07/09/2026
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមសេះកែប»
-------------------------
នៅថ្ងៃចន្ទ ១០ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦
លោក ចក់ ស៊ីនាថ នាយរងខណ្ឌរដ្ឋបាលជលផល និងលោកស្រី បេ ហ្គេចគីម មន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមសេះកែប» និងសេចក្តីព្រាងលក្ខន្តិកៈសមាគមអ្នកអភិរក្សក្តាមសេះកែប នៅមន្ទីរពាណិជ្ជកម្មខេត្តកែប ក្រោមអធិបតីភាព លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា។
សិក្ខាសាលានេះបានធ្វើឡើងក្នុងគោលបំណង ប្រមូលធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អសេចក្តីព្រាងសៀវភៅបន្ទុក និងលក្ខន្តិកៈសមាគមឱ្យមានភាពច្បាស់លាស់ សមស្រប និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ព្រមទាំងរួមចំណែកលើកកម្ពស់ផលិតផល «ក្តាមសេះកែប» និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតអត្តសញ្ញាណ និងការពារផលិតផលពីការក្លែងបន្លំ ក៏ដូចជាជួយបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។
facebook: facebook.com/kep.daff
website: kep.maff.gov.kh/