Preah Sihanouk Province Investment Promotion Working Group

Preah Sihanouk Province Investment Promotion Working Group ទំព័រផ្លូវការរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អ...
04/09/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទួន ថាវរ:
----------

នារសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទួន ថាវរ: រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ និង ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ ក្នុងជន្មាយុ ៦៨ ឆ្នាំ ដោយរោគាពាធ ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្តុកក្តួល និង សោកស្តាយជាទីបំផុតនេះ, ថ្នាក់ដឹកនាំ និង គណៈប្រតិភូបានសម្តែងនូវក្តីសោកស្រណោះយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ ឯកឧត្តម ទួន ថាវរៈ ដែលជាឧត្តមស្វាមី បិតា បិតាក្មេក និង ជាជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមរបស់ក្រុមគ្រួសារ និង ជាឥស្សរជនឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ នាពេលកន្លងមក ។

ក្នុងពិធីដ៏ក្រៀមក្រំនេះ, ថ្នាក់ដឹកនាំ និង គណៈប្រតិភូបានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និង ចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ ជូនចំពោះ លោកជំទាវ យុង ពិសិដ្ឋា ភរិយានៃសព និង ក្រុមគ្រួសារ ។ ទន្ទឹមនេះ, ថ្នាក់ដឹកនាំ និង គណៈប្រតិភូ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ទួន ថាវរៈ សូមបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាលើការស្នើសុំសម្របសម្រួលលើសំណើវិនិយោគគម្រោងបង្កើតតំ...
01/09/2026

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាលើការស្នើសុំសម្របសម្រួលលើសំណើវិនិយោគគម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ ស្ថិតក្នុងខេត្តព្រះសីហនុ
----------

នារសៀលថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំសម្របសម្រួលលើសំណើវិនិយោគគម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) ស្ថិតនៅក្រុងកំពង់សោម ស្រុកព្រៃនប់ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានផ្តោតការពិភាក្សាលើលើបញ្ហាដីធ្លី និង ស្ថានភាពនៃការកាន់កាប់ដីជាក់ស្តែងនៅទីតាំងដែលបានស្នើសុំវិនិយោគ ។ ជាមួយនេះ, អង្គប្រជុំបានផ្តល់ធាតុចូល ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ នីតិវិធីនៃការគ្រប់គ្រងដីធ្លី និង ភាពស្មុគស្មាញនៃការកាន់កាប់ជាក់ស្តែងនៅទីតាំងនោះ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និង មានសង្គតិភាព មុននឹងឈានដល់ការពិនិត្យលើសំណូមពរផ្សេងៗរបស់ក្រុមហ៊ុន ដែលបានស្នើសុំការសម្របសម្រួល និង ការលើកទឹកចិត្តពិសេសនានាពីរាជរដ្ឋាភិបាល ។

ជាលទ្ធផលនៃកិច្ចពិភាក្សា, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគនេះ ដែលមានសក្តានុពលក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ក្នុងខេត្តព្រះសីហនុ ។ យ៉ាងណាមិញ ដោយសារការស្នើសុំនេះមានការពាក់ព័ន្ធភាគច្រើនទៅនឹងភាពមិនទាន់ច្បាស់លាស់នៃបញ្ហាកាន់កាប់ដីធ្លី ក្រុមការងារបានផ្តល់ការណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និង រដ្ឋបាលខេត្ត ដើម្បីធ្វើការសិក្សា និង សម្របសម្រួលដោះស្រាយ ស្របតាមច្បាប់ និង នីតិវិធី ឱ្យបានច្បាស់លាស់សិន មុននឹងឈានដល់ការពិនិត្យសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត និង ការអនុគ្រោះនានា ៕

គណៈកម្មការអនុវត្តគម្រោងសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានរ...
01/09/2026

គណៈកម្មការអនុវត្តគម្រោងសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានរៀបចំកិច្ចប្រជុំជាលើកដំបូង ដើម្បីពិភាក្សាលើការរៀបចំប្លង់ស្ថាបត្យកម្មមេ សម្រាប់អនុវត្តគម្រោងសាងសង់អគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ
----------

នារសៀលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៦ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការអនុវត្តគម្រោងសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការជាលើកដំបូង ដើម្បីពិភាក្សាលើការរៀបចំប្លង់ស្ថាបត្យកម្មមេ (Master Plan) សម្រាប់អនុវត្តគម្រោងសាងសង់អគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដែលមានទីតាំងស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និង សមាជិក នៃគណៈកម្មការតំណាងក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ជូនអង្គប្រជុំថា កិច្ចប្រជុំនេះមានគោលបំណង ផ្តោតចំណុចគន្លឹះៗលើការរៀបចំ Master Plan អនុវត្តគម្រោងសាងសង់អគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដោយបានសិក្សាគម្រោង និង រចនាបទច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត (កម្ពុជា-ថៃ), ស្ទឹងបត់ (កម្ពុជា-ថៃ), បាវិត (កម្ពុជា-វៀតណាម) និង ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (កម្ពុជា-វៀតណាម) ព្រមទាំងលើកគំរូចំនួនបួនជម្រើស សម្រាប់ការរៀបចំ និង សិក្សា Master Plan នេះឡើង ដោយផ្តោតការយកចិត្តទុកដាក់លើរចនាបទជារបស់ខ្មែរ និង អត្តសញ្ញាណជាតិខ្មែរ ឬ លក្ខណៈសម្គាល់ពិសេស (ខេត្តកណ្តាល) ស្របតាមតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ន ដែលមានសមត្ថកិច្ចនៅច្រកពំដែនអន្តរជាតិជ្រៃធំនេះ ឱ្យបានគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ និង តម្រូវការធនធានហិរញ្ញវត្ថុ ជាពិសេសស្របពេលដែលកម្ពុជា-វៀតណាម បានឯកភាពគ្នាជំរុញការដំឡើងកម្រិតច្រកទ្វារទ្វេភាគីជ្រៃធំ-ខាញ់ប៊ិញ ទៅជាច្រកព្រំដែនអន្តរជាតិ ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ ព្រោះថាច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងតភ្ជាប់ផ្លូវគោកដែលជិតជាងគេបំផុតរវាងរាជធានីភ្នំពេញ ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ទៅកាន់ប្រទេសវៀតណាម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិនិត្យលទ្ធភាពសាងសង់អគារផ្នែករដ្ឋបាលសម្រាប់ជាការិយាល័យត្រួតពិនិត្យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង រៀបចំកន្លែង សម្រាប់ការលើកដាក់ផ្ទេរទំនិញ និង ចំណតរថយន្តដឹកទំនិញ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន មុននឹងឈានទៅសាងសង់គម្រោងទាំងមូល នៅពេលទទួលបានហិរញ្ញប្បទានគាំទ្រ ដោយរៀបចំទៅតាម Master Plan នេះដែរ ។

ជាលទ្ធផល, អង្គប្រជុំបានគាំទ្រ និង ឯកភាពកំណត់យកគំរូនៃជម្រើសទី១ ព្រមទាំងប្រគល់ភារកិច្ចជូនតំណាងក្រសួង-ស្ថាប័ន បន្តពិគ្រោះ និង ផ្តល់ការពិនិត្យអនុម័ត ឬ កែសម្រួល Master Plan រួម, មុននឹងដាក់ឆ្លង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ ៕

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការលើកកម្ពស់បរិយាកាសវិនិយោគ និង ការប្រកួតប្រជែងដោយស្មើភាព សម្...
27/08/2026

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការលើកកម្ពស់បរិយាកាសវិនិយោគ និង ការប្រកួតប្រជែងដោយស្មើភាព សម្រាប់គម្រោងកសិដ្ឋានចិញ្ចឹមសត្វបម្រើឱ្យការស្រាវជ្រាវជីវវេជ្ជសាស្ត្រ
----------

នារសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន ដើម្បីពិភាក្សាលើការលើកកម្ពស់បរិយាកាសវិនិយោគ និង ការប្រកួតប្រជែងដោយស្មើភាព សម្រាប់គម្រោងវិនិយោគកសិដ្ឋានចិញ្ចឹមសត្វបម្រើឱ្យការស្រាវជ្រាវជីវវេជ្ជសាស្ត្រ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, និង លេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើយន្តការអនុវត្តជាក់ស្តែង ដោយបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការគ្រប់គ្រងប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព (Level playing field) តាមរយៈការពង្រឹងអនុលោមភាពរបស់ប្រតិបត្តិករ ។ អង្គប្រជុំបានកត់សម្គាល់អំពីសារៈសំខាន់នៃនីតិវិធីប្រកាសទិន្នន័យនាំចេញឱ្យមានស្តង់ដារួមមួយ ដែលមានលក្ខណៈសមស្រប និង អាចទទួលយកបាន ដោយគ្រប់តួអង្គពាក់ព័ន្ធ ។

អង្គប្រជុំបានឯកភាពប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានជំនាញ និង លេខាធិការដ្ឋានក្រុមការងារ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងវិស័យឯកជន ដើម្បីធ្វើការសិក្សាស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ សំដៅរៀបចំយន្តការអនុវត្ត ដើម្បីគាំទ្រដល់ការប្រកួតប្រជែងប្រកបដោយស្មើភាព សម្រាប់គម្រោងកសិដ្ឋានចិញ្ចឹមសត្វបម្រើឱ្យការស្រាវជ្រាវជីវវេជ្ជសាស្ត្រ ៕

