27/03/2026
ដោយមានការគាំទ្រក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (Authorized Economic Operator Program) ក្រោមប្រធានបទ “បច្ចុប្បន្នភាពនិងដំណើរឆ្ពោះទៅមុខនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតដើម្បីភាពរីកចម្រើសម្រាប់វិស័យឯកជន” រយៈពេលពេញមួយថ្ងៃ នៅសាលាជាតិគយ ។
សិក្ខាសាលានេះ ទទួលបានការអញ្ជើញជាអធិបតីក្នុងពិធីបើកដោយ លោក ផា អេងវ៉េង អគ្គ-នាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាង ក្រុមហ៊ុនជាសមាជិកនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO Companies) ក្រុមហ៊ុនធុរជនល្អបំផុត (Best Traders Group Membership) ក្រុមហ៊ុនជើងសាគយ ក្រុមហ៊ុននាំចេញ-នាំចូល និងធុរជនពាក់ព័ន្ធនានាផ្សេងទៀតដែលមានចំនួនសរុបប្រមាណ ១២០ រូប។
គោលបំណងនៃសិក្ខាសាលា គឺបន្តផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងបន្ថែមអំពីការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ជូនដល់ធុរជនដែលមានបំណងស្នើសុំវិញ្ញាបនបត្រប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO Certificate) រួមមាន អត្ថប្រយោជន៍និងលក្ខណៈវិនិច្ឆ័យនៃការស្នើសុំវិញ្ញាបនបត្រប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ព្រមទាំងបែបបទនិងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្រតាមប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)។
កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត គឺជាកម្មវិធីមួយផ្តល់ការលើកទឹកចិត្តតាមរយៈកិច្ចសម្រួលពាណិជ្ជកម្មផ្សេងៗ ជូនដល់ធុរជនពាក់ព័ន្ធនានាដែលបានបង្ហាញនូវអនុលោមភាពច្បាប់និងបទប្បញ្ញត្តិ ដែលមានស្តង់ដារសន្តិសុខនិងសុវត្ថិភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សាកល ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ជាពិសេស ស្តង់ដារសន្តិសុខនិងសុវត្ថិភាពរបស់អង្គការគយពិភពលោក (WCO SAFE Frameworks of Standards)។ កិច្ចសម្រួលពាណិជ្ជកម្មបន្ថែម ដែលប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតបានទទួលពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមមាន៖ អាទិភាពក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ ការកាត់បន្ថយការត្រួតពិនិត្យរូបវន្ត ការកាត់បន្ថយឯកសារតម្រូវ ការប្រើប្រាស់និមិត្តសញ្ញា AEO ការយកទំនិញចេញពីគយមុនពេលបង់ពន្ធនិងអាករ ការទទួលបានការលើកទឹកចិត្តក្នុងឋានៈជាសមាជិក AEO នៅប្រទេសដៃគូផ្សេងទៀតដែលប្រទេសកម្ពុជាបានចុះហត្ថលេខាព្រមព្រៀងជាមួយ (Mutual Recognition Arrangement- MRA) រួមទាំងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
សិក្ខាសាលានេះ នឹងក្លាយជាឧបករណ៍ជំរុញការស្ម័គ្រចិត្តចូលឱ្យកាន់តែច្រើនពីវិស័យឯកជនក្នុងការចូលរួមអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតនៅកម្ពុជា ដែលនឹងបានបង្ហាញឱ្យឃើញនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម (WTO Trade Facilitation Agreement) និងលើកកម្ពស់ការប្រកួតប្រជែង និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។
សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅដោយជោគជ័យនិងផ្លែផ្កា ដោយមានការពិភាក្សាយ៉ាងផុសផុលលើប្រធានបទដែលវាគ្មិនបានធ្វើបទបង្ហាញ ដែលបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍និងការស្ម័គ្រចិត្តចូលរួមពីផ្នែកឯកជនក្នុងការស្នើសុំការទទួលស្គាល់ជាប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត។