15/08/2026
នាថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក អេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ នៃធនាគារជាតិនៃកម្ពុជា បានដឹកនាំសមាជិកក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាក ចំនួន ៣គ្រួសារ ដែលរស់នៅក្នុងភូមិប្រាសាទ ភូមិបន្ទាយយោមរាជ និងភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
អំណោយដែលបាននាំយកមកជូនរួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីចូលរួមសម្រាលបន្ទុកជីវភាព និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងចំណោមគ្រួសារទាំង ៣ មាន ១គ្រួសារ ជាគ្រួសារស្ត្រីមេម៉ាយដែលកំពុងមានជំងឺធ្ងន់ធ្ងរ និងជាភរិយារបស់អតីតយោធិន។