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការបន្តនីតិវិធីពាក់ព័ន្ធនឹងការសម្របសម្រួលការវិនិយោគកសិកម្មលើកា...
27/08/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការបន្តនីតិវិធីពាក់ព័ន្ធនឹងការសម្របសម្រួលការវិនិយោគកសិកម្មលើការដាំស្មៅ ដាំពោត និង ចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ នៅក្នុងខេត្តកំពង់ស្ពឺ
----------

នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើការបន្តនីតិវិធីពាក់ព័ន្ធនឹងការសម្របសម្រួលការវិនិយោគកសិកម្មលើការដាំស្មៅ ដាំពោត និង ចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ នៅក្នុងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ និង ជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ និង មន្ត្រីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានពិនិត្យពិភាក្សាលើខ្លឹមសារ និង លក្ខខណ្ឌនៃកិច្ចសន្យា ដើម្បីធានាឱ្យការអនុវត្តគម្រោងវិនិយោគនេះ អាចប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព ស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំងធានាថា គម្រោងវិនិយោគនេះអាចនាំមកនូវផលប្រយោជន៍រួម សម្រាប់រដ្ឋ វិនិយោគិន និង ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមគោលការណ៍ ឈ្នះ-ឈ្នះ ។

សូមបញ្ជាក់ជូនថា គម្រោងវិនិយោគកសិកម្មនេះ ត្រូវបានរំពឹងថានឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់, ការចូលរួមរបស់សហគមន៍ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និង ការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដែលពាក់ព័ន្ធ ។ ការអភិវឌ្ឍគម្រោងនេះ មានគោលបំណងជំរុញកិច្ចសហការរវាងវិនិយោគិន និង ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីឱ្យផលប្រយោជន៍បានពីការវិនិយោគនេះ អាចចូលរួមគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់វិនិយោគ ។

ជាលទ្ធផល, អង្គប្រជុំបានឯកភាពឱ្យក្រុមការងារពាក់ព័ន្ធបន្តសម្របសម្រួល និង ពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគ ដើម្បីបំពេញលក្ខខណ្ឌនៃកិច្ចសហការវិនិយោគ ឱ្យមានភាពច្បាស់លាស់ សមស្រប និង អាចធានាបាននូវតុល្យភាព រវាងការលើកកម្ពស់ការវិនិយោគ ការបង្កើតការងារ ការអភិវឌ្ឍសហគមន៍ និង អនុលោមភាពតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំក្រុមការងារថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្...
24/08/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំក្រុមការងារថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការថវិកាឆ្នាំ ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
----------

នារសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការថវិកាឆ្នាំ ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ដែលជាប្រធានកម្មវិធី, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកានៃ កសហវ. ក្នុងគោលបំណងពិនិត្យ ពិភាក្សា និង សម្រេចលើគម្រោងផែនការថវិកាឆ្នាំ ២០២៧ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជាកិច្ចចាប់ផ្តើម, ថ្នាក់ដឹកនាំទាំងសងខាង បានគូសបញ្ជាក់អំពីស្ថានភាពសេដ្ឋកិច្ច និង ស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលជាបច្ច័យត្រូវយកចិត្តទុកដាក់ក្នុងការវេចខ្ចប់គម្រោងថវិកា របស់ កសហវ. និង បណ្តាក្រសួង ស្ថាប័ន ។

បន្ទាប់ពីបានឯកភាពលើលទ្ធផលនៃកិច្ចប្រជុំចរចាកម្រិតបច្ចេកទេស និង ពិនិត្យសម្រេចលើគម្រោងថវិការបស់អង្គភាពថវិកា ដែលមានតួលេខព្យួរសុំការសម្រេចពីថ្នាក់ដឹកនាំក្នុងថ្ងៃនេះ ចំនួន ១២ អង្គភាព, ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានផ្តល់ការកត់សម្គាល់លើចំណុចបច្ចេកទេសមួយចំនួន ដើម្បីពង្រឹងការងារថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សំដៅបង្កើនប្រសិទ្ធភាព ភាពសន្សំសំចៃ និង តម្លាភាពថវិកា ៕

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្តុះបណ្តាល និងវិក្រឹតការស្ដីពី «គណនេយ្យសាធារណៈ» ជូនសិក្ខាកាមគោលដៅជារជ្ជទ...
24/08/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្តុះបណ្តាល និងវិក្រឹតការស្ដីពី «គណនេយ្យសាធារណៈ» ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និង រជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង
----------

នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «គណនេយ្យសាធារណៈ» ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និង រជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និង សិក្ខាកាមគោលដៅ សរុបប្រមាណ ១១៥ នាក់ ។

