលយើងនៅចាំរឿងទាំងអស់នោះ ព្រោះយើងមានសមត្ថភាពចងចាំល្អ ប៉ុន្ដែផ្ទុយទៅវិញហេតុអ្វីរឿងខ្លះអ្នកពាំនាំវាមកដល់បច្ចុប្បន្នធ្វើអ្វីទៀតបើវាហួសផុតទៅហើយ អ្នកមានសមត្ថភាពចងចាំបាន ចុះហេតុអ្វីអ្នកមិនមានសមត្ថភាពដើរចេញពីពពកខ្មៅងងឹតនោះ មែនហើយការដែលនិយាយវាងាយស្រួលណាស់ទៅហើយសម្រាប់អ្នកដែលនិយាយ ការដែលធ្វើទើបវាលំបាក ប៉ុន្ដែហេតុផលមួយដែលយើងត្រូវគិតនោះគឺរៀនរំដោះចិត្តដែលមិនល្អចេញពីហេតុអាក្រក់ទាំងនោះ ចាត់ទុកថាវាមករួចហើយ ហើយវាក៏ទៅវិញបាត់ដែរ ប្រាប់ខ្លួនឯងថាខ្ញុំយល់ហើយខ្ញុំដោះស្រាយវារួចហើយ អរគុណហើយទើបល្អប្រសើរសម្រាប់ជីវិតអ្នកដែលកំពុងរស់នៅពេលនេះ។ អ្នកបានរៀនច្រើនណាស់ពីជីវិតនាអតីតកាល មានន័យថាអ្នកខ្លាំងណាស់ដែលអាចជម្នះវាបានមកទល់ពេលនេះ ជម្នះវាតទៅទៀតក៏វាមិនមានបញ្ហាអ្វីដែរ។ ពេលដែលយើងយល់ថាការដែលមានជីវិតរស់នៅគ្រប់យ៉ាងវាមិនស្រួលនោះទេ ដរាបណាដង្ហើមនៅតែមាន ភាពឈឺចាប់ សេចក្ដីលំបាកនៅតែមករកយើងជានិច្ច ដោយឆ្លើយតបនឹងរឿងបញ្ហាទាំងនេះគឺមានតែត្រៀមចិត្តសម្រាប់ជីវិតនេះតែប៉ុណ្ណោះ ព្យាយាមដោះស្រាយវាឲ្យអស់លទ្ធភាពអ្នកសិនចាំឈប់ រួចហើយកុំចុះចាញ់ត្រូវរកជំនួយថែមដើម្បីជម្នះវា។ ជីវិតដែលឆ្លងកាត់រឿងលំបាកច្រើនពីអតីតកាលវាមិនងាយស្រួលដូចអត្ថបទនេះនោះទេដែលគ្រាន់តែសរសេរបានដោយដៃងាយៗនោះ តែភាពតស៊ូ អំណត់អត់ធ្មត់ ព្យាយាមនៅតែជារឿងសំខាន់ដែលជីវិតយើងត្រូវតែមានជានិច្ចកាល។ កុំចុះចាញ់ជឿជាក់លើខ្លួនអ្នកថាអ្នកអាចជម្នះវាបាន ខ្ញុំជាអ្នកគ្រប់គ្រងដំណើរជីវិតខ្ញុំ អ្នកជារឿងខ្មៅរបស់ខ្ញុំខ្ញុំមានសិទ្ធិដុតអ្នកចោលបាន។ កុំបន្ដឲ្យខ្លួនយើងជាប់ផុងក្នុងរឿងដែកនាំឲ្យជិវិតយើងវិវត្តន៍ទៅរកភាពវិជ្ជមានទៀត ព្រោះវាខាតបង់ពេលវេលាយើងទៅទទេរៗ