12/05/2026
ពិធីចុះអនុស្សរណៈយោគយល់គ្នា
--------------------------------------
នៅល្ងាចថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានសហការរៀបចំពិធីចុះអនុស្សរណៈ យោគយល់គ្នា រវាងពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជនិង វិទ្យាស្ថានគរុកោសល្យបាត់ដំបង
ក្រោមព្រះអធិបតីភាពដ៏ខ្ពង់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់បំផុត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ លើការលើកកម្ពស់គុណភាពធនធានអប់រំ និងផ្នែកបច្ចេកទេសឱ្យមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ។ តាមរយៈភាពជាដៃគូនេះ ស្ថាប័នទាំងពីរនឹងរួមគ្នាលើកកម្ពស់សមត្ថភាពរបស់គ្រូឧទ្ទេស បុគ្គលិក និងនិស្សិត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការបណ្តុះបណ្តាល និងការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីដកស្រង់បទពិសោធន៍ និងបង្កើនចំណេះដឹងពីគ្នាទៅវិញទៅមក ។ លើសពីនេះ យើងនឹងជំរុញឱ្យមានការចែករំលែកនូវធនធានអប់រំ ការស្រាវជ្រាវ នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាអប់រំទំនើបៗ ដែលជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងតំបន់ និងក្នុងកម្រិតជាតិ ។ សរុបរួមមក កិច្ចព្រមព្រៀងដែលមានសុពលភាពរយៈពេល ៥ ឆ្នាំនេះ គឺជាជំហានដ៏មានសារៈសំខាន់ក្នុងការកសាងបណ្តាញសហប្រតិបត្តិការយូរអង្វែង ដើម្បីឧត្តមប្រយោជន៍នៃវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៃស្ថាប័នទាំងពីរ ។»