ថ្លែងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គពិធីថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ ក្នុងគោលដៅគឺគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអង្គភាពថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ព្រមជាមួយនឹងការដាក់ឱ្យដំណើរការ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីធ្វើឌីជីថលូបនីយកម្មលើការអនុវត្តថវិកា សំដៅធានា តម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ឱ្យចំគោលដៅ និង ទាន់ពេល ។ ការណ៍នេះ ពុំមែនមានន័យថា សមិទ្ធផលដែលយើងបានសម្រេចក្នុងពេលកន្លងមក ត្រូវបិទបញ្ចប់នូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនោះទេ, ក៏ប៉ុន្តែ ទន្ទឹមនឹងការបន្តឈានទៅសម្រេច «គណនេយ្យភាពសមិទ្ធកម្ម» យើងចាំបាច់ត្រូវបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ និង បង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងខណៈដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរ និង ប្រគល់ទៅឱ្យអង្គភាពថវិកានៃក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ក្នុងបរិការណ៍ដែលកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាប្រឈម ទាំងក្នុង និង ក្រៅប្រទេស, ជាពិសេសការឈ្លានពានពីប្រទេសជិតខាង ដែលពោរពេញដោយមហិច្ឆតា និង មានកម្លាំងសេដ្ឋកិច្ចខ្លាំងជាង, កម្ពុជា ចាំបាច់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែលឿន និង ទូលំទូលាយថែមទៀត សំដៅប្រែក្លាយកម្ពុជា ពីប្រទេសចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។ ដើម្បីសម្រេចគោលដៅនេះ ប្រជាពលរដ្ឋម្នាក់ៗ ជាពិសេស ព្រមទាំងមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណ: ដែលជាសិក្ខាកាមគោលដៅនៃវគ្គសិក្សានេះ ចាំបាច់ត្រូវមានស្មារតីរួម ប្រកបដោយមនសិការជាតិ តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាប្រចាំ ។ ទន្ទឹមនេះ, សិក្ខាកាមម្នាក់ៗ ត្រូវបន្តរួមគ្នាអនុវត្តការងារ ក្នុងស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ដោយផ្ដើមចេញពីការបំពេញភារកិច្ច ឱ្យបានល្អប្រសើរ ស្របតាមមុខងារ និង ភារកិច្ចរៀងៗខ្លួន សំដៅកសាងនូវខឿនការពារជាតិរឹងមាំ ក្នុងនាមជាពលរដ្ឋដែលត្រូវជាម្ចាស់លើជោគវាសនាប្រទេសជាតិ ។

ក្នុងបំណងជំរុញលើកទឹកចិត្តដល់សិក្ខាកាមគោលដៅ ឱ្យខិតខំយកចិត្តរៀនសូត្រ បង្កើនចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈ សំដៅរួមចំណែកធានាប្រសិទ្ធភាព និង ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ថែរក្សាសមិទ្ធផល ដែលសម្រេចបានពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល, សិក្ខាកាមជ័យលាភីលេខ១, លេខ២ និង លេខ៣ នៃកម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលជាមន្រ្តីវ័យក្មេង មានឆន្ទៈកែទម្រង់ខ្ពស់ មានលក្ខណសម្បត្តិគ្រប់គ្រាន់ និង មានសក្ដានុពលលូតលាស់សម្រាប់ការអភិវឌ្ឍសមត្ថភាព នឹងត្រូវទទួលបានការផ្ដល់អាហារូបករណ៍ សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមកម្មវិធីនៃកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យា័យដៃគូជាតិ-អន្តរជាតិ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្នុងបរិការណ៍នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជាឆ្នាំ ២០២១-២០៣១» ដែលបាននិងកំពុងផ្លាស់ប្តូរជាបណ្តើរៗ ពីប្រព័ន្ធគណនេយ្យមូលដ្ឋានសាច់ប្រាក់ ទៅជាប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរ ដោយបានកំណត់យកឆ្នាំ ២០៣១ ជាបង្គោលចរសម្រាប់កម្ពុជា ក្នុងការឈានទៅអនុវត្តប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរពេញលេញ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និង ក្នុងបរិការណ៍ជាក់ស្តែងរបស់កម្ពុជា សំដៅធានាបាននូវការប្រើប្រាស់ធនធាន និង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ៕

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បិទវគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ជូ...
21/08/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បិទវគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ជូនមន្ត្រីរាជការក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
----------

