30/05/2026
https://www.facebook.com/share/18hcvmsU9J/?mibextid=wwXIfr
កម្ពុជាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទេសចរណ៍បៃតងពិភពលោក “Travel Green List™ 2026” របស់ទស្សនាវដ្តីល្បីឈ្មោះចក្រភពអង់គ្លេស
=======================
កម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីទេសចរណ៍បៃតង “Travel Green List™ 2026” របស់ទស្សនាវដ្តី Wanderlust ក្នុងនាមជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅតែពីរគត់នៅអាស៊ីអាគ្នេយ៍ រួមជាមួយប្រទេសហ្វីលីពីនផងដែរ ដែលត្រូវបានទទួលស្គាល់ចំពោះការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ។
Wanderlust The Travel Green List គឺជាបញ្ជីឈ្មោះ ឬពានរង្វាន់ប្រចាំឆ្នាំ ដែលរៀបចំឡើងដោយ Wanderlust ដែលជាទស្សនាវដ្តីធ្វើដំណើរ (Travel Magazine) ដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយរបស់ចក្រភភពអង់គ្លេស។
យោងតាមក្រសួងទេសចរណ៍ ដំណើរការនៃការទទួលស្គាល់កម្ពុជា ជាសកលនៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦នេះ គឺមានដំណើរដើមទងបន្តពីកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ទស្សនាវដ្តីទេសចរណ៍ដ៏ល្បី និងបោះពុម្ពច្រើនជាងគេនៅប្រទេសអង់គ្លេស និងតំបន់អឺរ៉ុប Wanderlust Magazine សន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយដល់ប្រជាជនអង់គ្លេស និងពិភពលោក ។ ការសន្យានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី Lyn Hughes សហស្ថាបនិកទស្សនាវដ្តី Wanderlust ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីចាប់តាំងពីឆ្នាំ១៩៩៣ មក និងមានអ្នកអាននាំមុខគេនៅក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប ។ លោកស្រី សហស្ថាបនិកទស្សនាវដ្តី Wanderlust បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបដល់ប្រជាជនអង់គ្លេស និងពិភពលោក។
ក្នុងជំនួបកាលណោះ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញលោកស្រី និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីជ្រាបកាន់តែច្បាស់ពី សក្តានុពលទេសចរណ៍កម្ពុជា ដើម្បីជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល៕
ការដាក់បញ្ចូលក្នុងបញ្ជីនេះ បានផ្ដោតសំខាន់លើគោលដៅទេសចរណ៍ និងគំនិតផ្តួចផ្តើមនានាដែលជំរុញដល់ការអភិរក្សបរិស្ថាន និងគាំទ្រដល់សហគមន៍មូលដ្ឋាន ។ ក្នុងចំណោមសមិទ្ធផលលេចធ្លោរបស់កម្ពុជា រួមមាន រមណីយដ្ឋានតង់បោះជំរំជួរភ្នំក្រវាញ ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ចដែលផ្សារភ្ជាប់នឹងការអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងការពារព្រៃទឹកភ្លៀង ។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាក៏ត្រូវបានបង្ហាញខ្លួននៅក្នុងការធ្វើដំណើរពិសេសដែលមាន ១៥ទំព័ររបស់ទស្សនាវដ្តី Wanderlust ដែលរំលេចពីជីវៈចម្រុះ វប្បធម៌ និងបទពិសោធន៍ធ្វើដំណើរដ៏ពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការទទួលស្គាល់ជាអន្តរជាតិនេះ ធ្វើឡើងចំពេលដែលកម្ពុជាស្ថិតក្នុង «រដូវកាលបៃតង» (Green Season) ដែលជាពេលវេលាធ្វើឱ្យទេសភាពធម្មជាតិទូទាំងប្រទេសប្រែជាមានភាពស្រស់បំព្រង និងខៀវស្រងាត់បំផុត។
👉 ចូលគ្រុប តេលេក្រាម ៖ https://t.me/theonemediakhmer
====================
ចុះផ្សាយ 28/05/2026 ដោយ THE ONE
#ព័ត៌មានជាតិ #សេដ្ឋកិច្ច #ព័ត៌មានអន្តរជាតិ #ព័ត៌មានថ្មីៗ