19/07/2026
ឯកឧត្តម ទ្រី ដាលុច ជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំត្បែង។
ស្រុកកណ្តាលស្ទឹង៖ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងទី១៩ ខែកក្កដា ឆ្នាំ២០២៦ គណបក្សប្រជាជនឃុំត្បែង បានរៀបចំពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំ ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំត្បែង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក និងឃុំ លោក លោកស្រី សមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សឃុំ ដែលមានវត្តមានអ្នកចូលរួមចំនួន ២៧៩នាក់។
ថ្លែងក្នុងឱ្យកាសនេះដែរ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សឃុំកន្លងមក ហើយតាមរយ:ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំត្បែងនាថ្ងៃនេះ គឺជាការបង្កើនកម្លាំងស្នូលបន្ថែម ដើម្បីបំរើដល់ប្រជាពលរដ្ឋ ថែមទាំងរួមចំណែកដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនានា។ បន្ថែមពីលើនេះ ឯកឧត្ដម ក៏បានលើកឡើងពីអភិក្រមនៃការអនុវត្តនូវ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដែលសំដៅផ្តល់ឱកាសឱ្យយុវជនក្នុងមូលដ្ឋានប្រើប្រាស់សិទ្ធិស្វ័យសម្រេច ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនជឿទុកចិត្ត និងមានសមត្ថភាពពិតប្រាកដ។
ឯកឧត្ដមបានបន្តទៀតថា យុវជនគឺជាទំពាំងស្នងឫស្សី ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ជាតិ ព្រមទាំងជាកម្លាំងបន្តវេនដ៏ក្លៀវក្លារបស់គណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សនាពេលនេះ មិនត្រឹមតែជាការផ្តល់ឱកាសប៉ុណ្ណោះទេ តែវាគឺជាការបន្ថែមទាំងភារកិច្ច ទំនួលខុសត្រូវ និងសេចក្តីទុកចិត្តពីគណបក្សដល់យុវជនជំនាន់ថ្មី ដើម្បីបន្តរួមចំណែកដឹកនាំ និងជំរុញការងារយុវជននៅក្នុងមូលដ្ឋាន ឲ្យកាន់តែរីកចម្រើន រឹងមាំ និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ ជាចុងក្រោយ ឯកឧត្តម បានផ្ដាំផ្ញើដល់បេក្ខភាពយុវជនដែលជាប់ឆ្នោតទាំង ៥ ថា ត្រូវខិតខំប្រឹងប្រែងឲ្យពីសមត្ថភាពក្នុងការបំពេញកាតព្វកិច្ច និង ត្រូវធ្វើខ្លួនជាគំរូក្នុងនាមជាថ្នាក់ដឹកនាំយុវជនគណបក្សឃុំ។ ដោយឡែកចំពោះ បេក្ខជន ៥ រូបទៀត ដែលមិនជាប់ឆ្នោត សូមកុំបាក់ទឹកចិត្ត ផ្ទុយទៅវិញត្រូវបង្កើនការប្រឹងប្រែង និងកសាងសមត្ថភាពបន្ថែមទៀត ដើម្បីទទួលបានការស្រឡាញ់ និងជឿទុកចិត្តពីយុវជនក្នុងឃុំរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែង មកប្រគល់ជូនសមាជិក សមាជិកាគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនបក្ស គណៈកម្មាធិការ គណបក្សឃុំ យុវជនគណបក្សឃុំ និងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខាបក្ស ភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំងបងប្អូនប្រជាការពារឃុំទាំងអស់ ដែលមានវត្តមានចូលរួមក្នុងកម្មវិធីផង។