នារសៀល ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបិទ «វគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ» ជូនមន្ត្រីរាជការក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ពិធីបិទវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន សាលាជាតិគយ នៃអគ្គនយកដ្ឋានគយ និងរដ្ឋាករកម្ពជា និង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និង សិក្ខាកាម សរុបប្រមាណ ៤៨០ នាក់ ។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការអបអរសាទរចំពោះសិក្ខាកាម ដែលបានខិតខំរៀនសូត្រ និង បានបញ្ចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដោយជោគជ័យ, ហើយវិញ្ញាបនបត្រដែលដែលសិក្ខាកាមទទួលបាននាថ្ងៃនេះ គឺជាសក្ខីភាពមួយនៃចំណេះដឹងដែលទទួលបានពីវគ្គសិក្សា ដែលជាចំណុចចាប់ផ្តើមដ៏មានអត្ថន័យ នៃអាជីពជាអ្នកបម្រើប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ហើយក៏ជាគ្រឹះដំបូង និង ជាស្ពានសម្រាប់កសាងចំណេះដឹង ចំណេះធ្វើ និង អនាគតនៃអាជីពជាមន្ត្រីរាជការ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គពិធី លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
ទី១. ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ ក្នុងគោលដៅគឺគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអង្គភាពថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ព្រមជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីធ្វើឌីជីថលូបនីយកម្មលើការអនុវត្តថវិកា សំដៅធានាតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ក្នុងការសម្រេចចិត្តឱ្យចំគោលដៅ និង ទាន់ពេល ។ ការណ៍នេះ មានន័យថា សមិទ្ធផលដែលបានសម្រេចក្នុងដំណាក់កាលកន្លងមក មិនទាន់បិទបញ្ចប់ទាំងស្រុងនូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទេ, ក៏ប៉ុន្តែ ទន្ទឹមនឹងការបន្តឈានទៅសម្រេចគោលដៅ «គណនេយ្យភាពសមិទ្ធកម្ម» ចាំបាច់ត្រូវបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ និង បង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយថែមទៀត ក្នុងពេលដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរ និង ប្រគល់ទៅឱ្យអង្គភាពថវិកា នៃក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ក្នុងន័យនេះ, ការកសាងសមត្ថភាពជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ គឺជាការងារចាំបាច់ដែលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ។
ទី២. ពិភពលោកបច្ចុប្បន្ន ពោរពេញដោយភាពមិនប្រាកដប្រជា ដោយសារតែការរង្គោះរង្គើផ្នែកសេដ្ឋកិច្ច, ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ, ការចុះខ្សោយនៃប្រព័ន្ធច្បាប់ និង សណ្ដាប់ធ្នាប់ពិភពលោក, ការរីកចម្រើនឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល, និង ការប្រែប្រួលអាកាសធាតុ ។ ការផ្លាស់ប្តូរខាងលើនេះ បាននិងកំពុងកើតឡើងក្នុងល្បឿនដ៏លឿន និង មិនអាចព្យាករបានជាមុន ។ ក្នុងន័យនេះ, កម្ពុជា ត្រូវការមូលធនមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈកាន់តែច្បាស់លាស់ ដើម្បីអាចឆ្លើយតបឱ្យបានទាន់ពេល និង កាន់តែមានប្រសិទ្ធភាព, ជាពិសេស ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយភាពធន់រឹងមាំ សម្រាប់ទប់ទល់ទៅនឹងវិបត្តិ និង ឆ្លើយតបតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ទី៣. ក្នុងបរិការណ៍ដែលកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាប្រឈម ទាំងក្នុងនិងក្រៅប្រទេស, ជាពិសេសការឈ្លានពានពីប្រទេសជិតខាង ដែលពោរពេញដោយមហិច្ឆតា និង មានកម្លាំងសេដ្ឋកិច្ចខ្លាំងជាង, កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាព ក្នុងការជំរុញសម្ទុះអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែលឿន និង ធំទូលាយថែមទៀត សំដៅប្រែក្លាយពីប្រទេសចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។ ដើម្បីសម្រេចគោលដៅនេះ ប្រជាពលរដ្ឋម្នាក់ៗ ជាពិសេស មន្រ្តីរាជការគ្រប់រូប ចាំបាច់ត្រូវមានស្មារតីរួម ប្រកបដោយមនសិការជាតិ តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈជាប្រចាំ ។ ទន្ទឹមនេះ, មន្រ្តីម្នាក់ៗត្រូវបន្តរួមគ្នាអនុវត្តការងារក្នុងស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ដោយផ្ដើមចេញពីការបំពេញភារកិច្ច ឱ្យបានល្អប្រសើរ ឆ្ពោះទៅសម្រេចគោលដៅ ក្នុងការកសាងនូវខឿនការពារជាតិរឹងមាំ ក្នុងនាមពលរដ្ឋជាម្ចាស់លើជោគវាសនាប្រទេសជាតិ ។
ទី៤. រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណទី១ ក្នុងចំណោមអាទិភាពទាំង៥ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ។ ផ្អែកតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ និង អនុក្រឹត្យលេខ៤៥ ស្ដីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្ត «កម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២៣ មក សំដៅកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា ក្នុងបំណងជំរុញលើកទឹកចិត្តដល់សិក្ខាកាមគោលដៅ ឱ្យខិតខំយកចិត្តរៀនសូត្រ បង្កើនចំណេះដឹង និង សមត្ថភាពវិជ្ជាជីវៈ សំដៅរួមចំណែកធានាប្រសិទ្ធភាព និង ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ថែរក្សាសមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល, សិក្ខាកាមជ័យលាភីលេខ១, លេខ២ និង លេខ៣ នៃកម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលជាមន្រ្តីវ័យក្មេង មានឆន្ទៈកែទម្រង់ខ្ពស់ មានលក្ខណសម្បត្តិគ្រប់គ្រាន់ និង មានសក្ដានុពលលូតលាស់សម្រាប់ការអភិវឌ្ឍសមត្ថភាព នឹងទទួលបានអាហារូបករណ៍ សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមកម្មវិធីសហប្រតិបត្តិការរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យា័យដៃគូជាតិ-អន្តរជាតិ ។

