កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army

  • Home
  • Cambodia
  • Phnom Penh
  • កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army រួមគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន
(1)

03/09/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

ពិធីប្រជុំពិភាក្សាការងារផ្សព្វផ្សាយ នីតិវិធីស្តីពីការបើកគណនីធនាគារ និងបើកបៀវត្សតាមប្រព័ន្ធធនាគារជូនយោធិន កងពលធំអន្តរាគមន...
03/09/2026

ពិធីប្រជុំពិភាក្សាការងារផ្សព្វផ្សាយ នីតិវិធីស្តីពីការបើកគណនីធនាគារ និងបើកបៀវត្សតាមប្រព័ន្ធធនាគារជូនយោធិន កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាង៣ នៃកងយោធពលខេមរភូមិន្ទ

ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានប្រជុំពិភាក្សាការងារផ្សព្វផ្សាយ នីតិវិធីស្តីពីការបើកគណនីធនាគារ និងបើកបៀវត្សតាមប្រព័ន្ធធនាគារជូនយោធិន កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាង៣ នៃកងយោធពលខេមរភូមិន្ទ របស់ក្រសួងការពារជាតិ ដែលពិធីប្រជុំបូកសរុបនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ រង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ មានការចូលរួមពីថ្នាក់ដឹកនាំមេបញ្ជាការ កងពលតូចអន្តរាគមន៍ចំណុះទាំង៣ និងគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ស្ថាប័នចំណុះ ព្រមទាំងនាយទាហាន ដែលបំពេញភារកិច្ចការងារហិរញ្ញវត្ថុនៅតាមបណ្ដាអង្គភាពនីមួយៗផងដែរ ។

ក្នុងពិធីនោះ ឧត្តមសេនីយ៍ទោ ជា សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ទទួកបន្ទុកផ្នែកហិរញ្ញវត្ថុបានអានសេចក្ដីណែនាំលេខ ០០៤/២០២៦ សណន របស់ក្រសួងការពារជាតិស្តីពីការបើកគណនីធនាគារជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ឯក ឥត តូលី នាយផ្នែកហិរញ្ញវត្ថុ បានអាននីតិវិធីស្តីពីការបើកគណនីធនាគារ និងការបើកប្រាក់តាមប្រព័ន្ធធនាគារ ទាំងស្រុង ព្រមទាំងបានណែនាំលំអិតអំពីរបៀបរបបក្នុងការអនុវត្តន៍ ។

ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិ គ្រប់ស្ថាប័នចំណុះក្រសួងការពារជាតិ និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវចាប់ផ្តើមដំណើរការរៀបចំបែបបទបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពខ្លួន ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ និងត្រូវបញ្ចប់ឱ្យបានទាំងស្រុងជាស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ដោយត្រូវជ្រើសរើសធនាគារមួយ ឬច្រើន ក្នុងចំណោមធនាគារពាណិជ្ជចំនួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមមាន ១. ធនាគារ អេស៊ីលីដា ២. ធនាគារ កាណាឌីយ៉ា ៣. ធនាគារ វឌ្ឍនៈ ៤. ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ៥. ធនាគារ វីង ៦. ធនាគារ ABA ៧. ធនាគារ ជីប ម៉ុង ៨. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។

សូមបញ្ជាក់ផងដែរថា ដើម្បីអនុវត្តការងារបើកគណនីជូនយោធិនឱ្យបានទាំងស្រុង គឺយោធិនតម្រូវមានតែឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព (ថតចម្លង) និងលេខទូរស័ព្ទ (បើមាន) យោធិនគ្រប់រូបត្រូវត្រៀមនូវរាល់ឯកសារគ្រប់គ្រាន់ ដែលមានសុពលភាព ដើម្បីបម្រើកិច្ចការនេះឲ្យមានប្រសិទ្ធភាព និងទាន់ពេវេលា ។
បន្ទាប់ពីការចូលរួមពិភាក្សាយ៉ាងល្អិតល្អន់រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ រង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃបញ្ជាការរដ្ឋាន មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ស្ថាប័នចំណុះ និងនាយទាហានដែលបំពេញភារកិច្ចការងារហិរញ្ញវត្ថុទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីណែនាំរបស់ក្រសួងការពារជាតិ និងត្រូវដំណើរការអនុវត្តន៍តាមដំណាក់កាលនីមួយៗតាមការណែនាំ រហូតដល់ការបើកគណនីធនាគារ និងការបើកប្រាក់បៀវត្សន៍តាមប្រព័ន្ធធនាគារជូនដល់យោធិនគ្រប់រូបជាបន្តបន្ទាប់ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ រហូតដល់បញ្ចប់ការបើកគណនីធនាគារ និងការបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារឲ្យបានរួចរាល់១០០% នៅចុងខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។

