18/04/2026
សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស មានសេចក្តីបារម្ភជាពន់ពេក បន្ទាប់ពីបានទទួលព័ត៌មានអំពីព្រះរាជសុខភាពរបស់ព្រះអង្គ តាមរយៈព្រះរាជសារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ទូលព្រះបង្គំជាយើងខ្ញុំទាំងអស់គ្នា បានតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត រហូតទទួលដំណឹងបន្ថែម តាមរយៈ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដែលព្រះអង្គត្រូវព្យាបាលដោយ
ការវះកាត់នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ដល់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីនៃទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះអង្គចេក ព្រះអង្គចម គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ
ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំមមី ជាពិសេសព្រះរាជគុណូបការៈ និងបុណ្យកុសលទាំងឡាយដែល
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក
សូមតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមព្រះអង្គទ្រង់ទទួលការព្យាបាលដោយជោគជ័យ ឆាប់បានធូរស្បើយ និងទទួលព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជាអង្វែងតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាការ
ដ៏ខ្ពង់ខ្ពស់បំផុតពីថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់រូប។