ក្នុងឱកាសនៃពិធីបិទវគ្គនាពេលនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានធ្វើបាឋកថាចែករំលែកចំណេះដឹងស្តីពី «ទ្រឹស្តីមូលដ្ឋានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សភាពការណ៍សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន» ជូនដល់សិក្ខាកាម និង អ្នកចូលរួមទាំងអស់ ដោយបានលើកឡើងអំពីដំណើរវិវត្តនៃសង្គម និង សេដ្ឋកិច្ច ដែលត្រូវបានបង្កើតឡើង ទៅតាមសម័យកាល នៃប្រវតិ្តសាស្រ្តមនុស្សជាតិ ចាប់ផ្តើមពីការកកើតសង្គមមនុស្ស និង សកម្មភាពសេដ្ឋកិច្ច រហូតអភិវឌ្ឍបានមកជា គោលគំនិត ទស្សនៈ រូបមន្ត ទ្រឹស្តិ៍គំរូ ទ្រឹស្តីសេដ្ឋកិច្ច និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលកំពុងបន្តវិវឌ្ឍ ដូចសព្វថ្ងៃនេះ ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពី តួនាទីរដ្ឋ និង សេដ្ឋកិច្ច, ប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗ, និង ដំណើរវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ចនីមួយៗ ដែលតែងតែផ្សារភ្ជាប់ជាមួយនឹងបរិបទសង្គម និង និន្នាការនយោបាយ ក្នុងតំបន់ និង នៅលើពិភពលោក ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចែករំលែកផងដែរ អំពីការវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ច ដំណើរការសេដ្ឋកិច្ច និង សភាពការណ៍សេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ដោយបានឆ្លុះបញ្ចាំងនូវតួនាទី និង ការចូលរួមចំណែកដ៏សំខាន់របស់មន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណើរការនៃការគ្រប់គ្រងថវិកាជាតិ សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដើម្បីស្វែ...
18/08/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដើម្បីស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា
----------

នារសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយលោក តាំង សាំងហេង ប្រធានសមាគម និង លោក Sergey Kuryshev បុគ្គលិកជាន់ខ្ពស់របស់រោងចក្រផលិតរថយន្ត GAZ Group ប្រចាំតំបន់អាស៊ី ដើម្បីចូលជួបសម្តែងការគួរសម និង ស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា ។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះសមាគម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និង ការទូត រវាងកម្ពុជា និង រុស្ស៊ី, ហើយវត្តមានរបស់យីហោរថយន្តដ៏មានកេរ្តិ៍ឈ្មោះ និង ចំណាស់របស់រុស្ស៊ីនៅកម្ពុជា គឺជាការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ល្អផូរផង់ រវាងប្រជាជាតិយើងទាំងពីរ ដែលរុស្ស៊ីធ្លាប់ជាតួអង្គដ៏សំខាន់ក្នុងការស្តារប្រទេសកម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ ៨០ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា វិស័យយានយន្ត គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុងយកចិត្តទុកដាក់ខ្ពស់ និង ផ្តល់ការលើកទឹកចិត្តយ៉ាងទូលំទូលាយ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលទើបតែបានបញ្ចប់ការវាយតម្លៃលើគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និង កំពុងរៀបចំគោលនយោបាយថ្មី សម្រាប់ឆ្នាំ២០២៦-២០៣៥ ដែលក្នុងនោះ ការលើកទឹកចិត្តដល់គម្រោងវិនិយោគដំឡើងយានយន្ត ត្រូវបានកែលម្អកាន់តែប្រសើរ មុតស្រួច និង មានភាពប្រកួតប្រជែងខ្ពស់ ។