ឧត្ដមសេនីយ៍ទោ សុក រីនណា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់នាយចំណង់ ជូនសព លោកព្រឹន្ទបាល...
03/09/2026

ឧត្ដមសេនីយ៍ទោ សុក រីនណា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់នាយចំណង់ ជូនសព លោកព្រឹន្ទបាលឯក គិញ គឿយ

(ខេត្តឧត្ដរមានជ័យ)៖ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពលោកព្រឹន្ទបាលឯក គិញ គឿយ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ បានដឹកនាំប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៤ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់នាយចំណង់ ជូនសពលោកព្រឹន្ទបាលឯក គិញ គឿយ មេក្រុមទី១ កងអនុសេនាតូចលេខ២ កងអនុសេនាធំលេខ២ ផ្នែកសឹករងអន្លង់វែង តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយរោគាពាធ ។ សពត្រូវបានតម្កល់ធ្វើបុណ្យទៅតាមប្រពៃណី ស្ថិតនៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងនាម ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ឧត្ដមសេនីយ៍ទោ សុក រីនណា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ និងសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ ឯកឧត្ដម មេបញ្ជាការ យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំង យោធភូមិភាគទី៤ ទាំងអស់សូមចូលរួមសម្ដែងនូវមរណទុក្ខ ដ៏ក្រៀមក្រំនេះ ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់វីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ដោយស្មារតីមោះមុត និងម៉ឺងម៉ាត់បំផុត។

ទន្ទឹមនឹងនោះ ឧត្ដមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ ក៏បាននាំយកនូវថវិកាវិភាគទានមូលនិធិយោធិនមរណៈ ចំនួន ១០,០០០,០០០ រៀល (ដប់លានរៀល)។ ក្នុងនោះដែរអង្គភាព តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ក៏មានការចូលរួមថវិកាមិត្តជួយមិត្ត របស់នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ២,៨១០,០០០ រៀល សរុបថវិកាចំនួន ១២,៨១០,០០០ រៀល ព្រមទាំង គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់ក្រុមគ្រួសារនៃសពផងដែរ៕

ក្រុមគ្រួសារអតីតយុទ្ធពលី ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ...
02/09/2026

ក្រុមគ្រួសារអតីតយុទ្ធពលី ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកស្ទោង បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី ២៧ ក្នុងស្រុកស្ទោង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិប្រាសាទ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកស្រី ប៉ោ លំ បានរៀបរាប់ថា៖ ប្ដីរបស់ស្រីមានឈ្មោះ ពៅ វេង ធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៦ មានឋានន្តរសក្ដិ ពលបាលឯក នៅអង្គភាព អតីតកងពលតូចលេខ១២ចាស់ ឈរជើងនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោក ពៅ វេង ត្រូវបានក្រសួងការពារជាតិដាក់ឱ្យចូលជាយោធិនសោធននិវត្តន៍នៅឆ្នាំ ២០០០ និងបានទទួលមរណភាពនៅឆ្នាំ ២០០៣ ដោយសារមានជំងឺគ្រុនចាញ់ ។ បច្ចុប្បន្នលោកស្រី ប៉ោ លំ រស់នៅជាមួយកូន និងចៅៗ នៅក្នុងបន្ទុកចំនួន ៩នាក់ ហើយមានជីវភាពលំបាកខ្វះខាត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកស្ទោង ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៧ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក សាយ គឹមឡម ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកស្រី ប៉ោ លំ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ។

លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកស្ទោង តំណាងឱ្យលោកស្រី ប៉ោ លំ ដែលជាក្រុមគ្រួសារអតីតយុទ្ធជនពលី និងតំណាងឱ្យប្រជាពលរដ្ឋនៅស្រុកស្ទោងទាំងអស់ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីនៅពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។

នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកគោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់ ថវិកា​សម្រាប់​ទ្រទ្រង់​សា...
02/09/2026

នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
គោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់ ថវិកា​សម្រាប់​ទ្រទ្រង់​សាលាជូនដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ក្នុងនាមនាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមគោរពថ្លែងអំណរអរគុណជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់ថវិកាសម្រាប់ទ្រទ្រង់សាលា, ថវិកាហូបរបស់យោធាចារ្យ និងនាយទាហានគ្រប់គ្រង។

សូមប្តេជ្ញាអនុវត្តភារកិច្ចឱ្យបានល្អ ព្រមទាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ ។

មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ-អន្តរជាតិ(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញ...
02/09/2026

មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ-អន្តរជាតិ

(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានអញ្ជើញផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងសភាពការណ៍លើខែ្សបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ។

លោកមេបញ្ជាការ បានលើកទឹកចិត្តដល់នាយ-ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ។

នាឱកាសនោះផងដែរ លោកមេបញ្ជាការ បានផ្សព្វផ្សាយដល់កម្លាំងតាមបណ្ដាចំណុចឈរជើងយល់ជ្រាប ដោយសារតំបន់ចំណុចឈរជើងរបស់យើងជាតំបន់វាលទំនាប ក្នុងរដូវវស្សានេះត្រូវទឹកលិច ដូចនេះ កម្លាំងតាមចំណុចឈរជើងនីមួយៗ ត្រូវយកចិត្តទុកដាក់ជួសជុលជម្រកស្នាក់នៅឲ្យបានរឹងមាំ និងត្រៀមសម្ភារៈ បរិក្ខារ មធ្យោបាយផ្លូវទឹក អាវពោង ស្បៀង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ ព្រមទាំងត្រូវហូបស្អាត រស់នៅស្អាត មានអនាម័យជាប់ជានិច្ច ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ពិសេសបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ។

លោកមេបញ្ជាការកងការពារព្រំដែនលេខ៦០១ មានប្រសាសន៍បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ជាកូនចៅរបស់ប្រជាជន ដូច្នេះត្រូវតែចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសន្តិសុខសង្គមឱ្យបានល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ជូនសាលាពលទាហានទី៣ និងមជ្ឈមណ...
02/09/2026

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ខេត្តកំពង់ស្ពឺ​៖ នៅថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០២៦ ឯកឧត្តម
ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង នាយសេនាធិការ​ យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា​ សម្រាប់ខែកញ្ញា​ ឆ្នាំ២០២៦​ របស់ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែ​ត​ និងលោកជំទាវ​បណ្ឌិត ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ​ ប្រេងឥន្ធន:​ និងថវិកា សម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រង​ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលេីកឡេីងពីការផ្តាំផ្ញេីសួរសុខទុក្ខ​ របស់សម្តេច​ និងលោកជំទាវ​ ជូនចំពោះលោកនាយក​ នាយករង​ យោធាចារ្យ​ គ្រូគ្រប់គ្រង​ និងបុគ្គលិកសាលាទាំងអស់។ ក្នុងនោះដែរ​ លោកឧត្តមសេនីយ៍​ បានរំលឹកពីការយកចិត្តទុកដាក់​ខ្ពស់​ជាប្រចាំ​ របស់សម្តេច​មហាបវរធិបតី និងបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ​ ការងារកែទម្រង់ការងារហវឹកហ្វឺនកងទ័ព​ ជូនចំពោះយោធាចារ្យ​ គ្រូគ្រប់គ្រង​ បុគ្គលិកសាលាផងដែរ។

លោកឧត្តមសេនីយ៍ក៏បានរំលឹក​ ដល់ថ្នាក់ដឹកនាំសាលា​ គណៈកម្មការ ធ្វេីយ៉ាងណា​ យកថវិកា​ អង្ករ​ ប្រេងឥន្ធនៈទាំងនេះ​ ទៅប្រេីប្រាស់ប្រកបដោយប្រសិទ្ធភាព​ និងតម្លាភាព​ ព្រមទាំងរំលឹកដល់យោធាចារ្យ​ គ្រូគ្រប់គ្រង​ បុគ្គលិកសាលាទាំងអស់​ សូមឲ្យប្រឹងប្រែងបំពេញភារកិច្ច​ ថែរក្សាសុខភាពឲ្យបានល្អ​ ដេីម្បីឆ្លេីយតបការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច​ និងបម្រេីការងារហ្វឹកហ្វឺនបែបទំនេីបកម្មប្រកបដោយប្រសិទ្ធភាព។

