26/07/2024
នាឱកាសនៃការអញ្ជើញមកដល់របស់ប្រតិភូកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅលើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហានេះ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានទទួលស្វាគមន៍ប្រតិភូកម្ពុជា ដោយរៀបចំជាអាហារសាមគ្គីនៅនិវេសនដ្ឋានរបស់ឯកឧត្តម នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏កក់ក្តៅជាមហាគ្រួសារខ្មែរ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡានេះ និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សម្រាប់ព្រឹត្តិការណ៍អូឡាំពិកនេះ កម្ពុជាមានកីឡាករចំនួន ៣ រូបសម្រាប់ចូលរួមពីរវិញ្ញាសាគឺ ១. វិញ្ញាសាហែលទឹក ៥០០ ម៉ែត្រ និង១០០ ម៉ែត្រ ៖ កីឡាករកូនកាត់ខ្មែរ-បារាំង កូសុង ដឺ ឡាប៉ារ៉ង់ ឣង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន ឣប្សរា កាតារីណា ២. វិញ្ញាសាអត្តពលកម្មចម្ងាយ ៨០០ ម៉ែត្រ គឺ កីឡាករដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន។
កម្ពុជាបានចូលរួមចលនាអូឡាំពិកនៅឆ្នាំ១៩៧២ និងបានខកខានឱកាសចូលរួមចាប់តាំងពីឆ្នាំ១៩៧៥ ដោយសារសង្គ្រាមស៊ីវិល។ រហូតដល់ឆ្នាំ១៩៩៦ ទើបកម្ពុជាមានឱកាសចូលរួមឡើងវិញក្នុងព្រឹត្តិការណ៍កីឡានេះនៅសហរដ្ឋអាមេរិក។ ក្រៅពីវិញ្ញាសាហែលទឹក និងអត្តពលកម្ម កម្ពុជាមានកីឡាប្រកបដោយសក្តានុពលកម្រិតពិភពលោកផ្សេងទៀតដូចជា កីឡាប៉េតង់ និងតៃក្វាន់ដូជាដើម។
មានប្រទេសចំនួន ២០៦ នៅលើពិភពលោកនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ។ កម្ពុជា ពិតមែនថាជាប្រទេសតូច ប៉ុន្តែថ្នាក់ដឹកនាំ ពិសេសសម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ក៏ដូចជាកីឡាករកម្ពុជា នៅតែបន្តខិតខំលើកស្ទួយគុណតម្លៃ និងភាពស្មើមុខស្មើមាត់របស់កម្ពុជាលើឆាកអន្តរជាតិ រួមទាំងក្នុងវិស័យកីឡាផងដែរ។ សម្រាប់ការចូលរួមព្រឹត្តិការណ៍នៅទីក្រុងប៉ារីសនេះ កម្ពុជានឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតលើផ្នែកបច្ចេកទេសកីឡា និងការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក៕