ក្នុងឱកាសនោះ, លោក តាំង សាំងហេង និង លោក Sergey Kuryshev បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ និង បានជម្រាបជូនអំពីសក្តានុពលដ៏រឹងមាំរបស់ GAZ Group ដែលជារោងចក្រផលិតរថយន្តដ៏ធំបំផុតមួយ ប្រចាំសហព័ន្ធរុស្ស៊ី ។ ជាមួយនឹងបទពិសោធន៍ជាង ៩០ឆ្នាំ ក្រុមហ៊ុនបាននិងកំពុងនាំចេញរថយន្តទៅកាន់ទីផ្សារ ៤៣ ប្រទេសជុំវិញពិភពលោក និង ទទួលបានជោគជ័យក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅប្រទេសវៀតណាម ។

ដោយមើលឃើញអំពីបរិយាកាសវិនិយោគដ៏ល្អប្រសើរ, លោក Sergey Kuryshev បានគូសបញ្ជាក់ថា ក្រុមហ៊ុនកំពុងសម្លឹងមើលឱកាសពង្រីកទីផ្សារ និង ការវិនិយោគមកកាន់ប្រទេសកម្ពុជា ។ ជាក់ស្តែង ក្នុងឱកាសនៃជំនួបនេះ, ក្រុមហ៊ុនបាននាំយករថយន្តម៉ាក GAZ ចំនួនពីរម៉ូដែល គឺម៉ូដែល GAZELLE CITY និង GAZELLE NEXT CITILINE មកតាំងបង្ហាញផ្ទាល់នៅទីស្តីការក្រសួង ដើម្បីបង្ហាញអំពីនវានុវត្តន៍ និង គុណភាពស្តង់ដាខ្ពស់នៃរថយន្តដែលផលិតដោយ GAZ Group ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគមក្នុងការកៀរគរវិនិយោគិនរុស្ស៊ី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និង ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្ស៊ី ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ចំណាប់អារម្មណ៍របស់យីហោរថយន្តដ៏ល្បីល្បាញរបស់រុស្ស៊ីនាពេលនេះ គឺស្របពេលដែលឧស្សាហកម្មយានយន្តនៅកម្ពុជា កំពុងមានភាពរស់រវើក ដោយបច្ចុប្បន្នមានរោងចក្រផ្គុំ និង ដំឡើងរថយន្ត រហូតដល់ ១៣ គម្រោង កំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជា ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់នូវការសម្របសម្រួលប្រកបដោយតម្លាភាព រហ័ស និង មានប្រសិទ្ធភាព ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចដ៏កក់ក្តៅ ដល់គ្រប់អ្នកវិនិយោគ ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន GAZ Group ក្នុងការសិក្សាសមិទ្ធលទ្ធភាព ដើម្បីឈានទៅបង្កើតរោងចក្រដំឡើងរថយន្ត ឬ ផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ជំរុញការផ្ទេរបច្ចេកវិទ្យា និង បង្កើតការងារជំនាញបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ។

ជំនួបពិភាក្សាការងារនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និង ប្រកបដោយផ្លែផ្កា ។ មុននឹងបញ្ចប់ជំនួប, ឯកឧត្តមបណ្ឌិតសភាចារ្យ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះពិនិត្យរថយន្ត GAZ ដោយផ្ទាល់ ព្រមទាំងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីប្រែក្លាយចក្ខុវិស័យនៃការវិនិយោគរបស់ក្រុមហ៊ុន GAZ Group នៅកម្ពុជា ឱ្យលេចចេញជារូបរាងពិតប្រាកដ នាពេលអនាគតដ៏ខ្លីខាងមុខ ៕

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តយុទ្ធនាការ បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំ...
12/08/2026

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្តយុទ្ធនាការ បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ
----------

រដ្ឋបាលស្រុកចំនួន ១១៥ បន្ថែមទៀត និង អង្គភាពពាក់ព័ន្ធ ទទួលបានបទពិសោធន៍ថ្មី ក្នុងការត្រៀមខ្លួនផ្លាស់ប្តូរពីការប្រើប្រាស់ FMIS Portal ជំនាន់ទី១ ទៅអនុវត្តមុខងារស្នូល FMIS រួមជាមួយនឹង FMIS Portal ជំនាន់ថ្មី ដើម្បីពង្រឹងប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ។ នេះ ជាការបញ្ជាក់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញនៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ” ។