យោធាចារ្យ​ គ្រូគ្រប់គ្រង បុគ្គលិកទាំងអស់​ មានសេចក្តីរីករាយ​ជាខ្លាំង ហេីយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ​ និងគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិត​ របស់សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ព្រមទាំង​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច​ និងលោកជំទាវ​ ព្រមទាំងបុត្រាបុត្រី​ ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ​ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ។

02/09/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រ...
02/09/2026

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហានជាច្រើនរូប នាំយកអំណោយដ៏ថ្លៃថ្លារបសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បក់រលំផ្ទះ នៅភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ អំណោយទាំងនោះរួមមាន ស័ង្កសី ចំនួន ១៧០សន្លឹក អង្ករ ២០០គីឡូក្រាម
មី ០៨កេស ត្រីខ ០៨យួរ ទឹកត្រី ០៨យួរ ទឹកស៊ីអ៉ីវ ០៨យួរ មុង ៨ ។

អញ្ជើញសំណេះសំណាលជាមួយគ្រួសាររងគ្រោះនាឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និង សោកស្តាយ ពីសំណាក់ សម្តេចធិបតី និង លោកជំទាវ ចំពោះការបាត់បង់ និង ខូចខាតផ្ទះសម្បែងរបស់បងប្អូននាពេលនេះ ។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏សម្តេចធិបតី និង លោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និង គ្រប់ទីកន្លែងជានិច្ច ។

ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះទាំង៨គ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេច និង លោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ និង ជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

01/09/2026

សេចក្តីប្រកាសព័ត៌មាន

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។

កម្ពុជាសូមបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ ដូច្នេះ ភាគីថៃដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ។

ជាមួយគ្នានេះ វាមានសារៈសំខាន់ក្នុងការគូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath)។ ការដាក់ចេញនូវផែនការនេះបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។

ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។

ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថេរជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែន ដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះ កម្ពុជានឹងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) ជាមធ្យោបាយសម្រាប់កំណត់ ឬផ្លាស់ប្តូរព្រំដែនរវាងប្រទេសទាំងពីរជាដាច់ខាត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

Unofficial Translation
Press Release

The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, as well as national and international media, as follows:

The Ministry of National Defence of the Kingdom of Cambodia categorically rejects the unfounded and false claims made by Air Chief Marshal Prapas Sonjaidee, Director of Thailand’s Joint Information Centre, alleging that Cambodia was the side that fired first.

Cambodia reiterates that, in fact, it was the Thai side that first launched unprovoked armed attack against Cambodia. Therefore, Thailand, who initiated the attack against Cambodian territory, cannot portray itself as the victim, while invoking self-defence as a pretext to justify and demonstrate the legality of its unlawful military actions.

At the same time, it is important to underscore that, several days before launching its unprovoked armed attack against Cambodia on 24 July 2025, Thailand announced the “Chakrabongse Bhuvanath” war-readiness plan. The introduction of this plan clearly demonstrated that Thailand’s military actions had been meticulously premeditated and deliberate, contrary to Thailand’s claim that its use of force was merely a defensive response.

In this regard, Thailand’s attempt to invoke alleged provocations, security concerns and landmine issues as grounds for obstructing or delaying the resumption of joint survey and boundary demarcation work is inconsistent with the spirit and commitments set out in the Joint Statement of 27 December 2025.

Cambodia therefore calls on Thailand to fully, effectively and immediately implement the Joint Statement of 27 December 2025, in particular by promptly resuming the survey and boundary demarcation work of the Joint Boundary Commission (JBC), in accordance with the existing agreements between the two countries.

Cambodia remains firmly committed to seeking a just, peaceful and lasting solution to the boundary issue, based on international law, as well as the existing treaties and agreements between Cambodia and Thailand. At the same time, Cambodia will categorically not accept the use of force or the creation of faits accomplis as a means of determining or altering the boundary between the two countries.

The public, as well as national and international media, are hereby informed of the facts concerning this matter.

Tuesday, September 1, 2026

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- Telegram ក្រសួងការពារជាតិ https://t.me/modgovkhm
- Website ក្រសួងការពារជាតិ https://mod.gov.kh/
- TikTok ក្រសួងការពារជាតិ https://www.tiktok.com/
- X ក្រសួងការពារជាតិ https://x.com/modgovkh
- Youtube ក្រសួងការពារជាតិ https://www.youtube.com/

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share