11/10/2025
អ្នកនិពន្ធ Paulo Coleho ជនជាតិប្រេស៊ីលរូបនេះ ជាអ្នកនិពន្ធម្នាក់ដែលខ្ញុំចូលចិត្តស្នាដៃសរសេររបស់គាត់។ ទឹកដៃសរសេរគាត់ ត្រូវបានគេទទួលស្គាល់ទូទាំងសកលលោក ជាពិសេសទៅលើស្នាដៃសៀវភៅ The Alchemist។ សៀវភៅគាត់សរសេរភាគច្រើន ធ្វើឱ្យយើងគិតអំពីអត្តសញ្ញាណរបស់យើង ថាយើងជានរណាគេឱ្យពិតប្រាកដ? យើងចង់បានអ្វី? ហើយយើងរស់នៅលើផែនដីនេះដើម្បីអ្វី?
សៀវភៅ Eleven Minutes នេះក៏ស្ថិតនៅក្នុងរង្វង់នៃការគិតដែលទាក់ទង់ទៅនឹងសំណួរបីខាងលើនេះដែរ ប៉ុន្ដែក្នុងសាច់រឿងផ្សេងដែលខុសពីសាច់រឿងគាត់សរសេរមុនៗ។ អ្នកខ្លះអាចអានសៀវភៅនេះហើយ នឹងគិតថាគាត់សរសេរតែពីរឿងដំណេកលើគ្រែ (s*x) ប្រាសចាកពីសីលធម៌ ជាពិសេសបើអ្នកអាននោះរស់នៅក្នុងទំនៀមទម្លាប់វប្បធម៌ដែលតឹងរឹង ហើយរឿងផ្លូវភេទមិនសូវបានលើកយកមកនិយាយ និងអប់រំឱ្យបានទូលំទូលាយ តួយ៉ាងដូចកម្ពុជាជាដើម។ ប៉ុន្ដែសៀវភៅនេះទាមទារឱ្យអ្នកអានគិតឱ្យបានជ្រៅលើសពីនេះបន្ដិច។
សៀវភៅនេះសរសេររៀបរាប់ពីសាច់រឿងរបស់នារីម្នាក់ឈ្មោះ ម៉ារា (Maria) ជាជនជាតិប្រេស៊ីល រស់នៅប្រទេសប្រេស៊ីល។ គាត់ធំធាត់ឡើងនៅក្នុងភូមិតូចមួយ ដែលមានទំនៀមទម្លាប់ ការគិត និងអបិយជំនឿ ផ្នត់គំនិតចាក់ស្រេះ ជាពិសេសទៅលើនារីភេទ។ ម៉ារាជានារីម្នាក់ដែលឆ្លាត រៀនពូកែ និងព្យាយាមបង្កើនចំណេះដឹងខ្លួនឯងតាមរយៈការអាន។ គោលបំណងរបស់នាងគឺ រកបានស្នេហាពិត រកនរណាម្នាក់ដែលនាងស្រឡាញ់ពេញចិត្ត រៀបការ និងបង្កើតគ្រួសាររួមគ្នា។ ធម្មតាការគិត វាខុសពីការពិត ដែលពេលខ្លះអាចខុសគ្នាឆ្ងាយដាច់។ ដូចម៉ារាអ៊ីចឹង ជាក់ស្ដែងនាងតែងតែជួបរឿងខកចិត្តនឹងស្នេហា រហូតធ្វើឱ្យនាងជឿថា ជោគវាសនានាងនឹងមិនបានដូចគេគ្រប់គ្នា មានស្នេហា និងគ្រួសារសមប្រកបនោះទេ។
ដោយព្រោះអត្តចរិតនាងខុសពីនារីផ្សេងៗក្នុងភូមិ នាងជាមនុស្សដែលចង់ស្គាល់ពិភពលោកខាងក្រៅ ចង់ផ្សងព្រេងទៅកន្លែងផ្សេងៗ ទើបនាងប្រឹងធ្វើការនៅក្នុងហាងលក់ក្រណាត់មួយ បន្ទាប់ពីរៀនចប់វិទ្យាល័យ ដើម្បីសន្សំលុយទៅលេងទីក្រុងរីអូ (Rio) ឱ្យបានម្ដង។ ពេលបានទៅលេងទីក្រុង នាងបានជួបនឹងបុរសជនជាតិស្វីសម្នាក់ដែលជាអ្នកធ្វើការខាងការកម្សាន្ដ បានបញ្ចុះបញ្ចូលនាងឱ្យទៅប្រទេសស្វីស ទៅធ្វើការជាមួយគាត់។ ដោយសារតែចិត្តចង់រកលុយឱ្យបានច្រើន នាងក៏សម្រេចចិត្តទៅតាមបុរសស្វីសនោះ។ ទៅដល់នោះ នាងបានក្លាយជាអ្នករាំនៅក្នុងក្លឹបពេលយប់មួយ តែរកលុយមិនបានច្រើនដូចនាងគិតទុកទេ ហើយបុរសនោះបានរឹតបណ្ដឹងសិទ្ធិសេរីភាពនាងណាស់។ នាងត្រូវបានបុរសនោះបញ្ឈប់ពីការងារ នៅពេលដែលគាត់ដឹងថានាងទាក់ទងស្រឡាញ់មនុស្សប្រុស។ បុរសជាសង្សាររបស់នាងនោះបានជួយនាងឱ្យទៅនៅកន្លែងផ្សេង ជាមួយនឹងលុយកាក់ខ្លះដែលអាចរស់នៅបានមួយរយៈ។ និយាយដោយត្រួសៗ កាត់ទៅមុខ ចុងក្រោយនាងបានក្លាយជាស្រីលក់ខ្លួន ដែលវាជាអាជីពការងាររបស់នាង ត្បិតអីការងារនេះជួយឱ្យនាងរកលុយបានច្រើន ជាពិសេសពេលដែលនាងផ្លាស់ទៅនៅក្រុងមួយផ្សេងទៀត ទោះបីនាងពេញចិត្ត ឬមិនពេញចិត្តក៏ដោយ។
ពេលខ្លះ តើយើងគ្រប់គ្នាណាខ្លះ ដែលមានសាច់រឿងស្រដៀងគ្នានឹងម៉ារា? សុខចិត្តធ្វើការដែលខ្លួនមិនស្រឡាញ់ ដោយសារវាឱ្យប្រាក់ចំណូលច្រើន? មួយថ្ងៃៗ រស់នៅតែក្នុងទម្លាប់ដដែល ព្រលឹមបាត់ព្រលប់ឃើញ បង្ខំចិត្តធ្វើការជាមួយមនុស្សដែលយើងមិនពេញចិត្ត មួយថ្ងៃៗលក់សេរីភាពខ្លួនឯង ជាប់គាំងនឹងការងារដែលយើងមិនចង់ធ្វើសោះ តែវាបានប្រាក់ខែច្រើន? យូរទៅវាធ្វើឱ្យយើងលែងឃើញពីតម្លៃ និងអត្ថន័យពិតនៃរបស់នោះ ព្រោះតែយើងបិទខ្ទប់ខ្លួនឯងនឹងរឿងដដែលៗដែលខ្លួនស៊ាំជាមួយទៅហើយ។ លើសពីនេះ តើអ្វីជាស្នេហា ហើយអ្វីជាតណ្ហា? តើមនុស្សរង្វេងបែងចែកលែងដាច់ហើយមែនទេរវាងស្នេហា និងតណ្ហា? ដំណើរជីវិត វាជាវដ្ដនៃការស្វែងរកខ្លួនឯងមែនទេ? មនុស្សម្នាក់ៗមិនមែនមានតែអត្តសញ្ញាណមួយទេ។ និយមន័យនៃអត្តសញ្ញាណដែលយើងផ្ដល់ឱ្យខ្លួនឯងនឹងវិវដ្ដតាមបរិបទ បរិយាកាស និងស្ថានភាពដែលយើងស្ថិតនៅក្នុងអន្លើនោះ។ ដូច្នេះហើយមិនគួរដាក់សញ្ញាខណ្ឌឱ្យខ្លួនឯងម្ដងចប់ទេ ព្រោះជីវិតគឺជាវដ្ដដែលទាមទារឱ្យយើងបន្ដធ្វើដំណើរទៅមុខ រកខ្លួនឯងរហូត។ វដ្ដនៃជីវិតតែងតែមានធាតុផ្ទុយគ្នា ល្អ អាក្រក់ រីករាយ កើតទុក្ខ មាន ក្រ ស ខ្មៅ មិនអាចកាត់ចេញពីគ្នាបានទេ។ បើយើងមិនស្គាល់ មិនជួបប្រទះនឹងភាពផ្ទុយទាំងនេះក្នុងវដ្ដនៃជីវិតទេ យើងនឹងមិនស្គាល់ន័យពិតនៃជីវិត ហើយមិនឱ្យតម្លៃវដ្ដនៃជីវិតដែរ។
ប្រស្នានៃវដ្ដជីវិតមានតែយើងខ្លួនឯងទេដែលត្រូវដោះ។ បើចិង់ដឹងថាជីវិតម៉ារានឹងក្លាយទៅជាយ៉ាងណា? តើនាងនៅតែជាស្រីលក់ខ្លួនរហូតឬយ៉ាងណា? មានតែចាប់សៀវភៅនេះមកអានហើយបានដឹង។ អានហើយ បកស្រាយ យល់ឃើញយ៉ាងណា តាមការគិតរៀងខ្លួន។