19/05/2026
កិច្ចប្រជុំស្តីពី «ការពិនិត្យនិងសម្រេចលើបញ្ជីសិស្សចូលរៀនថ្នាក់ឆ្នាំទី១ ផ្នែកអប់រំបច្ចេកទេស សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅតាមគ្រឹះស្ថានសិក្សាផ្នែកអប់រំបច្ចេកទេស ចំនួន២១ និងវិទ្យាល័យដែលអនុវត្តគន្លងវិជ្ជាជីវៈ ចំនួន២៨»
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅតាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាពផ្ទាល់ Zoom Meeting នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំស្តីពី «ការពិនិត្យនិងសម្រេចលើបញ្ជីសិស្សចូលរៀនថ្នាក់ឆ្នាំទី១ ផ្នែកអប់រំបច្ចេកទេស សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅតាមគ្រឹះស្ថានសិក្សាផ្នែកអប់រំបច្ចេកទេស ចំនួន២១ និងវិទ្យាល័យដែលអនុវត្តគន្លងវិជ្ជាជីវៈ ចំនួន២៨» ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអប់រំ ថ្នាក់ដឹកនាំនិងបុគ្គលិកអប់រំ នៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ប្រធាន/អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធាន/អនុប្រធានការិយាល័យ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តគោលដៅទាំង១៩ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាផ្នែកអប់រំបច្ចេកទេស២១ គណៈគ្រប់គ្រងវិទ្យាល័យដែលអនុវត្តគន្លងវិជ្ជាជីវៈ ២៨ នៅទូទាំងប្រទេស សរុបសមាសភាព ចំនួន ៨៦នាក់។
របៀបវារៈនៃកិច្ចប្រជុំ៖
1. មតិសំណេះសំណាល និងបើកកិច្ចប្រជុំ ដោយឯកឧត្តមបណ្ឌិត អុឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
2. អានរបាយការណ៍ ស្តីពី ការជ្រើសរើសនិងការរៀបចំបញ្ជីឈ្មោះសិស្សថ្នាក់ឆ្នាំទី១ ផ្នែកអប់រំបច្ចេកទេស សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយលោក ប៊ែល ប៊ុណ្ណារិទ្ធិ អនុប្រធានការិយាល័យអភិវឌ្ឍការអប់រំបច្ចេកទេស
3. កិច្ចពិភាក្សានិងសម្រេចលើលទ្ធផល និងបញ្ជីឈ្មោះសិស្សថ្នាក់ឆ្នាំទី១ ផ្នែកអប់រំបច្ចេកទេស សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។
4. មតិបូកសរុប និងអនុសាសន៍បិទអង្គប្រជុំ ដោយ ឯកឧត្តមបណ្ឌិត អុឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអប់រំ ថ្នាក់ដឹកនាំនិងបុគ្គលិកអប់រំ នៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដែលបានសហការយ៉ាងល្អក្នុងសកម្មភាពអភិវឌ្ឍការអប់រំបច្ចេកទេស ពិសេសការងារផ្សព្វផ្សាយអំពីការសិក្សាផ្នែកអប់រំបច្ចេកទេស ការប្រមូលសិស្សចូលរៀន និងការៀបចំបញ្ជីឈ្មោះសិស្ស និងបានកោតសរសើរ និងថ្លែងអំណរគុណដល់ លោក លោកស្រី ជាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំង៤៩ ដែលបានចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ហើយលោកបានបញ្ជាក់ថា កិច្ចប្រជុំនេះវាជាកិច្ចប្រជុំពិនិត្យនិងសម្រេចរួមគ្នាលើលទ្ធផលនិងបញ្ជីឈ្មោះសិស្សចូលរៀន និងជាពេលវេលាសម្រាប់សិក្សារៀនសូត្រអំពីបទពិសោធការផ្សព្វផ្សាយ ការកៀរគរប្រមូលសិស្សចូលរៀន ការៀបចំបញ្ជីឈ្មោះ និងនីតិវិធីនៃការរៀបចំគល់បញ្ជីសិស្សឆ្នាំទី១ ផ្នែកអប់រំបច្ចេកទេស ការរៀបចំព័ត៌មានសិស្សដើមឆ្នាំសិក្សា ដំណើរការដឹកនាំនិងគ្រប់គ្រងតាមបណ្តាសាលារៀន ការឆ្លុះបញ្ចាំងពីស្ថានភាព លទ្ធផលការងារ ប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាព