រដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត ដែលទើបនឹងត្រូវបានបង្កើតថ្មីដោយអនុក្រឹត្យ លេខ៣៨ អនក្រ.បក ចុះថ្ងៃទី ត្រូវនឹងថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ព.ស ២៥៦៤ នៃថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ ដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានកាត់យកឃុំចំនួន៣ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត មកនៅក្រោមរដ្ឋបាលក្រុងបូកគោ ដែលមានសង្កាត់៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ហើយសម្រាប់ការរៀបចំរចនាសម្ព័ន្ធ និ
ងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកត្រូវអនុវត្តតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ខេត្តកំពតស្ថិតនៅទិសនិរតីក្នុងតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាដែលមានរមណីយដ្ឋានឋានសួគ៌បូកគោ និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើលោក ព្រមទាំងជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិល្អឯកពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ខេត្តកំពតមានព្រំប្រទល់ជាប់នឹងសមុទ្រ ខេត្តព្រះសីហនុ ខេត្តកាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប និងប្រទេសវៀតណាម។ ខេត្តមួយនេះមានសក្កានុពលប្រភពធនធានធម្មជាតិដ៏មហិមារ ដូចជា ព្រៃភ្នំ សត្វព្រៃ ទឹកធ្លាក់ កោះ សត្វសមុទ្រ ផ្កាថ្ម ព្រៃកោងកាងឆ្នេរខ្សាច់ ស្រែអំបិល រ៉ែថ្មកំបោរ ដីកសិកម្ម និងមានសក្កានុពលទេសចរណ៍ធម្មជាតិច្រើនទៀត សំណង់បេតិកភណ្ឌក្រុងកំពត រមណីយដ្ឋានទេសចរណ៍ធម្មជាតិឋានសួគ៌បូកគោ ល្អាងភ្នំកំពង់ត្រាច ព្រែកត្នោត ភ្នំសិដាអោន ទឹកឈូ ប្រាសាទភ្នំឈ្ងោក សួនសត្វទឹកឈូ ទឹកធ្លាក់បីថ្នាក់ ទំនប់ប្រទាក់ក្រឡា ទំនប់ម្លិច រមណីយដ្ឋានភ្នំដូង សហគមន៍ទេសចរណ៍ព្រែកត្នោត ត្រពាំងសង្កែ កែបថ្មី សហគមន៍ទេចរណ៍លក និងតំបន់កម្សាន្តឆ្នេរសមុទ្រព្រែកអំពិល។