ការបន្តដាក់ឱ្យប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ទៅកាន់រដ្ឋបាលស្រុកដែលនៅសេសសល់ទាំងអស់ នាពេលនេះ គឺ ស្របទៅតាម “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៤ ឆ្នាំ២០២៦-២០៣០” ដើម្បីជួយដល់ថ្នាក់មូលដ្ឋាន ជាពិសេសនៅថ្នាក់ស្រុក ក្នុងការពង្រឹងអភិបាលកិច្ចល្អ ការគ្រប់គ្រងរដ្ឋបាលបានកាន់តែប្រសើរ ពន្លឿនការអនុវត្តគម្រោងអភិវឌ្ឍនានា ដោយមិនមានការរាំងស្ទះដោយសារបញ្ហាថវិកា ចំណែកឯការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើង ហើយវិន័យនៃការអនុវត្តថវិកា ក៏កាន់តែត្រូវបានពង្រឹង និង ជាចុងក្រោយ គឺទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការប្រើប្រាស់មុខងារស្នូល FMIS រួមជាមួយ FMIS Portal ជំនាន់ថ្មី នឹងរួមចំណែកដល់ការបង្កើនភាពជាម្ចាស់នៃប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព វិន័យថវិកា និង ការធ្វើឌីជីថលូបនីយកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តទៀតថា ការងារនេះ នឹងជំរុញដល់ការអនុវត្តថវិការបស់រដ្ឋបាលស្រុក បានទាន់ពេល ដោយអនុវត្តតាមនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដែលជារំហូរនីតិវិធីអនុវត្តប្រតិបត្តិការក្នុង FMIS ជាផ្លូវការ ក្នុងការស្នើសុំ ឬ ទូទាត់ចំណាយ ដោយពុំមានការបញ្ជូនឯកសារនៅខាងក្រៅទៅគ្រប់ដំណាក់កាល រួមទាំងដំណាក់កាលអភិបាលថវិកា និង ដំណាក់កាលគណនេយ្យករសាធារណៈ ហើយការប្រើប្រាស់ឯកសារជាក្រដាសត្រូវបានលុបបំបាត់ ដោយជំនួសមកវិញ នូវប្រតិបត្តិការ ឬ ព័ត៌មានទាញចេញពី FMIS ទាំងស្រុង ដែលល្បឿនប្រតិបត្តិការមានរយៈពេលជាមធ្យម សម្រាប់ការទូទាត់ចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដោយគិតចាប់ពីថ្ងៃស្នើសុំដល់ថ្ងៃទូទាត់ ប្រើប្រាស់ពេលប្រមាណត្រឹម ៤ថ្ងៃ តែប៉ុណ្ណោះ ។

លទ្ធផលទាំងនេះ ក៏បានគាំទ្រដោយចំណាប់អារម្មណ៍ របស់តំណាង រដ្ឋបាលស្រុកខ្សាច់កណ្តាល ដែលបានបង្ហាញអំពីបទពិសោធន៍ និង អត្ថប្រយោជន៍ជាក់ស្ដែង ទទួលបានពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី និង ចំណាប់អាម្មណ៍បន្ថែម របស់តំណាង ក្រសួងមហាផ្ទៃ ។ សមិទ្ធផលទាំងនេះ ជាសក្ខីយភាពមួយនៃការបោះជំហានទៅមុខជាលំដាប់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាចំណែកមួយដ៏សំខាន់ ក្នុងការធានាការបង្កើនគុណភាព និង ប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលស្រុក លើសេវាសង្គម សន្តិសុខ និង រដ្ឋបាលសាធារណៈ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង នយោបាយ សម្រាប់នាំឱ្យសេដ្ឋកិច្ច និង សង្គមកម្ពុជា កាន់តែមានការរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

កម្មវិធីបញ្ជ្រាបការយល់ដឹងលើការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃរដ្ឋបាលស្រុកចំនួន ១១៥ និង អង្គភាពពាក់ព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦ នេះ មានគោលបំណងរៀបចំការងារសម្រាប់ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី លើការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដែលនឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅដើមឆ្នាំ ២០២៧ ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង រដ្ឋបាលស្រុក និង មន្រ្តីជំនាញជាង ៤០០ រូប ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពី អត្ថប្រយោជន៍ និង ការត្រៀមរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធ ជូនរដ្ឋបាលស្រុក ដែលនៅសេសសល់ ប្រកបដោយភាពរលូន និង ជោគជ័យតាមការគ្រោងទុក ។

ក្នុងការសម្រេចឱ្យបាននូវការងារខាងលើនេះ សម្រាប់រដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ និង បុគ្គលិក មន្ត្រីរាជការ នៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ បន្តពង្រឹងភាពជាម្ចាស់ និង អភិវឌ្ឍសមត្ថភាព ជូនមន្រ្តីរាជការទទួលបន្ទុក តាមរយៈ ការចូលរួមវគ្គបណ្តុះបណ្តាល ផ្ដល់កិច្ចសហការ ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការកែលម្អនីតិវិធីអនុវត្តការងារតាម FMIS, និង រួមគ្នាអនុវត្តការងារ ដោយតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ៕

Address

St. 92, Sangkat Wat Phnom, Khan Daun Penh
Phnom Penh

Telephone

+85589726028

Website

Alerts

Be the first to know and let us send you an email when Preah Sihanouk Province Investment Promotion Working Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Preah Sihanouk Province Investment Promotion Working Group:

Shortcuts

Share