និងការអន្តរាគមន៍ទាន់ពេលដើម្បីដោះស្រាយបញ្ហាសាលារៀន។ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំនិងបុគ្គលិកអប់រំ នៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ គណៈគ្រប់សាលារៀន ដែលដឹកនាំគ្រប់គ្រង និងចាត់ចែងរៀបចំថ្នាក់រៀន តាំងពីដើមដើមឆ្នាំសិក្សាមកនេះ។ ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាទាំងអស់ ពិសេសសាលារៀនថ្មី ដែលអនុវត្តគន្លងអប់រំថ្មី ត្រូវបន្តការខិតខំដឹកនាំនិងគ្រប់គ្រងដំណើរការសាលារៀនឱ្យបានល្អ ពិនិត្យតាមដាន និងថែរក្សាសិស្សដែលបានចុះឈ្មោះចូលរៀនឱ្យបានគង់វង្ស តាមរយៈការធ្វើបុរេសកម្មសម្របសម្រួល ការរៀបចំបរិស្ថានសិក្សាសាលារៀនឱ្យបានល្អ ការរៀបចំថ្នាក់រៀនដែលមានភាពទាក់ទាញ ថ្នាក់រៀនតាមបែបការងារគម្រោង ការងារពិព័រណ៍ស្នាដៃសិស្សព្រឹត្តិការណ៍នានា ដូចជាការប្រកួតប្រជែងស្នាដៃ កម្មវិធីចែករំលែកពីវាគ្មិនកិត្តិយស អតីតសិស្ស និងតំណាងវិស័យឯកជន ការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថល AI, ការសហការភាពជាដៃគូ ការផ្តល់ព័ត៌មានត្រឡប់ទាន់ពេលវេលា ការធ្វើការសម្រេចចិត្តដោយមានភាពទន់ភ្លន់ បត់បែន និងស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានមតិបូកសរុប និងផ្តល់អនុសាសន៍ ដល់អង្គប្រជុំ ដូចខាងក្រោម៖ ១. ឯកភាពលើបញ្ជីឈ្មោះសិស្សចូលរៀនថ្នាក់ឆ្នាំទី១ ផ្នែកអប់រំបច្ចេកទេស សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ២. សម្រាប់សិក្សាបន្តបន្ទាប់ ស្នើដល់លោក លោកស្រីជា តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ទាំង៤៩ ត្រូវរៀបចំបញ្ជីឈ្មោះសិស្សថ្នាក់ឆ្នាំទី១ ឱ្យបានត្រឹមត្រូវ ដោយត្រូវពិនិត្យនិងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ នូវអាគតដ្ឋានសិស្ស និងមានសង្គតិភាពគ្នារវាង ១) ពាក្យសុំសិទ្ធិចុះឈ្មោះចូលរៀនថ្នាក់ឆ្នាំទី១ ២) សំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ៣) សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។ ៣. មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំង៤៩ ត្រូវបន្តភាពខ្លាំងរបស់ខ្លួន ក្នុងដឹកនាំនិងគ្រប់គ្រងដំណើរការបង្រៀននិងរៀន ការពង្រឹងនិងលើកកម្ពស់គុណភាពសិក្សាសិស្ស ការជួយសិស្សរៀនយឺត ពិសេសការត្រៀមលក្ខណសម្បត្តិឱ្យបានរួចរាល់សម្រាប់ការរៀបចំការប្រឡងបញ្ចប់ឆ្នាំទី១ ឆ្នាំទី២ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២២ កក្កដា ២០២៦ ខាងមុខនេះ។
អង្គប្រជុំ ទទួលបាននូវព័ត៌មាន របាយការណ៍លទ្ធផលសិក្សា និងបានធ្វើការផ្តល់ការឆ្លើយតបនិងអន្តរាគមន៍នូវបញ្ហាមួយចំនួន ដល់សាលារៀន ជុំវិញការជ្រើសរើសនិងចុះឈ្មោះចូលរៀនថ្នាក់ឆ្នាំទី១ ការដឹកនាំនិងគ្រប់គ្រងសាលារៀន និងបានធ្វើការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា ឱ្យបន្តដឹកនាំនិងគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងការអនុវត្តកំណែទម្រង់វិស័យអប់រំ និងការចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលកំណត់យកការអភិវឌ្ឍន៍មូលធនមនុស្សជាការងារអាទិភាព ពិសេសធនធានមនុស្សផ្នែកអប់រំបច្ចេកទេស ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារនាពេលបច្ចុបន្ន និងអនាគត ឈានទៅសម្រេចគោលដៅចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕
១៩ ឧសភា ២០២៦/រាជធានីភ្នំពេញ