07/09/2026
សាលាបឋមសិក្សាអភិវឌ្ឍន៍ ជំរុញការអនុវត្តគោលនយោបាយអប់រំ និងពង្រឹងគុណភាពសិក្សា
(កំពង់ធំ)៖ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី សាលាបឋមសិក្សាអភិវឌ្ឍន៍ បានបន្តជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពអប់រំ ការគ្រប់គ្រងសាលារៀន និងការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍។
ក្នុងសារអប់រំដែលបានលើកឡើងក្នុងពិធីបើកបវេសនកាល បានបញ្ជាក់ថា វិស័យអប់រំកម្ពុជាកំពុងឈានចូលដំណាក់កាលបរិវត្តកម្មយ៉ាងសកម្ម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយផ្តោតលើអាទិភាពសំខាន់ៗ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការកែទម្រង់វិស័យអប់រំ ត្រូវបានកំណត់ជាអាទិភាពទី១។
ជាមួយគ្នានេះ ក៏បានលើកឡើងពីវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាពសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា រួមមាន៖
ទី១. ការពង្រឹងការគ្រប់គ្រងសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព។
ទី២. ការពិនិត្យ និងកែសម្រួលកម្មវិធីសិក្សា ដោយផ្តោតលើការកសាងចំណេះដឹង វិន័យ សីលធម៌ និងសុជីវធម៌សង្គមរបស់សិស្សានុសិស្ស។
ទី៣. ការយកចិត្តទុកដាក់លើសុខភាពសិក្សា តាមរយៈការផ្គត់ផ្គង់អាហារូបត្ថម្ភ និងការថែទាំសុខភាពសិស្សានុសិស្ស ព្រមទាំងជំរុញឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យគុណភាព និងអនាម័យចំណីអាហារនៅក្នុងសាលារៀន។
ទី៤. ការពង្រឹងភាពជាដៃគូ រវាងសាលារៀន មាតាបិតា អាណាព្យាបាល និងសហគមន៍ ដើម្បីចូលរួមក្នុងការអប់រំ និងអភិវឌ្ឍកូនចៅឱ្យកាន់តែប្រសើរ។
ក្នុងឱកាសនេះ ក៏មានការអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ឱ្យបន្តដើរតួនាទីជាគ្រូបង្រៀន និងជាមគ្គុទ្ទេសក៍ដ៏ល្អ ក្នុងការផ្ទេរចំណេះដឹង បច្ចេកវិទ្យាថ្មីៗ ព្រមទាំងអប់រំសីលធម៌ដល់សិស្សានុសិស្ស ព្រោះគ្រូបង្រៀនគឺជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ។
ចំពោះមាតាបិតា និងអាណាព្យាបាល ត្រូវបន្តសហការជិតស្និទ្ធជាមួយសាលារៀន គោរពគោលការណ៍របស់សាលា តាមដានការសិក្សារបស់កូនៗ និងផ្តល់ការគាំទ្រទាំងផ្នែកស្មារតី សម្ភារៈ និងមនោសញ្ចេតនា ដើម្បីជំរុញការរៀនសូត្ររបស់សិស្សឱ្យទទួលបានលទ្ធផលល្អ។
ដោយឡែក សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ មានសីលធម៌ និងសុជីវធម៌ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងអំពើអបាយមុខផ្សេងៗ ព្រមទាំងចាប់យកចំណេះដឹង ជំនាញ និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍខ្លួនឱ្យសមស្របទៅនឹងការរីកចម្រើននៃសង្គម។
សាលាបឋមសិក្សាអភិវឌ្ឍន៍ ក៏បានប្តេជ្ញាបន្តអនុវត្តគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជំរុញឱ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បន្តខិតខំរៀនសូត្រ និងអភិវឌ្ឍសមត្ថភាព ដើម្បីឆ្ពោះទៅរកការរីកចម្រើនរបស់ សាលារៀន សហគមន៍ និងប្រទេសជាតិ។
ជាមួយគ្នានេះ សាលាបឋមសិក្សាអភិវឌ្ឍន៍ នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យអប់រំ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការ វិស័យឯកជន និងសប្បុរសជននានា ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្ស។