09/06/2018
លោក ញឹក ប៊ុនឆៃ ស្នើតុលាការ ស៊ើបអង្កេត ឲ្យលម្អិត និងផ្ដល់យុត្តិធម៌ ដល់រូបលោក លើសំណុំរឿង គ្រឿងញៀន
*********************************************************************
សៅរ៍, 09 មិថុនា ២០១៨ 10:38 ដោយ: ញ៉ិល សុខសាន ID:113
ភ្នំពេញ៖ បន្ទាប់ពីត្រូវបានដោះលែង ឲ្យមានសេរីភាព បណ្ដោះអាសន្ន និងទើបត្រូវបាន ឡើងកាន់តំណែង ជាប្រធាន គណបក្ស ខ្មែររូបរួមជាតិ ឡើងវិញ លោក ញឹក ប៊ុនឆៃ បានស្នើ ដល់តុលាការ ស៊ើបអង្កេត ឲ្យបានលម្អិត ចំពោះសំណុំរឿង ចោទ ប្រកាន់លោក ពាក់ព័ន្ធការផលិត គ្រឿងញៀន កាលពីឆ្នាំ២០០៧ ធ្វើយ៉ាងណា ផ្ដល់យុត្តិធម៌ ឲ្យបានពេញលេញ ដល់រូបលោក ។
សូមរំលឹកថាលោក លី លីបម៉េង ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែមេសា បានចេញដីកាបង្គាប់ ឲ្យដោះលែង លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ខ្មែររូបរួមជាតិ ឲ្យនៅក្រៅឃុំ បណ្ដោះអាសន្នក្រោយពី លោកត្រូវបានជាប់ឃុំ ក្នុងពន្ធនាគារ អស់រយៈពេលប្រមាណ ៩ខែ ក្រោម បទចោទ សមគំនិត ក្នុងបទផលិត គ្រឿងញៀន និងនាំចូលសារធាតុ សម្រាប់ផ្សំគ្រឿងញៀន ។
លោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សមាជ ជ្រើសតាំងលោកជា ប្រធានគណបក្ស ខ្មែររូបរួមជាតិឡើងវិញ នៅព្រឹកថ្ងៃទី៩ មិថុនានេះថា "ខ្ញុំសូមជម្រាបថា តាំងពីដំបូងមកមានមតិ ជាច្រើនលើកឡើងថា ហេតុអ្វីខ្ញុំមិនគេច ទៅនេះគេចទៅនោះ ចេញទៅក្រៅប្រទេស ខ្ញុំអត់គេចទៅណាទេ ។ ចំពោះករណីនេះមានតែ ខ្ញុំយល់ច្បាស់ ក្នុងចិត្តខ្ញុំ ការប្រព្រឹត្តរបស់ខ្ញុំវាអត់មាន ។ ខ្ញុំច្បាស់ខ្លួនខ្ញុំអីចឹង ហើយបានជាខ្ញុំនៅ ប្រឈមជាមួយច្បាប់ ជាមួយតុលាការ" ។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់បន្ថែមថា "អ្វីដែលសំខាន់ ខ្ញុំសំណូមពរ ដល់តុលាការសូមឲ្យធ្វើការ ស៊ើបអង្កេតឲ្យបាន ហ្មត់ចត់និងត្រឹមត្រូវ ផ្ដល់យុត្តិធម៌ផ្ដល់យុត្តិធម៌ឲ្យខ្ញុំ" ។
ប្រធានគណបក្សខ្មែររូបរួមជាតិ ក៏បានលើកឡើងផងដែរថា ដោយសារតុលាការ ស៊ើបអង្កេតបានហ្មត់ចត់ ហើយរកភស្តុតាង អ្វីដាក់បន្ទុក ឬចោទប្រកាន់លោក ពាក់ព័ន្ធបញ្ហាគ្រឿង ញៀនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមិនបានទើប សម្រេចដោះលែងឲ្យ លោកមានសេរីភាពឡើងវិញ។
លោកបានបញ្ជាក់ថា "មកដល់ពេលនេះឃើញហើយថា រយៈពេល៨ឬ៩ខែកន្លងមកនេះ តុលាការបានធ្វើការស៊ើបអង្កេត បានហ្មត់ចត់ដែលខ្ញុំមើលឃើញ រហូតមកដល់ពេលនេះ មិនមែន ភស្តុតាងអ្វីដែល ដាក់បន្ទុកឬចោទប្រកាន់ខ្ញុំ ជាអ្នកផ្សំគំនិត ឬពាក់ព័ន្ធ ករណីគ្រឿងញៀននោះទេ អីចឹងហើយបានខ្ញុំត្រូវបាន តុលាការដោះលែងឲ្យ មានសេរីភាពឡើងវិញ" ។
សូមជម្រាបថា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក សៀង សុខ កាលពីថ្ងៃទី៦ សីហា ឆ្នាំ២០១៧ បានសម្រេច ចោទប្រកាន់ លោក ញឹក ប៊ុនឆៃប្រធានគណបក្ស ខ្មែររួបរួមជាតិពី បទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុ សម្រាប់ផ្សំគ្រឿងញៀន ។ លោក ញឹក ប៊ុនឆៃ កាលពីបោះឆ្នោត អាណត្តិទី១ ជានាយរង នៃអគ្គសេនាធិការ កងទ័ពខេមរភូមិន្ទ , អាណត្តិទី២ ជាអនុប្រធានទី២ នៃព្រឹទ្ធសភា , អាណត្តិទី៣ ជាឧបនាយករដ្ឋមន្រ្តី និងសហរដ្ឋមន្រ្តី ក្រសួងការពារជាតិ , អាណត្តិទី៤ ជាឧបនាយករដ្ឋមន្រ្តី និងអាណត្តិទី៥ ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី ។
លោក ញឹក ប៊ុនឆៃ ត្រូវបានព្រះមហាក្សត្រ កម្ពុជា បានចេញ ព្រះរាជក្រឹត្យ បញ្ចប់តំណែង ជាទីប្រឹក្សា រាជរដ្ឋាភិបាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីលោកបានទាក់ទង ជាសម្ងាត់ជាមួយ អតីតគណបក្សសង្រ្គោះជាតិ ។ បន្ទាប់ពីបញ្ចប់តំណែង លោក ញឹក ប៊ុនឆៃរួចមកព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងទីប្រឹក្សា រាជរដ្ឋាភិបាលចំនួន ១២ រូប ដែលសុទ្ធសឹងជាមន្រ្តី ជិតស្និទជាមួយ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ខ្មែររូបរួមជាតិ ៕
ប្រភពពី ៖ https://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/75416.html