08/10/2025
ថ្ងៃអង្គារ ១៥ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥
នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប៖ លោក សេន សិទ្ធិថា ប្រធានការិយាល័យនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប, រដ្ឋបាលក្រុង-ស្រុកក្នុងខេត្តសៀមរាបទាំង ១៣, ព្រមទាំង មន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត។
ក្នុងកិច្ចប្រជុំនេះ ផ្ដោតសំខាន់លើប្រធានបទចំនួន ៥ ត្រូវបានលើកយកមកពិភាក្សាលម្អិត រួមមាន៖ (១) ការរៀបចំផែនការយុទ្ធសាស្រ្ដថវិការាជធានី-ខេត្ត, (២) ការរៀបចំកិច្ចបញ្ជិកាគណនេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, (៣) ការប្រមូលចំណូលមិនមែនសារពើពន្ធ ជាពិសេសតាមច្រកចេញចូលតែមួយ, (៤) ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង (៥) ការអនុវត្តមុខងារទាំង ៥៥ ដែលបានផ្ទេរជូនពីរដ្ឋបាលថ្នាក់ជាតិ ទៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ។