03/06/2026
គណៈកម្មការទី៧ នៃរដ្ឋសភា ចុះបំពេញបេសកកម្ម និងជំរុញការអភិវឌ្ឍវិស័យគន្លឹះ៤ នៅក្នុងខេត្តកំពង់ឆ្នាំង
--------------
ខេត្តកំពង់ឆ្នាំង៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ រួមជាមួយតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្ត (តំណាងឯកឧត្តមអភិបាលខេត្ត) និងថ្នាក់ដឹកនាំមន្ទីរជំនាញទាំង៤។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅ របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារក្នុងខេត្ត រួមនឹងការប្រមូលព័ត៌មាន ដើម្បីជួយពន្លឿនការអភិវឌ្ឍលើវិស័យទាំង៤ (អប់រំ សាសនា វប្បធម៌ និងទេសចរណ៍) ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការ។ ទន្ទឹមនេះ ដើម្បីប្រមូលមូលដ្ឋានព័ត៌មានច្បាស់លាស់សម្រាប់រដ្ឋសភា ក្នុងការរៀបចំកសាង និងអនុម័ត «ច្បាប់ស្តីពីសាសនា» នាពេលខាងមុខ។
បន្ទាប់ពីការពិភាក្សា និងឆ្លើយឆ្លងសំណួរ-ចម្លើយយ៉ាងផុសផុល គណៈកម្មការទី៧ នៃរដ្ឋសភា បានផ្តល់អនុសាសន៍គន្លឹះៗមួយចំនួន ដូចខាងក្រោម៖
វិស័យវប្បធម៌ និងសាសនា៖ ត្រូវទប់ស្កាត់អាជីវកម្មសាសនា ហាមដាច់ខាតការយកសាសនាធ្វើជាឧបករណ៍ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងត្រូវជំរុញការចុះបញ្ជីដីវត្តអារាមឱ្យបានលឿន ដើម្បីចេញប័ណ្ណកម្មសិទ្ធិ និងទប់ស្កាត់ការសាងសង់សំណង់អនាធិបតេយ្យក្នុងបរិវេណវត្ត ថែរក្សាអភិរក្សអគារបុរាណ និងវប្បធម៌ ព្រមទាំងគិតគូរវែងឆ្ងាយលើការលក់សម្ភារបម្រើឱ្យវិស័យវប្បធម៌ដើម្បីផ្សារភ្ជាប់នឹងសេដ្ឋកិច្ច។
វិស័យទេសចរណ៍៖ ត្រូវអភិវឌ្ឍតំបន់សក្តានុពល ពិសេសតំបន់ជុំវិញបឹងទន្លេសាប ដែលជាសក្តានុពលធំរបស់ខេត្ត លើកកម្ពស់ការពង្រឹងការធ្វើបដិសណ្ឋារកិច្ច មគ្គុទ្ទេសក៍ទេសចរណ៍ និងសេវាម្ហូបអាហារ និងត្រូវបង្កើតការកែច្នៃអ្វីដែលថ្មី ប្លែក និងមានគុណភាព (មិនដដែលៗ) ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះទេសចរណ៍ប្រៀបដូចជា «មាសបៃតង» ជួយឱ្យសេដ្ឋកិច្ចមូលដ្ឋានរីកចម្រើន។
វិស័យអប់រំ យុវជន និងកីឡា៖ ត្រូវបន្តអភិវឌ្ឍនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំ ជំរុញទាំងផ្នែកចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។
ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញទាំង៤ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលយកនូវរាល់អនុសាសន៍ណែនាំដ៏មានតម្លៃទាំងនេះ ទៅអនុវត្តដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/