11/09/2026
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញចុះជួបសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៣៣០ គ្រួសារ
=======
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ អមដំណើរដោយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង/ស្រុក លោកវេជ្ជបណ្ឌិត អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៣៣០ គ្រួសារមកពីឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា បានពាំនាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករឮកដ៏កក់ក្តៅ ពី សំណាក់ ឯកឧត្តម អ៊ុច បូររិទ្ធប្រធានស្តីទីព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកដោយសារគ្រោះទឹកជំនន់។ ឯកឧត្តម ស្លេះ ពុនយ៉ាមុីនបានបញ្ជាក់ថា ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ ពេលវេលា បើទោះបីជាឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែឯកឧត្តមប្រធានស្តីទីបាន ធ្វើ ការណែនាំដល់ក្រុមការងារ ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានា ដូចជា គ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនោះ ឱ្យបាន ទាន់ ពេលវេលា ។
ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលធ្វើអោយប៉ះពាល់លំនៅដ្ឋាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន បង្ខំចិត្តត្រូវជម្លៀសមកកាន់ទីទួលសុវត្ថិភាពនេះ ។ ទន្ទឹមជាមួយនេះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
ទាំងនេះ បង្ហាញអោយឃើញពីក្តីកង្វល់ របស់រាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ៣៣០ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន៖
អង្ករ ចំនួន១៥ គីឡូក្រាម,មីជាតិ ចំនួន១ កេស,ត្រីខ ចំនួន១ យួរ,ទឹកត្រី ចំនួន ១ យួរ, ប្រេងឆា ចំនួន ១ ដប និងឧបត្ថម្ថវិកាដល់ប្អូនៗ ក្មួយៗ ចំនួន ១លានរៀលផងដែរ។
អំណោយខាងលើតាមរយៈ សមាគមសប្បុរសធម៌អាលអិនសានីយះមូស្លីមកម្ពុជា
អំណោយទាំងអស់មានតម្លៃសរុបចំនួន ២៨,៣៩០,០០០ រៀល។