28/05/2026
កម្មវិធីវេទិកាអប់រំពិភពលោកឆ្នាំ២០២៦ (Education World Forum 2026) នៅចក្រភពអង់គ្លេស
ចក្រភពអង់គ្លេស៖ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋាន និងសហការីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន បានចូលរួមជាប្រតិភូអម និងសម្របសម្រួលដំណើរបេសកកម្មរបស់ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងអមដំណើរដោយឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការ ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្នុងការចូលរួមកម្មវិធី “វេទិកាអប់រំពិភពលោកឆ្នាំ២០២៦” (Education World Forum 2026) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការអប់រំសម្រាប់អនាគតរួមគ្នា៖ សន្តិភាព ភពផែនដី គោលបំណង និងមាគ៌ា” (Educating for a Shared Future: Peace, Planet, Purpose, and Pathways) នៅចក្រភពអង់គ្លេស។ កម្មវិធីនេះ មានការចូលរួមពីសំណាក់គណៈប្រតិភូថ្នាក់រដ្ឋមន្ត្រី និងតំណាងក្រសួងអប់រំនៃបណ្ដាប្រទេសមួយចំនួន តំណាងស្ថាប័នមួយចំនួនក្នុងចក្រភពអង់គ្លេស និងនៅជុំវិញពិភពលោក អង្គការ ក្រុមហ៊ុនអន្តរជាតិ និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រី្ត និងគណៈប្រតិភូកម្ពុជាបានចូលរួមកិច្ចពិភាក្សា និងទស្សនកិច្ចសំខាន់ៗសរុបចំនួន ១៣ កម្មវិធី ដែលជាឱកាសដ៏មានតម្លៃក្នុងការសិក្សាស្វែងយល់ពីប្រព័ន្ធអប់រំឈានមុខ និងចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងលើការកែទម្រង់វិស័យអប់រំនៅកម្ពុជា។
នៅក្នុងអនុវិស័យអប់រំកុមារតូច និងកម្រិតមូលដ្ឋាន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រី្ត បានសង្កត់ធ្ងន់លើការផ្តល់សេវាអប់រំកុមារតូច ដើម្បីកសាងគ្រឹះស្ថានដ៏រឹងមាំក្នុងការអភិវឌ្ឍខួរក្បាល និងកាត់បន្ថយអត្រាបោះបង់ការសិក្សា។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានជំរុញកំណែទម្រង់វិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ព្រមទាំងការយកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងអនាម័យសាលារៀន។
ចំពោះអនុវិស័យបឋមសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រី្ត បានចែករំលែកពីលទ្ធផលតេស្ត SEA-PLM ឆ្នាំ២០២៤ ដែលផ្ដោតលើការវាយតម្លៃ និងលើកកម្ពស់គុណភាពសិក្សា។ ស្របពេលជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវគោលនយោបាយកែទម្រង់គ្រូបង្រៀនស៊ីជម្រៅ ដូចជាការដំឡើងប្រាក់បៀវត្ស ការបង្កើតអាជ្ញាប័ណ្ណគ្រូបង្រៀន ការធ្វើជាតូបនីយកម្មប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CDP) និងការពង្រឹងគណនេយ្យភាពរបស់ថ្នាក់ដឹកនាំសាលារៀនជាមួយសហគមន៍។
ចំពោះអនុវិស័យឧត្តមសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំ គណៈប្រតិភូកម្ពុជាបានពិភាក្សាជាមួយលោកស្រី លោកជំទាវ Georgia Gould OBE MP រដ្ឋមន្ត្រីទទួលបន្ទុកស្តង់ដារសាលារៀននៃចក្រភពអង់គ្លេស លើការបន្តគាំទ្រអាហារូបករណ៍ ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី និងការបង្កើតកម្មវិធីសិក្សារួមគ្នា (Sandwich Program)។ លើសពីនេះ ក្នុងជំនួបពិភាក្សាជាមួយសាកលវិទ្យាល័យ Cambridge, ជំនួបពិភាក្សាជាមួយសាកលវិទ្យាល័យ De Montfort និងជំនួបពិភាក្សាជាមួយធនាគារពិភពលោក (World Bank) ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រី្តបានពិភាក្សាជាមួយភាគីតំណាងស្ថាប័ននីមួយៗលើប្រធានបទមួយចំនួនរួមមាន៖ ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីបញ្ចូលមុខវិជ្ជាអក្ខរកម្មហិរញ្ញវត្ថុ ពង្រឹងជំនាញឌីជីថល បច្ចេកវិទ្យា និងវិជ្ជាជីវៈ (TVET) សំដៅកសាងកម្លាំងពលកម្មជំនាញ និងជំរុញកំណើនសេដ្ឋកិច្ចសង្គមកម្ពុជាប្រកបដោយនិរន្តរភាព និងសមធម៌។
សូមគូសបញ្ជាក់ផងដែរថា វេទិកាអប់រំពិភពលោកលើកទី២២ គឺជាការប្រមូលផ្តុំប្រចាំឆ្នាំដ៏ធំបំផុតសម្រាប់កម្រិតរដ្ឋមន្ត្រីអប់រំ និងអ្នកជំនាញក្នុងវិស័យអប់រំ ដើម្បីជួបពិភាក្សាគ្នាអំពីបញ្ហាប្រឈមនៅក្នុងវិស័យអប់រំ ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការឆ្លើយតបបញ្ហាសំខាន់ៗជុំវិញការអភិវឌ្ឍប្រព័ន្ធអប់រំ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយសមធម៌ និងនិរន្តរភាព។ វេទិកាអប់រំពិភពលោកលើកទី២២ ឆ្លុះបញ្ចាំងលើដំណោះស្រាយបញ្ហាប្រឈមជាសកលកំពុងជួបនាពេលបច្ចុប្បន្ននេះ ប្រកបដោយភាពច្នៃប្រឌិត និងផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកិច្ចសហប្រតិបត្ដិការរអន្តរជាតិ។
១៧-២០ ឧសភា ២០២៦ | ចក្រភពអង់គ្លេស